រដ្ឋាភិបាល​បញ្ចុះតម្លៃ​ចុះបញ្ជី​លេខ​រថយន្ត​គ្រួសារ​ និង​​រថយន្ត​ធុន​ស្រាល​ថ្មី​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​តាមរយៈ​អគ្គនាយក​ដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ នៃ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​ តម្លៃ​នៃ​លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ​ និង​រថយន្ត​ធុន​ស្រាល​នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ​ ២០១៩​ ខាងមុខនេះ​ បន្ទាប់ពី​សេចក្តី​ប្រកាស​អន្តរក្រសួង​ស្ដីពី​ ការ​លក់​លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ​ និង​រថយន្ត​ធុន​ស្រាល​ត្រូវ​បានសម្រេច​ថ្មី​នៅ​ថ្ងៃ​ ២២​ ខែសីហា​ឆ្នាំ​ ២០១៩នេះ​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​អគ្គនាយក​ដ្ឋាន​ដឹកជញ្ជូន​ នៅ​ថ្ងៃទី​ ២២​ ខែសីហា​ ឆ្នាំ​ ២០១៩​ នេះ​ ថា​ លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ​ និង​រថយន្ត​ធុន​ស្រាល​ ត្រូវ​បាន​ដាក់​លក់​ជា​សាធារណៈ​ តាម​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម​ចុះបញ្ជី​យានជំនិះ​ ដោយ​បាន​កំ​ត់​តម្លៃ​ថ្មី​ដូចជា​តម្លៃ​មូលដ្ឋាន​ក្នុង​ស៊េរី​កំពុង​ចុះបញ្ជី​ តម្លៃ​មូលដ្ឋាន​ក្នុង​ការ​ផ្លោះ​ស៊េរី​ និង​បាន​ចុះបញ្ជី​តម្លៃ​ស៊េរី​មួយចំនួន​តាម​តំបន់​នី​មួយ​ៗ ដូច​បាន​កំណត់​លម្អិត​ក្នុង​ប្រកាស​នេះ​។

សេចក្តី​ប្រកាស​អន្តរក្រសួង​ស្ដីពី​ ការ​លក់​លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ​ និង​រថយន្ត​ធុន​ស្រាល​ ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​ថា​ចាប់ពី​ថ្ងៃទី២៦​ សីហា​ ឆ្នាំ២០១៩​ បងប្អូន​ប្រជាពលរដ្ឋ​អាច​ទិញ​ ឬជ្រើសរើស​យក​លេខមួយ​ចំនួន​ ដែល​នឹង​ធ្វើការ​បញ្ចុះ​ថ្លៃ​ដូច​ខាងក្រោម​៖

– ថយ​ចាប់ពី១ស៊េរី​៖ បញ្ចុះ​ថ្លៃ​ ៥០​%

– ថយ​ចាប់ពី២ស៊េរី​៖ បញ្ចុះ​ថ្លៃ​ ៧៥​%

– ថយ​ចាប់ពី៣ស៊េរី​៖ បញ្ចុះ​ថ្លៃ​ ៩០​%

– ថយ​ចាប់ពី៤ស៊េរី​៖ បញ្ចុះ​ថ្លៃ​ ៩៥​%

– ថយ​ចាប់ពី​ ៥ស៊េរី​ទៅ​៖ បញ្ចុះ​ថ្លៃ​ ១០០​% (មិន​គិតថ្លៃ​)។

លោកស្រី​ កុយ​ សុ​ដា​នី​ រដ្ឋលេខាធិការ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​កាលពី​ម្សិលមិញ​នេះ​ថា​ ការ​កែសម្រួល​លើ​តម្លៃ​លេខមួយ​ចំនួន​ និង​ផ្តល់​ជូន​នូវ​ការ​បញ្ចុះតម្លៃ​ ក្រសួង​បាន​ចេញ​នូវ​ប្រកាស​អន្តរក្រសួង​ថ្មី​លេខ​.៦៨៦​ សហវ.ប្រក​ ស្តី​ពី​ការ​លក់​លេខ​ចុះបញ្ជី​រថយន្ត​ គ្រួសារ​ និង​រថយន្ត​ធុន​ស្រាល​ចុះ​ថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០១៩​ ដែល​នឹង​ត្រូវ​អនុវត្ត​នៅ​ថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ២០១៩​ ដើម្បី​ប្រមូល​ចំណូល​ មិនមែន​សារពើពន្ធ​បង្កើន​ចំណូល​រដ្ឋ​បន្ថែម​ និង​ដើម្បី​ផ្តល់​ជម្រើស​កាន់តែ​សំ​បូ​បែប​ជូន​ប្រជា​ពល​រដ្ឋ​។

រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​ប្រមូល​ចំណូល​ពី​ការ​លក់​លេខ​ចុះ​បញ្ជី​ររថយន្ត​គ្រួសារ​ និង​រថយន្ត​ធុន​ស្រាល​កើនឡើង​ចំនួន ៦១.២៩​% គិត​ត្រឹម​ខែ​ កក្កដា​ឆ្នាំ២០១៩​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៨​៕

LEAVE A REPLY

Please enter your comment!
Please enter your name here