ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាការរឹតចំណង់ និងបន្តឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ រដ្ឋាភិបាលកម្ពុជានឹងបង្កើតស្ថានអគ្គកុងស៊ុលខ្មែរ ប្រចាំនៅក្នុងខេត្តហឺណាន ប្រទេសចិន ដែលជាខេត្តដ៏ធំមួយមានចំនួនប្រជាជនរស់នៅជិត ១០០លាននាក់។
មានប្រសាសន៍នៅក្នុងកិច្ចជំនួបពិភាក្សាការងារ និងលើកកម្ពស់វិស័យទេសចរណ៍រវាងប្រទេសកម្ពុជា-ចិន កាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅទីស្ដីការក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះទំនាក់ទំនងរបស់កម្ពុជា-ចិន គឺមានភាពល្អប្រសើរទៅលើកិច្ចសហការជាដៃគូ ក្នុងការជំរុញកំនើនសេដ្ឋកិច្ចជាតិ តាមរយៈវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ប៉ុន្តែនៅតែព្យាយាមជំរុញបន្ថែមទៀត ដើម្បីទទួលបានផ្លែផ្កាកាន់តែល្អ។
-->
លោកបន្តទៀតថា “មិនថាចំពោះវិស័យវិនិយោគ និងទេសចរណ៍នោះទេ តាមរយៈរដ្ឋាភិបាលចិន បានជួយជ្រោមជ្រែងកម្ពុជាជាច្រើន ជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ ចិនបានឈរនៅលំដាប់កំពូលលើការវិនិយោគនៅកម្ពុជា”។ លោកបន្តទៀតថា “ដើម្បីធ្វើឱ្យកិច្ចទំនាក់ទំនង និងជួយជំរុញវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែល្អបន្ថែមទៀត កម្ពុជាចាំបាច់ត្រូវការភាគីចិនជួយបន្ថែមលើគ្រប់វិស័យទៀត”។
នៅក្នុងកិច្ចជំនួបខាងលើនេះ កម្ពុជាបានស្នើសុំភាគីចិន ដែលមានលោក Ma Jian អគ្គនាយកនៃតំបន់សេដ្ឋកិច្ចពិសេសព្រលានយន្តហោះក្រុង Zheng zhou (Zheng zhou Airport Economic Zone-ZAEZ) នៃខេត្តហឺណាន ប្រទេសចិន ជាតំណាង រួមាន៤ចំណុចសំខាន់ៗរួមមាន ទី១ – ជំរុញការតភ្ជាប់ជើងហោះហើរត្រង់ ពីខេត្តហឺណានមកកម្ពុជា ទាំងផ្នែកដឹកជញ្ជូនអ្នកដំណើរ (passengers) និងទំនិញ (Cargos)។
ទី២ – អាស្រ័យដោយខេត្តហឺណាន ជាខេត្តដែលមានប្រជាជនច្រើនរហូតប្រមាណ ១០០លាននាក់អង្គប្រជុំក៏ឯកភាព និងទទួលស្គាល់ភាពចាំបាច់ក្នុងការជំរុញ និងពិនិត្យលទ្ធភាពបង្កើតស្ថានអគ្គកុងស៊ុលខ្មែរប្រចាំនៅខេត្តហឺណាន។
ទី៣ - ការពិភាក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ តាមរយៈការត្រៀមរៀបចំព្រឹត្តិការណ៍ធំៗ ដើម្បីផ្សព្វផ្សាយទេសចរណ៍រួមគ្នា នៃសក្តានុពលទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហឺណាន ជាពិសេសត្រៀមសហការរៀបចំពិធីបិទព្រឹត្តិការណ៍ឆ្នាំទេសចរណ៍ និងវប្បធម៌ កម្ពុជា-ចិន ផងដែរ។

ទី៤- ភាគីទាំងពីរក៏បានឯកភាពនៅថ្ងៃអនាគត នឹងជំរុញឲ្យមានការចុះអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងតំបន់សេដ្ឋកិច្ចពិសេសព្រលានយន្តហោះក្រុង Zhengzhou (ZAE)របស់ខេត្តហឺណាន៕