សម្តេច​តេ​ជោ​ស្នើឱ្យ​វៀតណាម​ជំរុញ​កំណើន​វិនិយោគ​ផ្ទាល់មក​កម្ពុជា​ឱ្យបានច្រើនជាង ៥ពាន់លាន​ដុល្លារ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បានស្នើ​សុំ​និង​លើកទឹកចិត្ត​ដល់​រដ្ឋាភិបាល​ប្រទេស​វៀតណាម ជួយ​ជំរុញ​ការបណ្តាក់ទុន​វិនិយោគ​បាន​ជាង៥០០០លាន​ដុល្លារ ដើម្បី​លើកកម្ពស់​វិស័យ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ល្អប្រសើរ។

សម្ដេចតេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មានប្រសាសន៍​ក្នុងជំនួប​ជាមួយ​លោក ង្វៀន វ៉ាន់​ណេ​ន លេខាធិការ​មជ្ឈិមបក្ស និង​ជា​ប្រធាន​ខុទ្ទកាល័យ​មជ្ឈិម​បក្សកុម្មុយនិស្ត​វៀតណាម​កាលពី​ព្រឹក​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ​ថា កិច្ចទំនាក់ទំនង​រវាង​កម្ពុជា វៀតណាម គឺមាន​ភាពជិតស្និទ្ធ និង​យូរអង្វែង​មកហើយ ហើយ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ក៏មាន​ទំហំធំធេង​ផងដែរ។

សម្ដេច​ក៏បាន​មានប្រសាសន៍​អំពី ស្ថានភាព​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ស្ថិតនៅក្នុង​ភាពរឹងមាំ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​គឺ​ស្ថិតនៅក្នុង​រង្វង់៧ភាគរយ ហើយ​សម្តេច តេ​ជោ ក៏បាន​មានប្រសាសន៍​អំពី​ការធ្វើកំណែទម្រង់​រយៈពេល​នេះ និង​រយៈពេល​ទៅមុខ ហើយ​កម្ពុជា​នឹង​ខិតខំ​ធ្វើយ៉ាងណា​ពង្រីក​ទំនាក់ទំនង ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ឱ្យបាន​ច្រើនជាង​លទ្ធផល ដែល​ទទួលបាន​នាពេល​បច្ចុប្បន្ននេះ។

ជា​កិច្ច​ឆ្លើយតប លោក ង្វៀន វ៉ាន់​ណេ​ន បានបង្ហាញ​ពី​ក្ដី​រីករាយ​ក្នុង​ភាព​សហការ​ជា​ដៃគូ​រវាង​ប្រទេស​ទាំង២ ហើយក៏​ទទួលស្គាល់​ពី​ភាព​រីកចម្រើន និង​ការអភិវឌ្ឍ​យ៉ើ​ា​ង​ឆាប់រហ័ស​របស់​កម្ពុជា​ផងដែរ។ ជាមួយគ្នានេះ លោក​ក៏បាន​សន្យា​ពាំ​នាំនូវ​គោលបំណង​ដែល​រដ្ឋាភិបាល​កម្ពុជា​លើកឡើង ទៅធ្វើ​ការផ្សព្វផ្សាយ​បន្ត​នៅក្នុង​ប្រទេស​វៀតណាម ដើម្បី​ជំរុញ​ទឹកចិត្ត អ្នកវិនិយោគ​ឱ្យមក​ចាប់អារម្មណ៍​ចាប់​ដៃគូ​ជាមួយ​កម្ពុជា​បន្ថែមទៀត។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹម ហេង  បាន​មានប្រសាសន៍ប្រាប​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ជាមួយគ្នានេះ​ផងដែរ​ថា បច្ចុប្បន្ននេះ​វិស័យ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម និង​កម្ពុជា ដែល​ស្ថិត​លំដាប់​កំពូល​គឺ​វិស័យ​កសិក​កម្ម ហើយ​ក្រៅពីនេះ​គឺ​វិស័យ​ទេសចរណ៍ ដែល​ឈរ​នៅ​បន្ទាប់ពី​ចិន។ លោក​ឧកញ៉ា​បាន​បន្តទៀតថា ការវិនិយោគ​ដោយផ្ទាល់ នៅក្នុង​វិស័យ​កសិកម្ម​របស់​វៀតណាម​នៅ​កម្ពុជា គឺ​ដំណាំ​កៅស៊ូ ហើយ​ចំពោះ​ការនាំ​ចេញពី​កម្ពុជា ដោយ​ត្រង់​ទៅកាន់​វៀតណាម គឺមាន​ដំណាំ​ស្រូវ និង​ដំឡូង។

លោក​ឧកញ៉ា​បាន​បន្តទៀតថា កាលពី​ខែកក្កដា​កន្លងទៅនេះ មាន​គណៈប្រតិភូ​ធុរៈកិច្ច​មួយក្រុម ដែល​សម្របសម្រួល​ដោយ​សមាគម​ពាណិជ្ជកម្ម វៀតណាម​ប្រចាំ​នៅ​កម្ពុជា បាន​ចូលជួប​ពិភាក្សា​ការងារ និង​ស្វែងរក​ឱកាស​វិនិយោគ​សហការ​ជា​ដៃគូ​ជាមួយ​កម្ពុជា ហើយ​ជា​លទ្ធផល យើង​ទទួលបាន​ផ្លែផ្កា​មួយចំនួន​ពាក់ព័ន្ធ ទៅនឹង​ការសម្រេចចិត្ត​ចាប់​ជា​ដៃគូ​ជាមួយគ្នា។

លោក​ឧកញ៉ា​លឹម ហេង​បាន​បន្តទៀតថា “ការធ្វើ​ជំនួញ​ជា​ដៃគូរ​ក្នុង​វិស័យ​ឯកជន​រវាង​ប្រទេស​ទាំង២គឺជា​រឿង​មួយ ប៉ុន្តែ​នៅពេល​ដែលមាន​ការជួយ​ជ្រោមជ្រែង​ពី​សំណាក់​រាជរដ្ឋាភិបាល​ក្នុងការ​ស្វែងរក​ឱកាស និង​ទីផ្សារ គឺ​កាន់តែ​ជួយ​បន្ថែម​កម្លាំង​នៅក្នុង​វិស័យ​មួយ​នេះ​ឱ្យ​កាន់​តែមាន​ភាពខ្លាំង​ក្លា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here