ដោយ ៖ រ៉ាណេត
ភ្នំពេញ៖ វិស័យសហគ្រាសខ្នាតតូច និងមធ្យម ( SMEs) គឺជាសរសៃឈាមយ៉ាងសំខាន់នៅក្នុងចរន្តនៃកិច្ចដំណើរការក្នុងវិស័យពាណិជ្ជកម្ម ដែលជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

ដោយ ៖ រ៉ាណេត
ភ្នំពេញ៖ វិស័យសហគ្រាសខ្នាតតូច និងមធ្យម ( SMEs) គឺជាសរសៃឈាមយ៉ាងសំខាន់នៅក្នុងចរន្តនៃកិច្ចដំណើរការក្នុងវិស័យពាណិជ្ជកម្ម ដែលជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

ដោយមើលឃើញពីសារសំខាន់នៃវិស័យមួយនេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ថវិកាចំនួន ១០០ លានដុល្លារ ដើម្បីបង្កើតធនាគារក្នុងគោលដៅជួយគាំទ្រ និងអភិវឌ្ឍប្រកបដោយនិរន្តរភាព។
នៅក្នុងសិក្ខាសាលាស្តីពីការលើកកម្ពស់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម រួមជាមួយនឹងពិធីបិតព្រឹត្តិការណ៍ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្ត និង ពិព័រណ៍ឧស្សាហកម្ម សម្លៀកបំពាក់ & វាយនភ័ណ្ឌ កម្ពុជា – អន្តរជាតិ កាលពីរសៀលថ្ងៃទី២៥ ខែសីហា ម្សិលមិញនេះ នៅសាលពិព័រណ៍កោះពេជ្រ លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានមានប្រសាសន៍ថា “ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ថវិកា ចំនួន ១០០លានដុល្លារ សម្រាប់ការបង្កើតធនាគារ (SMEs) ដើម្បីគាំទ្រដល់ការអភិវឌ្ឍ សំដៅចូលរួមជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន”។
លោកបានបន្តទៀតថា “មកដល់ពេលនេះ ការសិក្សាអំពីសមិទ្ធិលទ្ធភាព ការបង្កើតក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងការរៀបចំផែនការ អាជីវកម្ម និងរចនាសម្ព័ន្ធដឹកនាំរបស់ធនាគារ ដើម្បីឈានដល់ការបង្កើតធនាគា ត្រូវបាន និងកំពុងរៀបចំស្ទើរតែបញ្ចប់ទាំងស្រុង ដោយធនាគារនេះត្រូវបានរំពឹងថា នឹងលេចចេញជារូបរាងនៅចុងឆ្នាំ២០១៩ ខាងមុខ នេះ”។
ពាក់ព័ន្ធនឹងវិស័យសហគ្រាសខ្នាតតូច និងមធ្យម នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ កាលពីចុងមីនា កន្លងទៅនេះ រាជរដ្ឋាភិបាលបានរៀបចំវិធាន និងនីតិវិធីលម្អិតដើម្បីអនុវត្តន៍តាមដានវិឌ្ឍនភាព និងវាយតម្លៃប្រសិទ្ធភាព នៃការអនុវត្តន៍និងរៀបចំស្នើនូវវិធានការបន្ថែមក្នុងករណីចាំបាច់ដើម្បីដោះស្រាយនូវបញ្ហាប្រឈមក្នុងវិស័យនេះ ។

វិស័យ SMEs គឺជាផ្នែកមួយយ៉ាងសំខាន់ ដែលប្រៀបបានទៅនឹងឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ជួយដល់ផលិតផលសរុបក្នុងស្រុកមានកំណើនល្អ ជាពិសេសជួយបង្កើនដល់កំណើនសេដ្ឋកិច្ចជាតិប្រមាណជាង ៣២,៨ ភាគរយ កាលពីឆ្នាំ ២០១៨ ពោលគឺលឿនជាងផែនការដែលបានគ្រោងទុករហូតដល់ប្រមាណជិត ៥ ឆ្នាំ ៕