ផ្សារ​ទំនើប​សេន ជូ​រី​ផ្លា​ហ្សា​ចាប់ផ្តើម​ដំណើរការ​សាងសង់​ជាមួយនឹង​ការរចនា​ដ៏​ទាក់ទាញ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ បន្ទាប់ពី​មាន​ភាពចម្រូងចម្រាស់ ដែល​កើតចេញពី​បណ្តា​អាជីវករ​លក់ដូរ​នៅ​ផ្សារ សេន ជូ រី ស្ថិតនៅ​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី ប្រឆាំង​ទៅនឹង​គម្រោង​ប្រែក្លាយ​ផ្សារ​ប្រពៃណី​ដ៏​ចំណាស់​មួយ​នេះ ទៅជា​ផ្សារ​ទំនើប​កម្ពស់៧ជាន់​នោះ ពេលនេះ​ត្រូវបាន​ក្រុមហ៊ុន​ម្ចាស់​គម្រោង និង​អជ្ញាធរ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ធ្វើការ​សម្របសម្រួល​ដើម្បី​ឈានទៅ​ចាប់ផ្តើម​សាងសង់​គំរោង​នេះហើយ។

នៅត្រឹម​រយៈពេល​សប្ដាហ៍​ចុងក្រោយ​នេះ ការតវ៉ា​យ៉ាងខ្លាំង​រហូត​ធ្វើការ​បិតផ្លូវ​ប្រឆាំង​ទៅនឹង​គម្រោង​អភិវឌ្ឍ​ផ្សារ សេន ជូ រី ដែល​ស្ថិតនៅ​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​កា​កាប​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ទៅជា​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ មាន​កម្ពស់៧ជាន់ ដោយ​តម្រូវ​អាជីវករ​ធ្លាប់​លក់ដូរ​នៅ​ជុំវិញ​ផ្សារ​ទាំងមូល ដែល​មិនមាន​ស្ដង់​សរុប​ប្រមាណ​ជិត៨០០នាក់​ត្រូវ​បញ្ចប់​សកម្មភាព។

រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ រួមទាំង​អាជ្ញាធរ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ក្រុមហ៊ុន សេន ជូ រី ហ្គ្រុ​ប​បានបង្ហាញ​គោលនយោបាយ ដោះស្រាយ​ច្បាស់លាស់​ជូន​អាជីវករ ដោយបាន​ឯកភាព​រៀបចំ​កន្លែង​លក់ដូរ បណ្តោះអាសន្ន​ជូន​ដល់​អតីត​អាជីវករ ដែល​ធ្លាប់​លក់​នៅ ផ្សារ សេន ជូ រី ផ្លា ហ្សា​ចាស់ ក្នុងពេល​អនុវត្ត​គម្រោង​សាងសង់​ផ្សារ​ទំនើប​ថ្មី ដែល​ត្រូវ​ចំណាយពេល​សាងសង់២ឆ្នាំ និង​លេចចេញ​ជា​រូ​វ​រាង​នា​ឆ្នាំ២០២១ខាងមុខនេះ។

ទីតាំង​ដែល​ត្រូវ​ក្លាយជា​ផ្សារ​លក់ដូរ​បណ្តោះអាសន្ន រយៈពេល២ឆ្នាំ​ក្នុង​ការសាងសង់​ផ្សារ​ទំនើប​ដែលមាន​កម្ពស់៧ជាន់​នេះ តម្រូវ​យក​សួន​កុមារ​ពោធិ៍ចិនតុង ស្ថិតនៅ​មហាវិថី សហព័ន្ធរុស្ស៊ី សង្កាត់​កា​កាប​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (ទល់មុខ​ផ្សារ សេន ជូ រី ចាស់)។

កា​សាងសង់​ផ្សារ​ទំនើប សេន​ជូ​រី​ថ្មី ដែលមាន​កម្ពស់​រហូត​ដល់​ទៅ៧ជាន់​នេះ ត្រូវបាន​តំណាង​ក្រុមហ៊ុន និង​អាជ្ញាធរ​រាជធានី​បញ្ជាក់ថា ដោយសារ​ស្ថានភាព​ផ្សារ​សេន ជូ រី ផ្លា ហ្សា បច្ចុប្បន្ន​មាន​សភាព​ចាស់​ទ្រុឌទ្រោម ពុំមាន​សោភ័ណភាព អនាម័យ ទាំង​ក្នុង​ផ្សារ និង​នៅក្រៅ​ផ្សារ ជាពិសេស​នៅ​បរិវេណ​ជុំវិញ​ផ្សារ​តែម្ដង ដោយសារ​អាជីវ​ករល​ក់​ដូរ​ទំនិញ​គ្រប់​ប្រភេទ​នៅតាម​ដងផ្លូវ និង​លើ​ចិញ្ចើមផ្លូវ ធ្វើឱ្យ​បាត់បង់​នូវ​សោភ័ណភាព អនាម័យ បរិស្ថាន។

រដ្ឋបាល​រាជធានី​ភ្នំពេញ រួមទាំង​អាជ្ញាធរ​ខណ្ឌ ពោធិ៍​សែន​ជ័យ បានកំណត់​យក​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៩ ដើម្បី​ប្រជុំ​ដោះស្រាយ​ជាមួយ​អាជីវករ អ្នក​តវ៉ា ។

ដោយឡែក អ្នកតំណាង​ក្រុមហ៊ុន សេន ជូ រី ផ្លា​ហ្សា បានបញ្ជាក់​យ៉ាងច្បាស់​ថា ក្រុមហ៊ុន មាន​គោលនយោបាយ​ច្បាស់លាស់ ក្នុងការ​ដោះស្រាយ​ជូន​អាជីវករ​ទាំងអស់​នៅ​ផ្សារ សេន ជូ រី គឺ ដូចជា​នៅពេល​សាងសង់​ផ្សារ​ទំនើប​ថ្មី​នេះ ក្រុមហ៊ុន​បាន​ខ្ចី​សួន កុមារ ពោធិ៍ចិនតុង នៅមុខ​ផ្សារ សេន ជូ រី ចាស់ ដើម្បី​សាងសង់​ផ្សារ បណ្តោះអាសន្ន​ឱ្យ អាជីវករ​លក់ដូរ។

ក្រុមហ៊ុន​មិន​យកប្រាក់​ឈ្នួល​លើ​ការលក់ដូរ​នៅ​ផ្សារ​បណ្តោះអាសន្ន​នេះ​ទេ ។ នៅពេល សាងសង់​ផ្សារ​ថ្មី​រួចរាល់ ទើប​ក្រុមហ៊ុន​យក​ថ្លៃ​សេវា​ជួល​តូប​ទាប បំផុត ដូច​ការព្រមព្រៀង ខាងលើ​ក្នុង​ថ្ងៃ​ប្រជុំ​ផ្សព្វផ្សាយ កាលពី ថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here