ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន បាននិងកំពុងសិក្សាសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ ខណៈផ្លូវក្រវ៉ាត់ក្រុងទី៣ បាននឹងកំពុងដំណើរការសាងសង់យ៉ាងរលូនទៅមុខ។

ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន បាននិងកំពុងសិក្សាសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ ខណៈផ្លូវក្រវ៉ាត់ក្រុងទី៣ បាននឹងកំពុងដំណើរការសាងសង់យ៉ាងរលូនទៅមុខ។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងនៅក្នុងពិធីបើកការដ្ឋានជួសជុល ផ្លូវខេត្តព្រះសីហនុចំនួនពីរខ្សែកាលថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៩ ម្សិលមិញនេះថា ផ្លូវក្រវ៉ាត់ក្រុងទី៤ បាននឹងកំពុងសិក្សាសាងសង់ឆាប់ខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងការឡើងនៃការដឹកជញ្ជូនទំនិញ កាត់បន្ថយការកកស្ទះ និងការធ្វើចរាចរណ៍ និងកំណើនសេដ្ឋកិច្ចកម្ពុជាមានការរីកចំរើន។
ទោះជាយ៉ាងណាលោកមិនបានបញ្ជាក់លំអិត ពីគំរោងផ្លូវនេះមានប្រវែងប៉ុន្មានគីឡូម៉ែត្រ ចេញពីតំបន់ណាទៅកាន់តំបន់ណា និងត្រូវចំណយទឹកប្រាក់ប៉ុន្មានលានដុល្លារនៅឡើយទេ។
លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៩ នេះថា លោកមិនច្បាស់ថា ផ្លូវក្រវាត់ក្រុងទី៤ ដែលក្រសួងកំពុងសិក្សានេះស្ថិតនៅត្រង់ណានោះទេ ដោយលោកនឹងសួរអ្នកជំនាញបន្ថែមទៀត ប៉ុន្តែលោកអាចប៉ាន់ស្មានថាផ្លូវខ្សែក្រវាត់ក្រុងទី៤នេះ នឹងធ្វើតពីផ្លូវក្រវ៉ាត់ក្រុងទី៣នៅត្រើយខាងកើត ឬក៏ធ្វើផ្លូវថ្មីចេញពីផ្លូវ៥១ មកដល់ផ្លូវជាតិលេខ៣ ឡើងដល់ភ្នំពេញ។
លោកថា “ខ្ញុំមិនអាចឆ្លើយលម្អិតបានទេ ផ្លូវក្រវ៉ាត់ក្រុងទី៤នេះ អាចនឹងសាងសង់បន្តពីផ្លូវក្រវ៉ាត់ក្រុងទី៣ ចាប់ពីត្រើយខាងកើតឆ្ពោះទៅដីលីយ៉ុងផាត់ បើមិនដូច្នោះទេ អាចនឹងសាងសង់ថ្មីចេញពីផ្លូវជាតិ៥១ តែខ្ញុំមិនច្បាស់ថា ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល លើកឡើងសំដៅផ្លូវណាមួយនោះទេ”។
លោកបញ្ជាក់ថា “ផ្លូវក្រវ៉ាត់ក្រុងទី៤នេះ ត្រូវបានមន្ត្រីជំនាញក្រសួងបានចាប់ផ្តើមសិក្សាយូណាស់មកហើយ ខណៈផ្លូវក្រវ៉ាត់ក្រុងទី៣ បាននឹងកំពុងតែដំណើការសងសង់ជាធម្មតា ពុំមានអ្វីរំាងស្ទះនោះទេ”។

ផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រូវបានរដ្ឋាភិបាលបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែ មករា ឆ្នាំ២០១៩កន្លងមកនេះ ដែលមានប្រវែងជាង៥០គីឡូម៉ែត្រ ក្រោមការចំណាយថវិកាសរុបប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន និងចូលរួមថវិកាបដិភាគពីរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពន្ធ និងសួយសារអាករ៕
