រដ្ឋាភិបាល​កំពុង​សិក្សា​លើ​គំរោង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ធំ​ចំនួន ៣បន្ថែមទៀត

0

ដោយ​ វុត្ថា

ភ្នំពេញៈ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​នឹង​កំពុង​សិក្សា​ហេ​ដ្ឋា​ន​ដឹកជញ្ជូនធំៗចំនួន       ៣ ដើម្បី​ឆ្លើយតប​ទៅនឹង​ការឡើង​នៃ​ការដឹកជញ្ជូន​ទំនិញ ការធ្វើ​ចរាចរណ៍ និង​កំណើន​សេដ្ឋកិច្ចកម្ពុជា។

លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បានឱ្យដឹង​នៅក្នុង​ពិធីបើកការដ្ឋាន​ជួសជុល​ផ្លូវ​ខេត្ត​ចំនួន​ពីរ​ខ្សែ គឺ​ផ្លូវ​លេខ១៤៦បេ​ប្រវែង៣៥៨០ម៉ែត្រ និង​ផ្លូវ​លេខ១៤៨ ប្រវែង២៣២០ម៉ែត្រ ដោយ​ក្រាល​កៅស៊ូ DBST នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៩ នេះ​ថា ហេដ្ឋារចនាសម្ព័ន្ធធំៗដែល​ក្រសួង​បាន​នឹង​កំពុង​សិក្សា​រួមមាន ផ្លូវ​ក្រវាត់ក្រុង​ទី៤ ផ្លូវ​ក្រវ៉ាត់​ក្រុង​សៀមរាប និង​ពង្រីក​កំពង់ផែ​ស្វា​យ័​ត​ក្រុងព្រះសីហនុ​ដើម្បីឱ្យ​កា​ប៉ាល់ធំៗអាច​ចុះចត​បាន។

លោក​ស៊ុន ចាន់ថុល​បន្តថា ការសិក្សា​ហេដ្ឋារចនាសម្ព័ន្ធ​នាពេលនេះ ក្នុង​ការត្រៀម​អនុវត្ត​នាពេលខាងមុខ​ដ៏​ខ្លី ដើម្បីឱ្យ​តម្លៃ​នៃ​ការដឹកជញ្ជូន​នៅ​កម្ពុ​ជាមាន​តម្លៃថោក ដោយសារ​តម្លៃ​ដឹកជញ្ជូន​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ននេះ​មានតម្លៃ​ថ្លៃ ហើយ​មានការ​ចំណាយពេល​យូ​ក្នុងការ​ដឹកជញ្ជូន និង​ថវិការ​ច្រើន​លើ​បញ្ហា​នេះ។

លោក​បន្តថា ដូច្នេះហើយ​បាន​រដ្ឋាភិបាល​បាន​ស្វែងរក​ថវិកា និង​និតិ​វិធី​ដើម្បី​កាត់បន្ថយ​ទាំង​ការចំណាយ​ថវិកា និង​ពេលវេលា​ដើម្បីឱ្យ​ការដឹក​ទំនិញ​របស់​ក​ម្ពុ​ជា​អាច​ទៅ​យកទៅលក់​នៅក្រៅ​ប្រទេស​ឱ្យបាន​ទាន់ពេលវេលា។

លោក​ស៊ុន ចាន់ថុល​បាន​បន្ថែមថា មាន​ទំនិញ​ខ្លះ​មិនបាន​ឡើងលើ​កា​ប៉ាល់​ទេ ហើយ​កា​ប៉ាល​ចេញ​ចោល ដោយសារតែ​រថយន្ត​ដឹកទំនិញ​មានការ​កកស្ទះ មិនបាន​ទៅ​ទាន់ពេលវេលា ហើយ​នេះ​គឺជា​ការខាតបង់​ថវិការ​ជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។ ដូច្នេះ ហើយ​បានជា​រដ្ឋាភិបាល ខិតខំ​ប្រឹងប្រែង​ស្វែងរក​ថវិកា​ទាំង​កម្ចី និង​ជំនួយ​ពី​បរទេស​ដើម្បី​យកមក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នា នៅ​កម្ពុជា​អោយ​ល្អ​មួយកម្រិត​ថែមទៀត។

ក្រៅពីនេះ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​នឹង​កំពុង​ជុស​ជួល និង​ស្តារឡើងវិញ និង​ត្រៀម​សម្ពោធ​កសាង់​ផ្លូវ​សំខាន់​នានា នៅ​ទូទាំងប្រទេស​កម្ពុជា​ឱ្យមាន​ភាពល្អ​ប្រសើរឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​កាត់បន្ថយ​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ រួមជាមួយ​ការដឹកជញ្ជូន​ទំនិញ​កាន់តែ​លឿន​មួយកម្រិត​ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here