សាធារណរដ្ឋ​ឆែក​គ្រោង​ពង្រីក​ការហោះហើរ​ត្រង់​មកកាន់​ប្រទេស​កម្ពុជា

0

ដោយ ប៊ី

សៀមរាបៈ កម្ពុជា និង​សាធារណរដ្ឋ​ឆែក នឹង​ពង្រីក​ការហោះហើរ​របស់​អាកាស​ចរណ៍​ឆែក​មក​ប្រទេស​កម្ពុជា ខណៈ​កម្ពុជា​បាន​ស្នើសុំ​សាធារណរដ្ឋ​ឆែក​ធ្វើយ៉ាងណា​ជួយ​ផ្សព្វផ្សាយ​អំពី​សក្កា​នុព​ល​ទេសចរណ៍​កម្ពុជា ដល់​ភ្ញៀវទេសចរ​សាធារណរដ្ឋ​ឆែក។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប និង​លោក Marek Libricky ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ឆែក​ប្រចាំ​កម្ពុជា ភាគី​ទាំង​ពីរបាន​ផ្តោតទៅលើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម ដែល​ជំនួប​ពិភាក្សា​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅ​សាលា​ខេត្តសៀមរាប។

ជាមួយនឹង​វិស័យ​ទេសចរណ៍ លោក Marek Libricky បាន​ឲ្យ​ដឹងថា សាធារណរដ្ឋ​ឆែក នឹង​ពង្រីក​ការហោះហើរ​របស់​អាកាស​ចរណ៍​ឆែក​មក​ប្រទេស​កម្ពុជា និង​បាន​ជម្រាបជូន​ដល់​អាជ្ញាធរខេត្ត​ផងដែរ អំពី​ការស្នើសុំ​ធ្វើការ​ផ្សព្វផ្សាយ និង​ជំរុញ​ប្រជាជន​ឆែក​មក​ធ្វើ​ទេសចរ​នៅ​កម្ពុជា សំខាន់​នៅ​ខេត្តសៀមរាប​នេះ គឺ​លោក​មាន​ភារកិច្ច​ជា​អ្នក​ផ្សព្វផ្សាយ​ពី​ប្រទេស​ឆែក​មក​កម្ពុជា មិនមែន​ពី​កម្ពុជា​ទៅ​សាធារណរដ្ឋ​ឆែក​នោះឡើយ។

ក្រៅពីនោះ​លោក Marek Libricky ក៏បាន​ផ្តោត​ផងដែរ​អំពី​ការងារ​ទឹក​កខ្វក់​នៅ​ខេត្តសៀមរាប ដែល​លោក​អភិបាលរង​ខេត្ត​បានលើកឡើង​ពី​គម្រោង​នោះ គឺ​ទីភ្នាក់ងារ​សម្រាប់​ការ​អភិ​ឌ្ឍ​ឆែក​បាននិងកំពុង​ធ្វើកា​រ​ពិនិត្យ និង​វាយតម្លៃ​ទៅលើ​គម្រោង​នេះ​ផងដែរ។

លោក​ពិន ប្រាកដ បានលើកឡើង​អំពី​ស្ថានភាព​ភូមិសាស្ត្រ និង​សន្តិសុខ​សេដ្ឋកិច្ច​របស់​ខេត្ត ដោយ​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម និង​ទេសចរណ៍។ លោក​បាន​បញ្ជាក់ថា ក្នុង​ខេត្តសៀមរាប​មាន​ប្រជាពលរដ្ឋ​ប្រមាណ៨២ភាគរយ ជា​ប្រជាកសិករ ហើយ​ខេត្តសៀមរាប​សម្បូរ​ទៅដោយ​សម្បត្តិ​វប្បធម៌​ដ៏​សម្បូរបែប មាន​ប្រាង្គ​ប្រាសាទ និង​រមណីយដ្ឋាន​ធម្មជាតិ ដែលជា​ប្រភព​ទាក់ទាញ​ភ្ញៀវទេសចរ។

លោក​បានបញ្ជាក់​ផងដែរ​ថា កំណើន​នៃ​ភ្ញៀវទេសចរ​ចូលមក​ទស្សនា​កម្សាន្ត​នៅ​ខេត្តសៀមរាប ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំមាន​ការកើនឡើង។ លោក​ក៏បាន​ស្នើ​សុំឱ្យ​ឯកអគ្គរដ្ឋទូត​ឆែក ធ្វើយ៉ាងណា​ជួយ​ផ្សព្វផ្សាយ​អំពី​សក្កា​នុព​ល​ទេសចរណ៍ ខេត្តសៀមរាប ក៏ដូចជា​សក្តានុពល​ទេសចរណ៍​របស់​កម្ពុជា ដល់​ភ្ញៀវទេសចរ​សាធារណរដ្ឋ​ឆែក និង ជួយផ្តល់​នូវ​ដំណោះស្រាយ​លើ​បច្ចេកទេស​កសិកម្ម ការពង្រឹង​គុណភាព​ផលិត និង​តម្លៃ​ទីផ្សារ។ ក្រៅពីនោះ​ក៏​សូម​ឱ្យជួយ​ផងដែរ ការគ្រប់គ្រង​កាកសំណល់​វាវ និង​ធ្វើ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​មុននឹង​បង្ហូរ​ចូលក្នុង​ស្ទឹង ទន្លេ។

ដោយឡែក លោក Marek Libricky បានឱ្យដឹងថា លោក​ចង់ឱ្យ​វិស័យ កសិកម្ម​នៅ​កម្ពុជា ជាពិសេស​ខេត្តសៀមរាប​មាន​លក្ខណៈ​ទំនើប ព្រមទាំង​មាន​រោងចក្រ​ក្នុងការ​ផលិត​រាល់​កសិផល​ដែល​ប្រជាកសិករ​ផលិត​បាន និង​មាន​ទីផ្សារ​លក់​នូវ​កសិផល​ទាំងនោះ​ផងដែរ៕

អានបន្ត៖ កម្ពុជា​ស្នើ​សមាជិក​អាស៊ាន​ខំប្រឹង​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ និង​ពង្រីក​ការហោះហើរ​ត្រង់​

LEAVE A REPLY

Please enter your comment!
Please enter your name here