ដោយ វុត្ថា
ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្នុងអាណត្តិ ៣ឆ្នាំនៃការបំពេញបេសកកម្មការទូតរបស់ លោក Hidehisa Horinouchi នៅកម្ពុជានេះ កម្ពុជា-ជប៉ុន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ (Japan ODA) មានទឹកប្រាក់សរុបប្រមាណជាង ៥៥០លានដុល្លារ អាមេរិកក្នុងនោះហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់ប្រមាណជិត ១៥០លានដុល្លារអាមេរិក។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន នៅក្នុងជំនួបជាមួយ លោក Hidehisa ; Horinouchi ឯកអគ្គរាជទូតជប៉ុនចប់អាណត្តិ បានឱ្យដឹងកាលពីពេលកន្លងទៅថ្មីៗនេះថា ហិរញ្ញប្បទានសហប្រតិបត្តិការ (Japan ODA)ទាំងនេះ គឺសម្រាប់គាំទ្រលើវិស័យជាច្រើនរួមមាន ផ្លូវ ស្ពាន ការផ្គត់ផ្គង់ទឹកស្អាត ថាមពលអគ្គិសនី អប់រំ សុខាភិបាល និងការកសាងហេដ្ឋារចនាសម្ព័ន្ធននា ។
-->
លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា ចំណែកទឹកប្រាក់ប្រមាណជាង ៤០០ លានដុល្លារអាមេរិក ជាឥណទានសម្បទានសម្រាប់ហិរញ្ញប្បទានបន្ថែម ដល់គម្រោងធ្វើឱ្យប្រសើរឡើងនូវ កំណាត់ផ្លូវជាំតិលេខ ៥ (ស្ពានព្រែកក្តាម-ក្រុងប៉ោយប៉ែត) គម្រោងអភិវឌ្ឍន៍ចំណតកុងតែន័រ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គម្រោងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ និងគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី ។ល។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា វិភាគទានរបស់ប្រជាជនជប៉ុន សុទ្ធសឹងតែគាំទ្រដល់យុទ្ធសាស្ត្រនៃការអភិវឌ្ឍជាតិរបស់កម្ពុជា។លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ជាមួយគ្នានេះដែរ សម្រាប់ឆ្នាំ ២០១៨ កន្លងមកនេះ ទំហំនៃការវិនិយោគឯកជនពីប្រទែសជប៉ុន មានទឺកប្រាក់ប្រមាណ ៤៤០ លានដុល្លារអាមេរិក ។
គិតត្រឹមឆមាសទី ១ ឆ្នាំ ២០១៩ ទំហំនៃការវិនិយោគ និងពាណិជ្ជកម្មជប៉ុន មានទឹកប្រាក់កើឡើងប្រមាណ ៥០០លានដុល្លារអាមេរិក រីឯការនាំចេញទៅប្រទេសជប៉ុនមានទំហំទឹកប្រាក់ប្រមាណជាំង ១៧០០ លានដុល្លារអាមេរិក។
ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប៉ុន ដដែលតែងតែរក្សា និងបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អប្រសើរសម្រាប់កម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Hidehisa HORINOUCHI ក្នុងអាណត្តិការទូត ដែលបានបំពេញភារកិច្ច និងតួនាទីយ៉ាងសំខាន់ជួលដល់ការអភិវឌ្ឍប្រទេសកម្ពុជា ដោយសម្រេចបាននូវសមិទ្ធិផលផ្លែផ្កាជាច្រើន ទាំងក្នុងទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងបានរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា។
លោក Hidehisa Horinouchi បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានមកបំពេញបេសកម្មកម្មការទូតនៅកម្ពុជា និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងរីកចម្រើនស្ទើរគ្រប់វិស័យ ។
លោកបន្តថា រដ្ឋាភិបាលជប៉ុននឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការនានាលើគ្រប់វិស័យអាទិភាព ជាមួយកម្ពុជា រួមាំងបន្តគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេស ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍ ការវិនិយោគសាធារណៈ និងឯកជននានានៅកម្ពុជា៕