កម្ពុជា​នឹង​បង្កើត​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​នៅ​ខេត្ត​របស់​ចិន​មួយ​ដែល​មាន​ប្រជាជន​ជិត ១០០លាន​នាក់​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជា​ការ​រឹត​ចំណង់​ និង​បន្តឹង​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​ប្រទេស​ទាំង២ឱ្យ​កាន់តែ​ជិតស្និទ្ធ​ និង​ស៊ីជម្រៅ​ រដ្ឋាភិបាល​កម្ពុជា​នឹង​បង្កើត​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​ ប្រចាំ​នៅក្នុង​ខេត្ត​ហឺ​ណាន​ ប្រទេស​ចិន​ ដែល​ជា​ខេត្ត​ដ៏​ធំ​មួយ​មាន​ចំនួន​ប្រជាជន​រស់នៅ​ជិត ១០០លាន​នាក់​។

មានប្រសាសន៍​នៅក្នុង​កិច្ច​ជំនួប​ពិភាក្សា​ការងារ​ និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​កម្ពុជា​-ចិន​ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ថោង​ ខុន​ បាន​មានប្រសាសន៍​ថា​ បច្ចុប្បន្ន​នេះ​ទំនាក់ទំនង​របស់​កម្ពុជា​-ចិន​ គឺ​មាន​ភាពល្អ​ប្រសើរ​ទៅលើ​កិច្ចសហការ​ជា​ដៃគូ​ ក្នុង​ការ​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​ជាតិ​ តាមរយៈ​វិស័យ​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​ ប៉ុន្តែ​នៅតែ​ព្យាយាម​ជំរុញ​បន្ថែម​ទៀត​ ដើម្បី​ទទួល​បាន​ផ្លែផ្កា​កាន់តែ​ល្អ​។

លោក​បន្ត​ទៀត​ថា​ “មិនថា​ចំពោះ​វិស័យ​វិនិយោគ​ និង​ទេសចរណ៍​នោះ​ទេ​ តាមរយៈ​រដ្ឋាភិបាល​ចិន​ បាន​ជួយ​ជ្រោមជ្រែង​កម្ពុជា​ជាច្រើន​ ជាក់ស្ដែង​នៅពេល​បច្ចុប្បន្ន​នេះ​ ចិន​បាន​ឈរ​នៅ​លំដាប់​កំពូល​លើ​ការ​វិនិយោគ​នៅ​កម្ពុជា​”។ លោក​បន្ត​ទៀត​ថា​ “ដើម្បី​ធ្វើ​ឱ្យ​កិច្ច​ទំនាក់ទំនង​ និង​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​កម្ពុជា​ ឱ្យ​កាន់តែ​ល្អ​បន្ថែម​ទៀត​ កម្ពុជា​ចាំបាច់​ត្រូវការ​ភាគី​ចិន​ជួយ​បន្ថែម​លើ​គ្រប់​វិស័យ​ទៀត​”។

នៅក្នុង​កិច្ច​ជំនួប​ខាងលើ​នេះ​ កម្ពុជា​បាន​ស្នើសុំ​ភាគី​ចិន​ ដែល​មាន​លោក​ Ma​ Jian​ អគ្គនាយក​នៃ​តំបន់​សេដ្ឋកិច្ច​ពិ​សេ​សព្រ​លាន​យន្តហោះ​ក្រុង​ Zheng​ zhou​ (Zheng​ zhou​ Airport​ Economic​ Zone​-ZAEZ​) នៃ​ខេត្ត​ហឺ​ណាន​ ប្រទេស​ចិន​ ជា​តំណាង​ រួមា​ន៤ចំណុច​សំ​ខាន់​ៗរួមមាន​ ​ទី១​ – ជំរុញ​ការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​ ពី​ខេត្ត​ហឺ​ណា​នមក​កម្ពុជា​ ទាំង​ផ្នែក​ដឹកជញ្ជូន​អ្នកដំណើរ​ (passengers​) និង​ទំនិញ​ (Cargos​)។

ទី២​ – អាស្រ័យ​ដោយ​ខេត្ត​ហឺ​ណាន​ ជា​ខេត្ត​ដែល​មាន​ប្រជាជន​ច្រើន​រហូត​ប្រមាណ​ ១០០លាន​នាក់​អង្គប្រជុំ​ក៏​ឯកភាព​ និង​ទទួលស្គាល់​ភាព​ចាំបាច់ក្នុង​ការជំរុញ​ និង​ពិនិត្យ​លទ្ធភាព​បង្កើត​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ខេត្ត​ហឺ​ណាន​។

ទី៣ ​- ការពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​ តាមរយៈ​ការ​ត្រៀម​រៀបចំ​ព្រឹត្តិ​កា​រណ៍​ធំៗ​ ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា​ នៃ​សក្តា​នុ​ពល​ទេសចរណ៍​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ខេត្ត​ហឺ​ណាន​ ជាពិសេស​ត្រៀម​សហការ​រៀបចំ​ពិធី​បិទ​ព្រឹត្តិ​ការណ៍​ឆ្នាំ​ទេសចរណ៍​ និង​វប្បធម៌​ កម្ពុជា​-ចិន​ ផង​ដែរ​។

ទី៤​- ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​នៅ​ថ្ងៃ​អនាគត​ នឹង​ជំរុញ​ឲ្យ​មានការ​ចុះ​អនុស្សារ​ណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ទេសចរណ៍​រវាង​កម្ពុជា​ និង​តំបន់​សេដ្ឋកិច្ច​ពិ​សេ​សព្រ​លាន​យន្តហោះ​ក្រុង​ Zhengzhou​ (ZAE​)របស់​ខេត្ត​ហឺ​ណាន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here