ដោយៈ រ៉ាណេត
ភ្នំពេញៈ ការទិញ ឬការវិនិយោគទៅលើវិស័យលំនៅដ្ឋាន ក៏ដូចជាវិស័យដីធ្លីហាក់មិនមានផលលំបាកនោះទេ ពោគឺឱ្យតែមានដើមទុនគ្រប់គ្រាន់ជាការស្រេច។ ប៉ុន្តែបន្ទាប់ពីការទិញ ហើយចង់លក់ចេញវិញក្នុងរយៈពេលដ៏ខ្លី និងអាចចំណេញបានថែមទៀតនោះទើបជារឿងដែលពិបាកនឹងធ្វើ។
ជាការចូលរួមចែករំលែកនូវបទពិសោធន៍ នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service ដែលមានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំបានបង្ហើបប្រាប់ពីគន្លឹះមួយចំនួនដូចខាងក្រោម។
-->
អគ្គនាយិកាក្រុមហ៊ុន AMATAK Property Service Co, Ltd លោកស្រីតាំង ហួរ បានមានប្រសាសន៍ឱ្យដឹងថា ការទិញដី ឬផ្ទះ មិនសុទ្ឋតែទទួលបានផលចំណេញទេ ព្រោះផ្ទះ ឬដីខ្លះទិញហើយមិនត្រឹមលក់មិនចេញទេ តែអាចនាំឱ្យខាតបង់ប្រាក់ និងពេលវេលាទៀតផង។ ហេតុនេះការទិញដី ឬផ្ទះដើម្បីបានចំណេញច្រើន និងលឿនគួរទិញដីនៅតាមផ្លូវក្រវ៉ាត់ក្រុង នៅពេលទទួលបានព័ត៌មានមុនគេ ទិញមុនគេ នឹងទទួលបានផលចំណេញច្រើន។
លោកស្រីបានបន្តថា “អ្នកទិញដី ឬផ្ទះក៏ត្រូវគិតពីស្ថានភាពជាក់ស្ដែងនៃតម្រូវការក្នុងតំបន់ផងដែរ ព្រោះការចេះមើល និងសង្កេតពីតម្រូវការគឺមានសារៈសំខាន់ណាស់។ លោកស្រីបន្តថា “ការទិញដីនៅជាយក្រុង ដែលមានចម្ងាយ ២០-៣០ គីឡូម៉ែត្រពីទីក្រុង និងជាតំបន់អភិវឌ្ឍន៍ មានមនុស្សច្រើនរស់នៅ ក៏យើងទទួលបានផលចំណេញខ្ពស់ផងដែរ។ លោកស្រីបានបញ្ជាក់ថា “មិនថាចំពោះដី ឬផ្ទះនោះទេ គឺចាំបាច់ត្រូវតែស្ថិតនៅជាប់ផ្លូវ បើជាផ្លូវធំមានការធ្វើចរាចរណ៍ច្រើនទៀត កាន់តែងាយស្រួលក្នុងការលក់ ហើយបានតម្លៃខ្ពស់ទៀតផង។
លោកស្រីបន្តថា ដើម្បីទទួលបានព័ត៌មានល្អ និងដឹងពីមូលដ្ឋានអចលនវត្ថុ គួរតែមានការពិគ្រោះយោបល់ ពិភាក្សាជាមួយអ្នកជំនាញអចលនវត្ថុជាមុន មុនសម្រេចចិត្តវិនិយោគទើបជាការល្អប្រសើរ ដើម្បីបញ្ចៀសហានិភ័យ និងទទួលបានផលចំណេញលឿនពីការវិនិយោគរបស់ខ្លួន៕