ធនាគារ​ SME​ ដែល​មាន​ទុន​ ១០០លាន​ដុល្លារ​ នឹង​ចេញដំណើរ​នៅ​ចុងឆ្នាំ​នេះ​

0

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​៖ វិស័យ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ( SMEs​) គឺជា​សរសៃឈាម​យ៉ាង​សំខាន់​នៅក្នុង​ចរន្ត​នៃ​កិច្ច​ដំណើរការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ ដែល​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។

ដោយ​មើលឃើញ​ពី​សារសំខាន់​នៃ​វិស័យ​មួយ​នេះ​ រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ផ្តល់​ថវិកា​ចំនួន​ ១០០​ លាន​ដុល្លារ ដើម្បី​បង្កើត​ធនាគារ​ក្នុង​គោលដៅ​ជួយ​គាំទ្រ​ និង​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។

នៅក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​លើកកម្ពស់​ការអភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​ និង​មធ្យម​ រួម​ជាមួយនឹង​ពិធី​បិត​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​ និង​ ពិព័រណ៍​ឧស្សាហកម្ម​ សម្លៀកបំពាក់​ &​ វាយនភ័ណ្ឌ​ កម្ពុជា​ – អន្តរជាតិ​ កាលពី​រសៀល​ថ្ងៃទី២៥​ ខែសីហា​ ម្សិលមិញ​នេះ​ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ​ លោក​ ហេង​ សុខ​គង់​ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ បាន​មានប្រសាសន៍​ថា​ “ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បានសម្រេច​ផ្តល់​ថវិកា​ ចំនួន​ ១០០លាន​ដុល្លារ​ សម្រាប់​ការបង្កើត​ធនាគារ​ (SME​s) ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ សំដៅ​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន”។

លោក​បាន​បន្ត​ទៀត​ថា​ “មកដល់ពេលនេះ​ ការសិក្សា​អំពី​សមិទ្ធិ​លទ្ធភាព​ ការបង្កើត​ក្របខ័ណ្ឌ​ច្បាប់​ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ ព្រមទាំង​ការរៀបចំ​ផែនការ​ អាជីវកម្ម​ និង​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​ធនាគារ​ ដើម្បី​ឈាន​ដល់​ការបង្កើត​ធនាគា​ ត្រូវ​បាន​ និង​កំពុង​រៀបចំ​ស្ទើរតែ​បញ្ចប់​ទាំងស្រុង​ ដោយ​ធនាគារ​នេះ​ត្រូវ​បាន​រំពឹង​ថា​ នឹង​លេចចេញ​ជារូបរាង​នៅ​ចុងឆ្នាំ២០១៩​ ខាងមុខ នេះ​”។

ពាក់ព័ន្ធ​នឹង​វិស័យ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែកឯកជន​លើក​ទី១៨​ កាលពី​ចុង​មីនា​ កន្លងទៅ​នេះ​ រាជរដ្ឋាភិបាល​បាន​រៀបចំ​វិធាន​ និង​នីតិវិធី​លម្អិត​ដើម្បី​អនុវត្តន៍​តាមដាន​វិ​ឌ្ឍ​នភា​ព និង​វាយតម្លៃ​ប្រសិទ្ធភាព​ នៃ​ការអនុវត្ត​ន៍​និង​រៀបចំ​ស្នើ​នូវ​វិធានការ​បន្ថែម​ក្នុងករណី​ចាំបាច់​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​នេះ​ ។

វិស័យ​ SMEs​ គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ ដែល​ប្រៀបបានទៅ​នឹង​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​ជាតិ​ ជួយ​ដល់​ផលិតផល​សរុប​ក្នុង​ស្រុក​មាន​កំណើន​ល្អ​ ជាពិសេស​ជួយ​បង្កើន​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង​ ៣២,៨​ ភាគរយ​ កាលពី​ឆ្នាំ​ ២០១៨​ ពោល​គឺ​លឿន​ជាង​ផែនការ​ដែល​បាន​គ្រោងទុក​រហូតដល់​ប្រមាណ​ជិត​ ៥ ឆ្នាំ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here