ដោយ Donald Lee
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់មកពីប្រទេស ដែលមានសេដ្ឋកិច្ចធំៗលើពិភពលោកនឹងជួបប្រជុំគ្នានៅបារាំងនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ខណៈការភ័យខ្លាចវិបត្តិសេដ្ឋកិច្ចនៅតែបន្តកើតមាន។
មន្ត្រីមកពីអាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងកាណាដានឹងជួបជុំគ្នានៅឯកិច្ចប្រជុំកំពូលប្រចាំឆ្នាំ G-7 ដែលប្រារព្ធធ្វើនៅទីក្រុង Biarritz ប្រទេសបារាំងនៅថ្ងៃ សៅរ៍នេះ។
-->
កិច្ចប្រជុំនេះធ្វើឡើងក្នុងពេលវេលាដ៏សំខាន់មួយ ដែលអ្នកសេដ្ឋកិច្ចជាច្រើនកំពុងព្យាករណ៍ពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ហើយសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនហាក់ដូចជាមិនមានដំណោះស្រាយទេ។
យោងតាមក្រុមអ្នកវិភាគបានឲ្យដឹងថា សេដ្ឋកិច្ចពឹងផ្អែកលើពាណិជ្ជកម្មដ៏ខ្លាំងក្លាដូចជា សឹង្ហបូរី និងអាល្លឺម៉ង់ទំនងជាធ្លាក់ចូលក្នុងវិបត្តិនៅឆ្នាំនេះ។
ក្រុមសេដ្ឋវិទូបានចង្អុលបង្ហាញវោហារស័ព្ទ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំថាជាកត្តាសំខាន់សម្រាប់ការធ្លាក់ចុះអត្រាកំណើនសេដ្ឋកិច្ចពិភពលោក។
របាយការណ៍របស់ Bloomberg បានរកឃើញថា ភាពចលាចលផ្នែកសេដ្ឋកិច្ចដែលបង្កឡើងដោយសង្រ្គាមពាណិជ្ជកម្មអាមេរិក ចិន អាចបណ្តាលឱ្យផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក បាត់បង់តម្លៃដែលមានតំលៃប្រហែល៥៨៥ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ។
ភាពតានតឹងផ្នែកពាណិជ្ជកម្មបានបង្កភាពវឹកវរយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ វាមិនទំនងថា កិច្ចប្រជុំកំពូលនៃក្រុម G7 នឹងបញ្ចប់ដោយសេចក្តីថ្លែងការណ៍រួមមួយ។
មន្ត្រីជប៉ុនមួយរូប បានប្រាប់សារព័ត៌មាន Reuters ថា “វាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ក្នុងការបង្កើតការយល់ដឹងរួមគ្នា តាមរយៈការជជែកដេញដោលគ្នា។ ប៉ុន្តែវាពិបាកក្នុងការបញ្ជូនសារទៅកាន់ពិភពលោកទាំងមូល នៅពេលដែលសេចក្តីថ្លែងការណ៍មិនត្រូវបានចេញ។
ប្រសិនបើសេចក្តីថ្លែងការណ៍រួមមិនត្រូវបានចេញផ្សាយ វានឹងក្លាយជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូល G-7 ដែលសេចក្តីថ្លែងការណ៍មួយមិនត្រូវបានព្រមព្រៀង៕