ដោយៈ រ៉ាណេត
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានស្នើសុំនិងលើកទឹកចិត្តដល់រដ្ឋាភិបាលប្រទេសវៀតណាម ជួយជំរុញការបណ្តាក់ទុនវិនិយោគបានជាង៥០០០លានដុល្លារ ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្មនៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។

-->
សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ក្នុងជំនួបជាមួយលោក ង្វៀន វ៉ាន់ណេន លេខាធិការមជ្ឈិមបក្ស និងជាប្រធានខុទ្ទកាល័យមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមកាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះថា កិច្ចទំនាក់ទំនងរវាងកម្ពុជា វៀតណាម គឺមានភាពជិតស្និទ្ធ និងយូរអង្វែងមកហើយ ហើយការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរក៏មានទំហំធំធេងផងដែរ។
សម្ដេចក៏បានមានប្រសាសន៍អំពី ស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា គឺស្ថិតនៅក្នុងភាពរឹងមាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះគឺស្ថិតនៅក្នុងរង្វង់៧ភាគរយ ហើយសម្តេច តេជោ ក៏បានមានប្រសាសន៍អំពីការធ្វើកំណែទម្រង់រយៈពេលនេះ និងរយៈពេលទៅមុខ ហើយកម្ពុជានឹងខិតខំធ្វើយ៉ាងណាពង្រីកទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដើម្បីពង្រីកទំហំពាណិជ្ជកម្មឱ្យបានច្រើនជាងលទ្ធផល ដែលទទួលបាននាពេលបច្ចុប្បន្ននេះ។
ជាកិច្ចឆ្លើយតប លោក ង្វៀន វ៉ាន់ណេន បានបង្ហាញពីក្ដីរីករាយក្នុងភាពសហការជាដៃគូរវាងប្រទេសទាំង២ ហើយក៏ទទួលស្គាល់ពីភាពរីកចម្រើន និងការអភិវឌ្ឍយ៉ើាងឆាប់រហ័សរបស់កម្ពុជាផងដែរ។ ជាមួយគ្នានេះ លោកក៏បានសន្យាពាំនាំនូវគោលបំណងដែលរដ្ឋាភិបាលកម្ពុជាលើកឡើង ទៅធ្វើការផ្សព្វផ្សាយបន្តនៅក្នុងប្រទេសវៀតណាម ដើម្បីជំរុញទឹកចិត្ត អ្នកវិនិយោគឱ្យមកចាប់អារម្មណ៍ចាប់ដៃគូជាមួយកម្ពុជាបន្ថែមទៀត។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ប្រាបតាមទូរស័ព្ទនៅថ្ងៃជាមួយគ្នានេះផងដែរថា បច្ចុប្បន្ននេះវិស័យពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជា ដែលស្ថិតលំដាប់កំពូលគឺវិស័យកសិកកម្ម ហើយក្រៅពីនេះគឺវិស័យទេសចរណ៍ ដែលឈរនៅបន្ទាប់ពីចិន។ លោកឧកញ៉ាបានបន្តទៀតថា ការវិនិយោគដោយផ្ទាល់ នៅក្នុងវិស័យកសិកម្មរបស់វៀតណាមនៅកម្ពុជា គឺដំណាំកៅស៊ូ ហើយចំពោះការនាំចេញពីកម្ពុជា ដោយត្រង់ទៅកាន់វៀតណាម គឺមានដំណាំស្រូវ និងដំឡូង។
លោកឧកញ៉ាបានបន្តទៀតថា កាលពីខែកក្កដាកន្លងទៅនេះ មានគណៈប្រតិភូធុរៈកិច្ចមួយក្រុម ដែលសម្របសម្រួលដោយសមាគមពាណិជ្ជកម្ម វៀតណាមប្រចាំនៅកម្ពុជា បានចូលជួបពិភាក្សាការងារ និងស្វែងរកឱកាសវិនិយោគសហការជាដៃគូជាមួយកម្ពុជា ហើយជាលទ្ធផល យើងទទួលបានផ្លែផ្កាមួយចំនួនពាក់ព័ន្ធ ទៅនឹងការសម្រេចចិត្តចាប់ជាដៃគូជាមួយគ្នា។
លោកឧកញ៉ាលឹម ហេងបានបន្តទៀតថា “ការធ្វើជំនួញជាដៃគូរក្នុងវិស័យឯកជនរវាងប្រទេសទាំង២គឺជារឿងមួយ ប៉ុន្តែនៅពេលដែលមានការជួយជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាលក្នុងការស្វែងរកឱកាស និងទីផ្សារ គឺកាន់តែជួយបន្ថែមកម្លាំងនៅក្នុងវិស័យមួយនេះឱ្យកាន់តែមានភាពខ្លាំងក្លា”៕