ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹង តម្លៃនៃលេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៩ ខាងមុខនេះ បន្ទាប់ពីសេចក្តីប្រកាសអន្តរក្រសួងស្ដីពី ការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាលត្រូវបានសម្រេចថ្មីនៅថ្ងៃ ២២ ខែសីហាឆ្នាំ ២០១៩នេះ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានដឹកជញ្ជូន នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៩ នេះ ថា លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល ត្រូវបានដាក់លក់ជាសាធារណៈ តាមប្រព័ន្ធស្វ័យប្រវត្តកម្មចុះបញ្ជីយានជំនិះ ដោយបានកំត់តម្លៃថ្មីដូចជាតម្លៃមូលដ្ឋានក្នុងស៊េរីកំពុងចុះបញ្ជី តម្លៃមូលដ្ឋានក្នុងការផ្លោះស៊េរី និងបានចុះបញ្ជីតម្លៃស៊េរីមួយចំនួនតាមតំបន់នីមួយៗ ដូចបានកំណត់លម្អិតក្នុងប្រកាសនេះ។
-->
សេចក្តីប្រកាសអន្តរក្រសួងស្ដីពី ការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងថាចាប់ពីថ្ងៃទី២៦ សីហា ឆ្នាំ២០១៩ បងប្អូនប្រជាពលរដ្ឋអាចទិញ ឬជ្រើសរើសយកលេខមួយចំនួន ដែលនឹងធ្វើការបញ្ចុះថ្លៃដូចខាងក្រោម៖
– ថយចាប់ពី១ស៊េរី៖ បញ្ចុះថ្លៃ ៥០%
– ថយចាប់ពី២ស៊េរី៖ បញ្ចុះថ្លៃ ៧៥%
– ថយចាប់ពី៣ស៊េរី៖ បញ្ចុះថ្លៃ ៩០%
– ថយចាប់ពី៤ស៊េរី៖ បញ្ចុះថ្លៃ ៩៥%
– ថយចាប់ពី ៥ស៊េរីទៅ៖ បញ្ចុះថ្លៃ ១០០% (មិនគិតថ្លៃ)។
លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងកាលពីម្សិលមិញនេះថា ការកែសម្រួលលើតម្លៃលេខមួយចំនួន និងផ្តល់ជូននូវការបញ្ចុះតម្លៃ ក្រសួងបានចេញនូវប្រកាសអន្តរក្រសួងថ្មីលេខ.៦៨៦ សហវ.ប្រក ស្តីពីការលក់លេខចុះបញ្ជីរថយន្ត គ្រួសារ និងរថយន្តធុនស្រាលចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ដែលនឹងត្រូវអនុវត្តនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ដើម្បីប្រមូលចំណូល មិនមែនសារពើពន្ធបង្កើនចំណូលរដ្ឋបន្ថែម និងដើម្បីផ្តល់ជម្រើសកាន់តែសំបូបែបជូនប្រជាពលរដ្ឋ។
រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រមូលចំណូលពីការលក់លេខចុះបញ្ជីររថយន្តគ្រួសារ និងរថយន្តធុនស្រាលកើនឡើងចំនួន ៦១.២៩% គិតត្រឹមខែ កក្កដាឆ្នាំ២០១៩ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨៕
