ដោយ ប៊ី
សៀមរាបៈ កម្ពុជា និងសាធារណរដ្ឋឆែក នឹងពង្រីកការហោះហើររបស់អាកាសចរណ៍ឆែកមកប្រទេសកម្ពុជា ខណៈកម្ពុជាបានស្នើសុំសាធារណរដ្ឋឆែកធ្វើយ៉ាងណាជួយផ្សព្វផ្សាយអំពីសក្កានុពលទេសចរណ៍កម្ពុជា ដល់ភ្ញៀវទេសចរសាធារណរដ្ឋឆែក។
នៅក្នុងជំនួបពិភាក្សាការងាររវាងលោកពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងលោក Marek Libricky ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា ភាគីទាំងពីរបានផ្តោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ និងវិស័យកសិកម្ម ដែលជំនួបពិភាក្សានេះបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប។
-->
ជាមួយនឹងវិស័យទេសចរណ៍ លោក Marek Libricky បានឲ្យដឹងថា សាធារណរដ្ឋឆែក នឹងពង្រីកការហោះហើររបស់អាកាសចរណ៍ឆែកមកប្រទេសកម្ពុជា និងបានជម្រាបជូនដល់អាជ្ញាធរខេត្តផងដែរ អំពីការស្នើសុំធ្វើការផ្សព្វផ្សាយ និងជំរុញប្រជាជនឆែកមកធ្វើទេសចរនៅកម្ពុជា សំខាន់នៅខេត្តសៀមរាបនេះ គឺលោកមានភារកិច្ចជាអ្នកផ្សព្វផ្សាយពីប្រទេសឆែកមកកម្ពុជា មិនមែនពីកម្ពុជាទៅសាធារណរដ្ឋឆែកនោះឡើយ។
ក្រៅពីនោះលោក Marek Libricky ក៏បានផ្តោតផងដែរអំពីការងារទឹកកខ្វក់នៅខេត្តសៀមរាប ដែលលោកអភិបាលរងខេត្តបានលើកឡើងពីគម្រោងនោះ គឺទីភ្នាក់ងារសម្រាប់ការអភិឌ្ឍឆែកបាននិងកំពុងធ្វើការពិនិត្យ និងវាយតម្លៃទៅលើគម្រោងនេះផងដែរ។
លោកពិន ប្រាកដ បានលើកឡើងអំពីស្ថានភាពភូមិសាស្ត្រ និងសន្តិសុខសេដ្ឋកិច្ចរបស់ខេត្ត ដោយពឹងផ្អែកលើវិស័យកសិកម្ម និងទេសចរណ៍។ លោកបានបញ្ជាក់ថា ក្នុងខេត្តសៀមរាបមានប្រជាពលរដ្ឋប្រមាណ៨២ភាគរយ ជាប្រជាកសិករ ហើយខេត្តសៀមរាបសម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏សម្បូរបែប មានប្រាង្គប្រាសាទ និងរមណីយដ្ឋានធម្មជាតិ ដែលជាប្រភពទាក់ទាញភ្ញៀវទេសចរ។
លោកបានបញ្ជាក់ផងដែរថា កំណើននៃភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើង។ លោកក៏បានស្នើសុំឱ្យឯកអគ្គរដ្ឋទូតឆែក ធ្វើយ៉ាងណាជួយផ្សព្វផ្សាយអំពីសក្កានុពលទេសចរណ៍ ខេត្តសៀមរាប ក៏ដូចជាសក្តានុពលទេសចរណ៍របស់កម្ពុជា ដល់ភ្ញៀវទេសចរសាធារណរដ្ឋឆែក និង ជួយផ្តល់នូវដំណោះស្រាយលើបច្ចេកទេសកសិកម្ម ការពង្រឹងគុណភាពផលិត និងតម្លៃទីផ្សារ។ ក្រៅពីនោះក៏សូមឱ្យជួយផងដែរ ការគ្រប់គ្រងកាកសំណល់វាវ និងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរចូលក្នុងស្ទឹង ទន្លេ។
ដោយឡែក លោក Marek Libricky បានឱ្យដឹងថា លោកចង់ឱ្យវិស័យ កសិកម្មនៅកម្ពុជា ជាពិសេសខេត្តសៀមរាបមានលក្ខណៈទំនើប ព្រមទាំងមានរោងចក្រក្នុងការផលិតរាល់កសិផលដែលប្រជាកសិករផលិតបាន និងមានទីផ្សារលក់នូវកសិផលទាំងនោះផងដែរ៕
អានបន្ត៖ កម្ពុជាស្នើសមាជិកអាស៊ានខំប្រឹងបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងពង្រីកការហោះហើរត្រង់