ដោយ វុត្ថា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា ការវិនិយោគ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា-កូរ៉េ ក្នុងក្របខ័ណ្ឌទ្វេភាគីមានការរីកចម្រើន ប៉ុន្តែសម្តេចតេជោចង់ឃើញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងថែមទៀត។

-->
សម្ដេចតេជោ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជាដែលចប់អាណត្តិនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៩ នេះ បានជំរុញឲ្យភាគីទាំងពីរធ្វើយ៉ាងណាពង្រីក និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានកាន់តែកើនឡើងថែមទៀត ដោយបានស្នើឲ្យភាគីកូរ៉េបន្តការនាំចូលនូវផលិតផលកសិផលរបស់កម្ពុជា ចូលទៅកាន់ទីផ្សារកូរ៉េ គ្រាដែលកម្ពុជាមានសក្តានុពលជាច្រើនទៅលើផលិតផលកសិកម្មដូចជាស្វាយជាដើម។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏ចង់ឃើញសាធារណរដ្ឋកូរ៉េ បង្កើនការវិនិយោគមកកាន់ព្រះរាជាណាចក្រកម្ពុជាថែមទៀត។
នៅក្នុងកិច្ចពិភាក្សានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកនូវចំនុចមួយចំនួនដែលភាគីកម្ពុជា និងកូរ៉េត្រូវតែខិតខំពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការថែមទៀត ដូចជាកម្រិតទ្វេភាគីនៃប្រទេសទាំងពីរ ដោយធ្វើយ៉ាងណាឱ្យមានការបន្តពង្រីក និងពង្រឹងទ្វេភាគីឱ្យកាន់តែខ្លាំងក្លារឹងមាំថែមទៀត។
បច្ចុប្បន្ននេះមានប្រជាពលរដ្ឋខ្មែរជាង ៨ពាន់នាក់ដែលបានរៀបការជាមួយជនជាតិកូរ៉េ ហើយមានប្រមាណ ៤០០នាក់មានភរិយាជាជនជាតិកូរ៉េ ដូច្នេះមានន័យថាទំនាក់ទំនងរវាងប្រជាជន និងប្រជាជនមានការកើនឡើង។ សម្ដេចចង់ឃើញទំនាក់ទំនងទ្វេភាគីនេះមិនមែនត្រឹមតែការវិនិយោគសេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែចង់ឃើញទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជនមានការកើនឡើងថែមទៀត។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកអំពី កិច្ចសហប្រតិបត្តិការផ្នែកអនុតំបន់មេគង្គកូរ៉េ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានរីករាយដែលកូរ៉េសម្រេចទទួលយកអនុសាសន៍របស់សម្ដេចតេជោ ក្នុងការដំឡើងកម្រិតនៃកិច្ចសហប្រតិបត្តិការនិងយន្តការនេះ។
សម្តេចតេជោបានកត់សម្គាល់ថា កម្ពុជាបានទាញផលប្រយោជន៍ជាច្រើនទាំងកម្រិតទ្វេភាគីផង និងកម្រិតអនុតំបន់ផងដែរ ដោយសារតែកម្រិតអនុតំបន់មានគម្រោងជាច្រើនក្នុងកិច្ចដំណើរការជំរុញការអភិវឌ្ឍនៅក្នុងចំណោមប្រទេសមេគង្គរួមទាំងកម្ពុជាផងដែរ។
អំពីកិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់រវាងអាស៊ានកូរ៉េវិញ ជាយន្តការដ៏សំខាន់គ្រាដែលកម្ពុជាជាប្រទេសសម្របសម្រួល ដោយសម្ដេចតេជោចង់ឃើញការរឹតចំណងមិត្តភាពបន្ថែមទៀតនៃការវិនិយោគពាណិជ្ជកម្មដើម្បីឲ្យឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច និងសង្គមសេដ្ឋកិច្ចអាស៊ានកូរ៉េថែមទៀត។
បច្ចុប្បន្ននេះ នៅក្នុងកម្រិតទ្វេភាគីយើងឃើញថាពលកររបស់កម្ពុជាយើងដែលទៅធ្វើការនៅប្រទេសកូរ៉េមានការកើនឡើង ដែលបានជួយដល់ប្រជាពលរដ្ឋមិនត្រឹមតែពលករនៅកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែបាននាំចំណូលជាច្រើនគ្រួសាររបស់គាត់នៅកម្ពុជានិងជួយដល់សេដ្ឋកិច្ចរបស់កម្ពុជា។
ពិសេសថែមទៀតនោះពលកររបស់កម្ពុជាបានរៀនសូត្រ និងទទួលបទពិសោធន៍ពីប្រទេសកូរ៉េដែលបានបង្កើនសមត្ថភាពពលករខ្មែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីចង់ឃើញនៅពេលខាងមុខ នេះគឺការពង្រីកទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើង កំណើននៃការវិនិយោគរបស់កូរ៉េ និងទេសចរណ៍កូរ៉េផងដែរ។
សម្ដេចក៏បានមានប្រសាសន៍បញ្ជាក់ថា សម្ដេចគ្រោងនឹងអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េនៅពេលខាងមុខ ប៉ុន្តែមិនទាន់បានកំណត់ពេលវេលាជាក់លាក់នៅឡើយទេ។
លោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតកូរ៉េ បានបញ្ជាក់ថា ក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំង និងមានការធ្វើទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមប្រធានាធិបតីសាធារណរដ្ឋកូរ៉េមកកម្ពុជានៅក្នុងពេល ឯកឧត្តមធ្វើជាអគ្គរដ្ឋទូតនៅកម្ពុជា គឺបានជំរុញការងារទ្វេភាគីពិសេសលើពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ជាដើម។
លោក បានបញ្ជាក់ផងដែរថា នៅខែវិច្ឆិកានាពេលខាងមុខ អាស៊ាន និងកូរ៉េនឹងប្រារព្ធខួបនៃទំនាក់ទំនងនឹងគ្នានៅសាធារណរដ្ឋកូរ៉េ គ្រាដែលបច្ចុប្បន្ននេះកម្ពុជាជាប្រទេសសម្របសម្រួលកិច្ចសន្ទនាអាស៊ាន-កូរ៉េ។ ដូច្នេះហើយកម្ពុជាមានតួនាទីសំខាន់នៅក្នុងកិច្ចការងាររវាងអាស៊ាន និងកូរ៉េផងដែរ។
ពាក់ព័ន្ធជាមួយនឹងក្របខ័ណ្ឌអនុតំបន់ គឺមេគង្គ-កូរ៉េ កន្លងមកនេះគឺយើងមានយន្តការថ្នាក់រដ្ឋមន្ត្រីការបរទេសមេគង្គកូរ៉េ ដែលជាការផ្ដួចផ្ដើមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានស្នើឲ្យយន្តការនេះកើនឡើងមួយកំរិតទៀតអោយយដល់ថ្នាក់កំពូល ហើយសាធារណរដ្ឋកូរ៉េ ទទួលយកនូវសំណើរបស់សម្ដេចតេជោផងដែរ៕