ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណៈការ នឹងដឹកជញ្ជូនបានគូសបញ្ជាក់សារជាថ្មីថា ផ្លូវជាតិលេខ៤ គ្រោងនឹងចាប់ផ្តើមពង្រីកចាក់កៅស៊ូអមសងខាងផ្លូវនៅដើមឆ្នាំ ២០២០ ខាងមុខនេះ ក្រោមថវិកាកម្ចីឥណទានពីធនាគារពិភពលោកចំនួន១១០ លានដុល្លារអាមេរិក។

-->
លោក ស៊ុន ចាន់ថុលទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងនៅក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវខេត្តចំនួនពីរខ្សែ នៅខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៩ នេះថា បច្ចុប្បន្ននេះផ្លូវជាតិលេខ៤ បានចាក់កៅស៊ូបានត្រឹមតែ៧ម៉ែត្រប៉ុណ្ណោះ ដែលនៅសេសសល់នៅក្រហមនៅសងខាងផ្លូវ។
លោកស៊ុន ចាន់ថុលបន្តថា គម្រោងពង្រីកផ្លូវជាតិលេខ៤នេះ ត្រូវបានសិក្សាចប់សព្វគ្រប់រួចរាល់អស់ហើយ និងត្រូវដាក់ឱ្យដេញថ្លៃស្ថាបនា នៅខែវិច្ឆិកាឆ្នាំ២០១៩ ខាងមុខនេះ ហើយនឹងបើកការរដ្ឋានសាងសង់នៅដើមឆ្នាំ២០១២០ផងដែរ។
លោករដ្ឋមន្ត្រីបន្ថែមថា ថវិកា១១០លានដុល្លារនេះ នឹងត្រូវចំណាយលើការចាក់កៅស៊ូនៅលើផ្លូវគ្រួសក្រហមនៅអមសង់ខាងផ្លូវ និងស្តារផ្លូវជាតិលេខ៤នេះឡើងវិញដើម្បីសម្រួលដល់ការកកស្ទះ និងកាត់បន្ថយគ្រោះចរាចរណ៍ ដែលធ្វើដំណើរនៅតាមបណ្តោយផ្លូវនេះ។
បើតាមលោករដ្ឋមន្ត្រី ការពង្រីកផ្លូវជាតិលេខ៤នេះ នឹងត្រូវប្រើពេលប្រមាណ៤៨ ខែ ពោលគឺនឹងបញ្ចប់នៅក្នុងឆ្នាំ២០២២ ។
ផ្លូវជាតិលេខ៤ជាផ្លូវសេដ្ឋកិច្ច និងជាសរសៃឈាមក្នុងការដឹកជញ្ជូន ហើយការកែលម្អពង្រីកផ្លូវនេះ គឺមិនប៉ះពាល់ដល់ការស្ថាបនាផ្លូវល្បឿនលឿននោះទេ ដោយសារតែផ្លូវល្បឿនលឿនជាការវិនិយោគ ដោយក្រុមហ៊ុនចិនទៅលើខ្សែផ្លូវថ្មីផ្សេងមួយទៀត។

កាលពីដើមខែកក្កដា ឆ្នាំ២០១៨នេះ ធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ឥណទានសម្បទាន សម្រាប់គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ជំហានទី២ ជាហិរញ្ញប្បទានបន្ថែមលើគម្រោងបច្ចុប្បន្ន ដែលគ្រោងចំណាយថវិកាសរុបចំនួន ១១០លានដុល្លារ សម្រាប់វិនិយោគលើការស្តារ និងពង្រីកផ្លូវជាតិលេខ៤ពីរាជធានីភ្នំពេញ ដល់ទីរួមខេត្តព្រះសីហនុ ក្នុងប្រវែងសរុប២០៦គីឡូម៉ែត្រ ដោយពង្រីកតួផ្លូវបច្ចុប្បន្នពីទំហំ៧ម៉ែត្រ ឱ្យដល់១១ម៉ែត្រ និងចាក់អ៊ុតកៅស៊ូប្រភេទ Asphalt Concret – AC ៕