ដោយៈ រ៉ាណេត
ភ្នំពេញៈ ការសាងសង់ខ្នែងស្ពានអាកាសក្បាលថ្នល់ខ្សែទី១ រហូតមកដល់ពេលនេះទើបតែសម្រេចបានប្រមាណ ៤០ភាគរយតែប៉ុណ្ណោះ ខណៈដែលតាមគម្រោងនឹងត្រូវបញ្ចប់នៅត្រឹមដំណាច់ឆ្នាំ២០១៩ខាងមុខនេះអាចយឺតជាងផែនការ។

ដោយៈ រ៉ាណេត
ភ្នំពេញៈ ការសាងសង់ខ្នែងស្ពានអាកាសក្បាលថ្នល់ខ្សែទី១ រហូតមកដល់ពេលនេះទើបតែសម្រេចបានប្រមាណ ៤០ភាគរយតែប៉ុណ្ណោះ ខណៈដែលតាមគម្រោងនឹងត្រូវបញ្ចប់នៅត្រឹមដំណាច់ឆ្នាំ២០១៩ខាងមុខនេះអាចយឺតជាងផែនការ។

ក្រុមវិស្វករជំនាញដែលកំពុងស្ថិត នៅក្នុងគម្រោងសាងសង់ស្ពានអាកាសក្បាលថ្នល់ខ្សែទី១ខាងលើនេះ បានបង្ហើបប្រាប់ក្នុងលក្ខខណ្ឌសុំមិនបង្ហាញឈ្មោះនាព្រឹកថ្ងៃទី២៣ សីហានេះបានឲ្យដឹងថា មកទល់នឹងពេលបច្ចុប្បន្ននេះ លទ្ធផលនៃការសាងសង់ហាក់មានសភាពយឺត ជាងផែនការដែលបានគ្រោងទុក ពោលគឺទើបតែសម្រេចប្រមាណ ៤០ភាគរយតែប៉ុណ្ណោះ។ អ្នកជំនាញបន្តទៀតថា “ដូចបានឃើញស្រាប់ហើយ ពេលនេះទិដ្ឋភាពជាក់ស្ដែង គឺក្រុមការងារជំនាញកំពុងបញ្ចប់ការសង់សសរមេ សម្រាប់ទម្រស្ពាន ដែលទាំងអស់មានចំនួន៥កន្លែង។
លោកបានបន្តទៀតថា “ក្រៅពីនេះក្រុមវិស្វករនិងជាងជំនាញសង់សសរមេ សង់បណ្តាញបង្ហូរទឹក ដាក់ប្រពន្ធលូជាបណ្តើរៗផងដែរ”។ លោកបន្តទៀតថា “នៅក្នុងគម្រោងដូចជាត្រូវបញ្ចប់នៅត្រឹមចុងឆ្នាំ២០១៩ខាងមុខនេះ ប៉ុន្តែដោយសារតែមានឧបសគ្គរាំងស្ទះមួយចំនួន ដូចជាកក្តាអាកាសធាតុ មានភ្លៀងធ្លាក់ជោគជាំខ្លាំងពេក ក៏ដូចជាការធ្វើចរាចរណ៍នៅក្បែរតំបន់សាងសង់ដែលអាចរំខានគ្រឿងចក្រជាដើម”។
ជាមួយនឹងលទ្ធផលដែលទទួលបានដូចបានបង្ហាញក្នុងរូបភាព អ្នកជំនាញខាងលើនេះបានបញ្ជាក់ថា សម្រាប់ការបញ្ចប់ការសាងសង់គម្រោងទី១ទាំងស្រុង យ៉ាងហោចណាស់ត្រូវចំណាយពេលប្រមាណ៦ខែ ពោលគឺនៅត្រឹមចុងឆ្នាំ២០១៩ខាងមុខនេះ មិនអាចបញ្ចប់បាននោះទេ។
នៅក្នុងគម្រោងសាងសង់របស់រដ្ឋបាលសាលារាជធានីភ្នំពេញ តាមរយៈមន្ទីរសាធារណៈការ និងដឹកជញ្ជូន ស្ពានអាកាសក្បាលថ្នល់ចាប់ពីមហាវិថីព្រះមុនីវង្ស ទៅមហា វិថីព្រះនរោត្តមមានប្រវែង៧៧ម៉ែត្រ។ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ស្ពាន ដល់ស្ពានអាកាសចាស់១២៣ម៉ែត្រ សរុប២០០ម៉ែត្រ។ ស្ពាននេះមានទទឹង៧,៥ម៉ែត្រ ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម។
ការសាងសង់ខ្នែងស្ពានអាកាសខ្សែទី១នេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការការកកស្ទះចរាចរណ៍ នៅត្រង់ចំណុចគល់ស្ពាន និងលើស្ពានអាកាសក្បាលថ្នល់ ក៏ដូចជាតំបន់ច្បារអំពៅ ដែលតែងតែកើតមានជាប្រចាំនាពេលបច្ចុប្បន្ននេះ។

បន្ថែមពីនេះ នៅក្នុងការចូលរួមកាត់បន្ថយការកក់ស្ទះនៅតំបន់ច្បារអំពៅ ក្រុមហ៊ុនបុរី ប៉េង ហួត ក៏បានមានគម្រោងសាងសង់ផ្លូវក្រោមដីចំនួនមួយខ្សែ ដោយតភ្ជាប់ពីចំណុចផ្សារ PH ECO MALL ចេញមកផ្លូវជាតិលេខ១ (ម្ដុំបឹងស្នោរ) ស្ថិតនៅក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

