បារាំង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ G-7 ខណៈ​វិបត្តិសេដ្ឋកិច្ច​សកល​កំពុង​កើតឡើង​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ មន្ត្រី​ជាន់ខ្ពស់​មក​ពី​ប្រទេស​ ដែល​មាន​សេដ្ឋ​កិ​ច្ច​ធំៗ​លើ​ពិភពលោក​នឹង​ជួប​ប្រជុំ​គ្នា​នៅ​បារាំង​នៅ​ថ្ងៃសៅរ៍​ចុង​សប្តាហ៍​នេះ​ ខណៈ​ការភ័យខ្លាច​វិបត្តិសេដ្ឋកិច្ច​នៅតែ​បន្ត​កើតមាន​។

មន្ត្រី​មក​ពី​អាមេរិក​ បារាំង​ អង់គ្លេស​ អាល្លឺម៉ង់​ អ៊ីតាលី​ ជប៉ុន​ និង​កាណាដា​នឹង​ជួបជុំគ្នា​នៅ​ឯកិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​ G-7 ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ Biarritz​ ប្រទេស​បារាំង​នៅ​ថ្ងៃ​ សៅរ៍​នេះ​។

កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​ពេលវេលា​ដ៏​សំខាន់​មួយ​ ដែល​អ្នកសេដ្ឋកិច្ច​ជាច្រើន​កំពុង​ព្យាករណ៍​ពី​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ ហើយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ហាក់ដូចជា​មិន​មាន​ដំណោះស្រាយ​ទេ​។

យោង​តាម​ក្រុម​អ្នកវិភាគ​បាន​ឲ្យដឹង​ថា​ សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ដ៏​ខ្លាំងក្លា​ដូចជា​ សឹង្ហ​បូរី​ និង​អាល្លឺម៉ង់​ទំនងជា​ធ្លាក់​ចូលក្នុង​វិបត្តិ​នៅ​ឆ្នាំនេះ​។

ក្រុម​សេដ្ឋវិទូ​បាន​ចង្អុលបង្ហាញ​វោហារ​ស័ព្ទ​ ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់​ត្រាំ​ថា​ជា​កត្តា​សំខាន់​សម្រាប់​ការ​ធ្លាក់ចុះ​អត្រាកំណើន​សេដ្ឋកិច្ច​ពិភពលោក​។

របាយការណ៍​របស់​ Bloomberg​ បាន​រក​ឃើញថា​ ភាព​ចលាចល​ផ្នែក​សេដ្ឋកិច្ច​ដែល​បង្កឡើង​ដោយ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ ចិន​ អាច​បណ្តាល​ឱ្យ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​ បាត់បង់​តម្លៃ​ដែល​មាន​តំលៃ​ប្រហែល៥៨៥ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០២១​ ។

ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​បាន​បង្ក​ភាព​វឹកវរ​យ៉ាង​ខ្លាំង​ ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។ វា​មិនទំនង​ថា​ កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ G7 នឹង​បញ្ចប់​ដោយ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​។

មន្ត្រី​ជប៉ុន​មួយ​រូប​ បាន​ប្រាប់​សារព័ត៌មាន​ Reuters​ ថា​ “វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់គ្នា​ ក្នុង​ការបង្កើត​ការយល់​ដឹង​រួមគ្នា​ តាមរយៈ​ការ​ជជែក​ដេញដោល​គ្នា​។ ប៉ុន្តែ​វា​ពិបាក​ក្នុង​ការបញ្ជូនសារ​ទៅកាន់​ពិភពលោក​ទាំងមូល​ នៅពេល​ដែល​សេចក្តី​ថ្លែងការណ៍​មិន​ត្រូវ​បាន​ចេញ​។

ប្រសិនបើ​សេចក្តី​ថ្លែងការណ៍​រួម​មិន​ត្រូវ​បាន​ចេញផ្សាយ​ វា​នឹង​ក្លាយជា​លើកដំបូង​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​កិច្ចប្រជុំ​កំពូល​ G-7 ដែល​សេចក្តី​ថ្លែងការណ៍​មួយ​មិន​ត្រូវ​បាន​ព្រមព្រៀង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here