ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាការលើកកម្ពស់ និងជំរុញការលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុន ក៏ដូចជាម្ចាស់អាជីវកម្ម សិប្បកម្មនានានៅកម្ពុជា ក្រសួងពាណិជ្ជកម្មបានដាក់ចេញនូវផែនការពង្រឹងច្បាប់ការពារកម្មសិទ្ធិបញ្ញា រួមជាមួយនឹងការដាក់ចេញនូវគោលការណ៍ចំនួន៤ចំណុច ដើម្បីឱ្យមានប្រសិទ្ធភាពនៃការអនុវត្តអភិបាលកិច្ចល្អ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា ក្រសួងបានពង្រឹងការការពារកម្មសិទ្ធិបញ្ញា និងយន្តការត្រួតពិនិត្យ ដើម្បីទប់ស្កាត់ការក្លែងបន្លំ សំដៅការពារសុខមាលភាពប្រជាជនទាំងមូល តាមរយៈច្បាប់ចំនួន៣ ដែលនឹងត្រូវដឹកនាំអនុវត្តដោយអគ្គនាយកដ្ឋានកាំកុងត្រូលថ្មី។
-->
លោកបានបន្តទៀតថាច្បាប់ចំនួន៣ ដែលត្រូវបានកំណត់រួមមានច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលច្បាប់ទាំងអស់នេះ បានអនុម័តរួចហើយដោយគណៈរដ្ឋមន្ត្រី ហើយបានបញ្ជូនទៅដល់រដ្ឋសភា ដើម្បីធ្វើការអនុម័ត នៅពេលបើកបវេសនកាលឡើងវិញ។
នៅក្នុងកិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញកាលពីចុងសប្ដាហ៍កន្លងទៅដើម្បីតាមដានវឌ្ឍនភាពការងាររបស់មន្ទីរ និងផ្សព្វផ្សាយអំពីសមិទ្ធផលការងារសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ក៏ដូចជាកិច្ចការដែលរាជរដ្ឋាភិបាល និងក្រសួងកំពុងបន្តអនុវត្ត សំដៅជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មជាតិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបានដាក់គោលការណ៍ និងស្នើដល់មន្ត្រីធ្វើកិច្ចការសំខាន់ៗចំនួន៤បន្ថែមទៀត ។
ការដាក់ចេញនូវគោលការណ៍ទាំង៤នេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ រួមមានដូចជា៖
១) ខិតខំពង្រីកចំណេះដឹងទាំងកម្រិតជំនាញ និងភាសាបរទេស
២) សហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្សព្វផ្សាយកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម
៣) បញ្ចៀសដាច់ខាតការយកកម្រៃសេវាក្រៅផ្លូវការពីវិស័យឯកជន និង
៤) សហការជាមួយក្រុមការងារចុះពង្រឹងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងអង្គភាពរបស់ខ្លួន។
ក្រៅពីសំណើខាងលើ លោករដ្ឋមន្ត្រី បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមអនុវត្តយុទ្ធសាស្រ្ដកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលបានអនុម័តកាលពីខែមិថុនា ឆ្នាំ២០០៥ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាប័ន (ការចូលរួមពីគ្រប់ភាគី) រវាងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ធានាការអភិវឌ្ឍសង្គម និងការធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

បន្ថែមពីនេះ លោកក៏បានលើកឡើងអំពីសមិទ្ធផលការងារផ្នែកពាណិជ្ជកម្មអន្តរជាតិ ជាពិសេសការចរចាទាញយកអត្ថប្រយោជន៍ផ្សេងៗ ពីកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី ព្រមទាំងបានបង្ហាញនូវមោទកភាពចំពោះសមិទ្ធផលការងារទាំងឡាយ ដែលកើតចេញពីវប្បធម៌សាមគ្គីភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅក្នុងក្រសួង និងនៅតាមមន្ទីរពាណិជ្ជកម្ម ក៏ដូចជាសាខាកាំកុងត្រូលរាជធានី-ខេត្តផងដែរ ៕