ដោយ វុត្ថា
ហ្វីលីពីនៈ ក្រុមហ៊ុន ArthaLand Corporation (ALCO) ដែលជាក្រុមហ៊ុនអចលនទ្រព្យហ្វីលីពីន កាលពីពេលថ្មីៗនេះបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Mitsubishi Estate Company, Ltd. (MEC) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេមួយនៅក្នុងប្រទេសជប៉ុន ក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅក្នុងប្រទេសហ្វីលីពីន។

-->
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NIKKEI ASEAN REVIEW បានឱ្យដឹងនៅថ្ងៃទី២០ ខែសីហានេះថា កិច្ចព្រមព្រៀងនេះ នឹងក្លាយជាការបណ្តាក់ទុនលើកដំបូងរបស់ក្រុមហ៊ុន Mitsubishi Estate នៅក្នុងប្រទេសហ្វីលីពីន។ ក្រុមហ៊ុន Mitsubishi Estate ទទួលបានភាគហ៊ុនពីក្រុមហ៊ុន ALCO ចំនួន ៤០ភាគរយលើគម្រោងអភិវឌ្ឍន៍ Savya Land Development Corporation ដែលកំពុងអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុ Savya Financial Center នៅក្នុងទីក្រុង Taguig City។
លោក Yutaro Yotsuzuka នាយកគ្រប់គ្រងក្រុមហ៊ុន Mitsubishi Estate Asia បានឱ្យដឹងថា ក្រុមហ៊ុនមានភាពរីករាយ ដែលបានចូលរួមអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងទីផ្សារហ្វីលីពីន និងសហការជាមួយដៃគូល្អគឺក្រុមហ៊ុន ALCO ។ ក្រុមហ៊ុន ArthaLand មានបទពិសោធន៍ច្រើន ក្នុងការផ្តល់នូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដល់សង្គមហ្វីលីពីន។
យោងតាមល័ក្ខខ័ណ្ឌនៃភាពជាដៃគូរវាងក្រុមហ៊ុន ArthaLand នឹងដឹកនាំក្នុងការគ្រប់គ្រងប្រតិបត្តិការរបស់គម្រោង ខណៈពេលដែលក្រុម Mitsubishi Estate Asia នឹងផ្តល់ជំនាញរបស់ខ្លួនដើម្បីធ្វើឱ្យប្រសើរឡើងនូវតម្លៃគម្រោង។
លោក Jaime C. González អនុប្រធានក្រុមហ៊ុន ArthaLand បានឱ្យដឹងដែរថា យើងមានកិត្តិយសណាស់ ដែលត្រូវបានជ្រើសដោយក្រុមហ៊ុន Mitsubishi Estate ក្នុងការធ្វើជាដៃគូបណ្តាក់ទុនលើកដំបូងនៅក្នុងប្រទេសហ្វីលីពីន ហើយជាក្រុមហ៊ុនមានបទពិសោធន៍ជាង ១០០ឆ្នាំក្នុងការអភិវឌ្ឍអចលនទ្រព្យ ការស្រាវជ្រាវស្ថាបត្យកម្ម និងការរចនា។
បើតាមក្រុមហ៊ុន Mitsubishi Estate ថា ប្រទេសហ្វីលីពីនកំពុងតែមានកំណើនសេដ្ឋកិច្ចរីកចំរើនខ្ពស់ ជាងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន៕