ក្រសួង​ពាណិជ្ជកម្ម​ ដាក់ចេញ​គោលការណ៍​ ៤ចំណុច​ និង​ពង្រឹង​ច្បាប់​កម្មសិទ្ធិ​បញ្ញា​

0

ដោយ​ ៖ រ៉ា​ណេត

​ភ្នំពេញ​ ៖ ជា​ការ​លើកកម្ពស់​ និង​ជំរុញ​ការ​លើកទឹកចិត្ត​ដល់​បណ្តា​ក្រុមហ៊ុន​ ក៏ដូចជា​ម្ចាស់​អាជីវកម្ម​ សិប្បកម្ម​នានា​នៅ​កម្ពុជា​ ក្រសួង​ពាណិជ្ជកម្ម​បាន​ដាក់ចេញ​នូវ​ផែនការ​ពង្រឹង​ច្បាប់​ការពារ​កម្មសិទ្ធិ​បញ្ញា​ រួម​ជាមួយនឹង​ការ​ដាក់ចេញ​នូវ​គោលការណ៍​ចំនួន៤ចំណុច​ ដើម្បី​ឱ្យ​មានប្រសិទ្ធភាព​នៃ​ការអនុវត្ត​អភិបាលកិច្ច​ល្អ​។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ បាន​មានប្រសាសន៍​ថា​ ក្រសួង​បាន​ពង្រឹង​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​ និង​យន្តការ​ត្រួតពិនិត្យ​ ដើម្បី​ទប់ស្កាត់​ការ​ក្លែងបន្លំ​ សំដៅ​ការពារ​សុខមាលភាព​ប្រជាជន​ទាំងមូល​ តាមរយៈ​ច្បាប់​ចំនួន៣​ ដែល​នឹង​ត្រូវ​ដឹកនាំ​អនុវត្ត​ដោយ​អគ្គនាយក​ដ្ឋាន​កាំកុងត្រូល​ថ្មី​។

លោក​បាន​បន្ត​ទៀត​ថា​ច្បាប់​ចំនួន៣​ ដែល​ត្រូវ​បាន​កំណត់​រួមមាន​ច្បាប់​ស្ដីពី​សុវត្ថិភាព​ម្ហូបអាហារ​ ច្បាប់​ស្ដីពី​ការប្រកួត​ប្រជែង​ និង​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើ​ប្រាស់​ ដែល​ច្បាប់​ទាំងអស់​នេះ​ បាន​អនុម័ត​រួចហើយ​ដោយ​គណៈរដ្ឋ​មន្ត្រី​ ហើយ​បាន​បញ្ជូន​ទៅដល់​រដ្ឋសភា​ ដើម្បី​ធ្វើការ​អនុម័ត​ នៅពេល​បើក​បវេសនកាល​ឡើងវិញ​។

នៅក្នុង​កិច្ច​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ដើម្បី​តាមដាន​វឌ្ឍនភាព​ការងារ​របស់​មន្ទីរ​ និង​ផ្សព្វផ្សាយ​អំពី​សមិទ្ធផល​ការងារ​សំ​ខាន់​ៗរបស់ក្រ​សួង​ពាណិជ្ជកម្ម​ ក៏ដូចជា​កិច្ចការ​ដែល​រាជរដ្ឋាភិបាល​ និង​ក្រសួង​កំពុង​បន្ត​អនុវត្ត​ សំដៅ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​ជាតិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​បាន​ដាក់​គោលការណ៍​ និង​ស្នើ​ដល់​មន្ត្រី​ធ្វើ​កិច្ចការ​សំ​ខាន់​ៗចំនួន៤បន្ថែម​ទៀត​ ។

ការ​ដាក់ចេញ​នូវ​គោលការណ៍​ទាំង៤នេះ​ គឺ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការអនុវត្ត​អភិបាលកិច្ច​ល្អ​ ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​ រួមមាន​ដូចជា​៖

១) ខិតខំ​ពង្រីក​ចំណេះដឹង​ទាំង​កម្រិត​ជំនាញ​ និង​ភាសាបរទេស​
២) សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​ និង​ក្រសួង​ពាណិជ្ជកម្ម​
៣) បញ្ចៀស​ដាច់ខាត​ការ​យក​កម្រៃ​សេវា​ក្រៅផ្លូវការ​ពី​វិស័យ​ឯកជន​ និង ​
៤) សហការ​ជាមួយ​ក្រុមការងារ​ចុះ​ពង្រឹង​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​-ខេត្ត​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅក្នុង​អង្គភាព​របស់​ខ្លួន​។

ក្រៅពី​សំណើ​ខាងលើ​ លោក​រដ្ឋមន្ត្រី​ បាន​លើកឡើង​ពី​កិច្ចប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ និង​ក្រសួង​ពាណិជ្ជកម្ម​ ក្នុង​ការចូលរួម​អនុវត្ត​យុទ្ធ​សា​ស្រ្ដកំ​ណែ​ទម្រង់​វិមជ្ឈការ​ និង​វិស​ហម​ជ្ឈ​ការ​ ដែល​បាន​អនុម័ត​កាលពី​ខែមិថុនា​ ឆ្នាំ២០០៥​ ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ប្រកប​ដោយ​បរិ​យា​ប័ន​ (ការចូលរួម​ពី​គ្រប់​ភាគី​) រវាង​ស្ថាប័ន​ថ្នាក់​ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ​ ដែល​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ធានា​ការ​អភិវឌ្ឍ​សង្គម​ និង​ការ​ធ្វើ​ពិពិធ​កម្ម​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។

បន្ថែម​ពីនេះ​ លោក​ក៏បាន​លើកឡើង​អំពី​សមិទ្ធផល​ការងារ​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​ ជាពិសេស​ការចរចា​ទាញ​យក​អត្ថ​ប្រយោជន៍​ផ្សេង​ៗ ពី​កិច្ច​ព្រមព្រៀង​ទ្វេភាគី​ និង​ពហុភាគី​ ព្រមទាំង​បាន​បង្ហាញ​នូវ​មោទកភាព​ចំពោះ​សមិទ្ធផល​ការងារ​ទាំងឡាយ​ ដែល​កើត​ចេញពី​វប្បធម៌​សាមគ្គីភាព​របស់​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​រាជការ​គ្រប់​លំដាប់ថ្នាក់​ ទាំង​នៅក្នុង​ក្រសួង​ និង​នៅ​តាម​មន្ទីរ​ពាណិជ្ជកម្ម​ ក៏ដូចជា​សាខា​កាំកុងត្រូល​រាជធានី​-ខេត្ត​ផង​ដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here