សម្តេច​តេជោ​ជំរុញ​កូរ៉េ​បង្កើន​ការ​វិនិយោគ​ និង​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បានឱ្យ​ដឹង​ថា​ ការ​វិនិយោគ​ ពាណិជ្ជកម្ម​ និង​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​រវាង​ប្រទេស​កម្ពុជា​-កូរ៉េ​ ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​មានការ​រីកចម្រើន​ ប៉ុន្តែ​សម្តេច​តេជោ​ចង់​ឃើញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​ថែមទៀត​។

សម្ដេច​តេជោ​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ អូ​ ណា​ក់​យ៉ុង​ ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​ដែល​ចប់​អាណត្តិ​នៅ​ថ្ងៃទី​ ២១​ ខែសីហា​ ឆ្នាំ​ ២០១៩​ នេះ​ បាន​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ​ធ្វើ​យ៉ាងណា​ពង្រីក​ និង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យបាន​កាន់តែ​កើនឡើង​ថែមទៀត​ ដោយ​បាន​ស្នើ​ឲ្យ​ភាគី​កូរ៉េ​បន្ត​ការនាំចូល​នូវ​ផលិតផល​កសិផល​របស់​កម្ពុជា​ ចូល​ទៅកាន់​ទីផ្សារ​កូរ៉េ​ គ្រាដែល​កម្ពុជា​មាន​សក្តា​នុ​ពល​ជាច្រើន​ទៅលើ​ផលិតផល​កសិកម្ម​ដូចជា​ស្វាយ​ជាដើម​។

សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ក៏​ចង់​ឃើញ​សាធារណរដ្ឋ​កូរ៉េ​ បង្កើន​ការ​វិនិយោគ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ថែមទៀត​។

នៅក្នុង​កិច្ចពិភាក្សា​នេះ​ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​លើក​នូវ​ចំនុច​មួយចំនួន​ដែល​ភាគី​កម្ពុជា​ និង​កូរ៉េ​ត្រូវតែ​ខិតខំ​ពង្រឹងពង្រីក​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​ការ​ថែមទៀត​ ដូចជា​កម្រិត​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ​ ដោយធ្វើ​យ៉ាងណា​ឱ្យ​មានការ​បន្ត​ពង្រីក​ និង​ពង្រឹង​ទ្វេភាគី​ឱ្យ​កាន់តែ​ខ្លាំងក្លា​រឹងមាំ​ថែមទៀត​។

បច្ចុប្បន្ន​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​ ៨ពាន់​នាក់​ដែល​បាន​រៀបការ​ជាមួយ​ជនជាតិ​កូរ៉េ​ ហើយ​មាន​ប្រមាណ​ ៤០០នាក់​មាន​ភរិយា​ជា​ជនជាតិ​កូរ៉េ​ ដូច្នេះ​មានន័យថា​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​មានការ​កើនឡើង​។ សម្ដេច​ចង់​ឃើញ​ទំនាក់ទំនង​ទ្វេភាគី​នេះ​មិនមែន​ត្រឹមតែ​ការ​វិនិយោគ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ ទេសចរណ៍​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ចង់​ឃើញ​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន​ និង​ប្រជាជន​មានការ​កើនឡើង​ថែមទៀត​។

សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​លើក​អំពី​ កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​អនុ​តំបន់​មេគង្គ​កូរ៉េ​ ដែល​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​រីករាយ​ដែល​កូរ៉េ​សម្រេច​ទទួលយក​អនុសាសន៍​របស់​សម្ដេច​តេជោ​ ក្នុង​ការដំឡើង​កម្រិត​នៃ​កិច្ច​សហប្រតិបត្តិ​ការ​និង​យន្តការ​នេះ​។

សម្តេច​តេជោ​បាន​កត់សម្គាល់​ថា​ កម្ពុជា​បាន​ទាញ​ផលប្រយោជន៍​ជាច្រើន​ទាំង​កម្រិត​ទ្វេភាគី​ផង​ និង​កម្រិត​អនុ​តំបន់​ផង​ដែរ​ ដោយសារតែ​កម្រិត​អនុ​តំបន់​មាន​គម្រោង​ជាច្រើន​ក្នុង​កិច្ច​ដំណើរការ​ជំរុញ​ការ​អភិវឌ្ឍ​នៅក្នុងចំណោម​ប្រទេស​មេគង្គ​រួម​ទាំង​កម្ពុជា​ផង​ដែរ​។

អំពី​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​កម្រិត​តំបន់​រវាង​អាស៊ាន​កូរ៉េ​វិញ​ ជា​យន្តការ​ដ៏​សំខាន់​គ្រាដែល​កម្ពុជា​ជា​ប្រទេស​សម្របសម្រួល​ ដោយ​សម្ដេច​តេជោ​ចង់​ឃើញ​ការ​រឹតចំណង​មិត្តភាព​បន្ថែម​ទៀត​នៃ​ការ​វិនិយោគ​ពាណិជ្ជកម្ម​ដើម្បីឲ្យ​ឆ្លើយតបទៅនឹង​កំណើន​សេដ្ឋកិច្ច​ និង​សង្គម​សេដ្ឋកិច្ច​អាស៊ាន​កូរ៉េ​ថែមទៀត​។

បច្ចុប្បន្ន​នេះ​ នៅក្នុង​កម្រិត​ទ្វេភាគី​យើង​ឃើញថា​ពលករ​របស់​កម្ពុជា​យើង​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​មានការ​កើនឡើង​ ដែល​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​មិន​ត្រឹមតែ​ពលករ​នៅ​កូរ៉េ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​បាន​នាំ​ចំណូល​ជាច្រើន​គ្រួសារ​របស់​គាត់​នៅ​កម្ពុជា​និង​ជួយ​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា​។

ពិសេស​ថែមទៀត​នោះ​ពលករ​របស់​កម្ពុជា​បាន​រៀនសូត្រ​ និង​ទទួល​បទពិសោធន៍​ពី​ប្រទេស​កូរ៉េ​ដែល​បាន​បង្កើន​សមត្ថភាព​ពលករ​ខ្មែរ​។ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ចង់​ឃើញ​នៅពេល​ខាងមុខ​ នេះ​គឺ​ការពង្រីក​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​ កំណើន​នៃ​ការ​វិនិយោគ​របស់​កូរ៉េ​ និង​ទេសចរណ៍​កូរ៉េ​ផង​ដែរ​។

សម្ដេច​ក៏បាន​មានប្រសាសន៍​បញ្ជាក់​ថា​ សម្ដេច​គ្រោង​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​កូរ៉េ​នៅពេល​ខាងមុខ​ ប៉ុន្តែ​មិនទាន់​បាន​កំណត់ពេលវេលា​ជាក់លាក់​នៅឡើយ​ទេ​។

លោក​ អូ​ ណា​ក់​យ៉ុង​ ឯកអគ្គ​រដ្ឋទូត​កូរ៉េ​ បាន​បញ្ជាក់​ថា​ ក្នុង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​ និង​មានការ​ធ្វើទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ ឯកឧត្តម​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​មក​កម្ពុជា​នៅក្នុង​ពេល​ ឯកឧត្តម​ធ្វើជា​អគ្គរដ្ឋទូត​នៅ​កម្ពុជា​ គឺ​បាន​ជំរុញ​ការងារ​ទ្វេភាគី​ពិសេស​លើ​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ ទេសចរណ៍​ជាដើម​។

លោក​ បាន​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ខែវិច្ឆិកា​នា​ពេល​ខាងមុខ​ អាស៊ាន​ និង​កូរ៉េ​នឹង​ប្រារព្ធ​ខួប​នៃ​ទំនាក់ទំនង​នឹងគ្នា​នៅ​សាធារណរដ្ឋ​កូរ៉េ​ គ្រាដែល​បច្ចុប្បន្ន​នេះ​កម្ពុជា​ជា​ប្រទេស​សម្របសម្រួល​កិច្ច​សន្ទនា​អាស៊ាន​-កូរ៉េ​។ ដូច្នេះហើយ​កម្ពុជា​មាន​តួនាទី​សំខាន់​នៅក្នុង​កិច្ចការ​ងារ​រវាង​អាស៊ាន​ និង​កូរ៉េ​ផង​ដែរ​។

ពាក់ព័ន្ធ​ជាមួយនឹង​ក្របខ័ណ្ឌ​អនុ​តំបន់​ គឺ​មេគង្គ​-កូរ៉េ​ កន្លងមក​នេះ​គឺ​យើង​មាន​យន្តការ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​មេគង្គ​កូរ៉េ​ ដែល​ជា​ការ​ផ្ដួចផ្ដើម​របស់​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ដែល​បាន​ស្នើ​ឲ្យ​យន្តការ​នេះ​កើនឡើង​មួយ​កំរិត​ទៀ​តអោយ​យដល់​ថ្នាក់​កំពូល​ ហើយ​សាធារណរដ្ឋ​កូរ៉េ​ ទទួលយក​នូវ​សំណើ​របស់​សម្ដេច​តេជោ​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here