ដោយ Donald Lee
ភ្នំពេញៈ ភាគហ៊ុនអាស៊ីបានដាំក្បាលចុះ នៅពេលចាប់ផ្តើមធ្វើការជួញដូរនៅថ្ងៃ ច័ន្ទនេះ ខណៈប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា លោកមាន ឆន្ទៈប្រកាសស្ថានភាពអាសន្ន នៅក្នុងសង្គ្រាមពាណិជ្ជកម្មប្រឆាំងនឹងប្រទេសចិន។
ផ្សារហ៊ុនហុងកុងបានធ្លាក់ចុះយ៉ាងខ្លាំង ជាមួយនឹងអាត្រាធ្លាក់ចុះ៣ភាគរយ បន្ទាប់មក គឺសៀងហៃធ្លាក់ចុះ១,៦ ភាគរយ។ នៅជប៉ុន ផ្សារហ៊ុន Nikkei ធ្លាក់ចុះ២,៦ ភាគរយ ផ្សារហ៊ុនរបស់កូរ៉េខាងត្បូង Kospi ធ្លាក់ចុះ ១,៦ភាគរយ និងផ្សារហ៊ុនរបស់តៃវ៉ាន់ Taiex ធ្លាក់ចុះ១,៤ ភាគរយ។
-->
ការធ្លាក់ចុះផ្សារហ៊ុនអាស៊ីស្របគ្នា នឹងទីផ្សារអាមេរិកដែលមានការធ្លាក់ចុះនៃតម្លៃភាគហ៊ុន ជាង២ភាគរយកាលពីថ្ងៃសុក្រ។
លោក Trump បានធ្វើអត្ថាធិប្បាយ នៅឯកិច្ចប្រជុំកំពូលប្រចាំឆ្នាំ G-7 ដែលធ្វើឡើងនៅប្រទេសបារាំងថា លោកអាចនឹងប្រកាសអំពីភាពអាសន្ន នៅពេលសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបន្តកើនឡើងយ៉ាងខ្លាំង។
លោក Trump នៅឯទីក្រុងឆ្នេរ Biarritz ប្រទេសបារាំងបាននិយាយថា “ខ្ញុំអាចប្រកាសអាសន្នថ្នាក់ជាតិ”។
លោក Trumpបានបន្ថែមថា “តាមវិធីជាច្រើននេះគឺជាភាពអាសន្ន នៅពេលពួកគេលួចយក និងលួចទ្រព្យសម្បត្តិបញ្ញា ដែលមានតម្លៃតម្លៃពី៣០០ ទៅ៥០០ពាន់ដុល្លារក្នុងមួយឆ្នាំ ហើយចំពេលដែលយើងខាតបង់សរុបជិតមួយទី្រលានដុល្លារ ក្នុងមួយឆ្នាំអស់រយៈពេលជាច្រើនឆ្នាំ”។
កាលពីថ្ងៃសុក្រ ចិនបានប្រកាសថានឹងយកពន្ធលើទំនិញនាំចូលពីអាមេរិកដែលមានតម្លៃ៧៥ពាន់លានដុល្លារវិញ ដោយតម្លើងពន្ធពី៥ ទៅ១០ភាគរយ។ លើសពីនេះ ក្រសួងហិរញ្ញវត្ថុចិនបានឲ្យដឹងថា ខ្លួននឹងអនុវត្តពន្ធ២៥ភាគរយលើរថយន្ត និងគ្រឿងបន្លាស់រថយន្តរបស់អាមេរិក។
នៅពេលទទួលបានព័ត៌មានអំពីពន្ធគយចិនថ្មី ប្រធានាធិបតីអាមេរិកបានឆ្លើយតបភ្លាមៗលើប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter។
លោកTrumpបានសរសេរថា “ប្រទេសរបស់យើងបានខាតបង់ប្រាក់រាប់ពាន់លានដុល្លារជាមួយចិនអស់រយៈពេលជាច្រើនឆ្នាំ ហើយទឹកប្រាក់ដ៏ច្រើនដែលបានធ្វើ និងលួចបានដោយចិនពីមេរិក ពីមួយឆ្នាំទៅមួយឆ្នាំអស់ជាច្រើនទសវត្សរ៍នឹងត្រូវបញ្ឈប់ហើយ”។
ជាមួយនឹងកំហឹងរបស់លោក Trumpកាលពីចុងសប្តាហ៍ លោកក៏បានបញ្ជាឱ្យក្រុមហ៊ុនអាមេរិកនៅចិនចាកចេញ ហើយត្រលប់មកអាមេរិកវិញ ឬរកប្រទេសផ្សេងទៀតសម្រាប់ការប្រើជាមូលដ្ឋានខ្សែសង្វាក់ផ្គត់ផ្គង់។
លោក Trump បានសរសេរថា “ក្រុមហ៊ុនអាមេរិកដ៏អស្ចារ្យរបស់យើងត្រូវបានបញ្ជាឱ្យចាប់ផ្តើម ស្វែងរកទីតាំងវិនិយោគផ្សេងជំនួសចិនជាបន្ទាន់ ដោយនាំក្រុមហ៊ុនមកអាមេរិកវិញ និងផលិតផលិតផលរបស់អ្នកនៅអាមេរិក”។
របាយការណ៍ថ្មីៗនេះរបស់ Bloomberg បានប៉ាន់ស្មានថា សេដ្ឋកិច្ចពិភពលោកនឹងខាតបង់ទឹកប្រាក់ជិត៥៨៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ ដោយសារបញ្ហាសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើតមាន។
ក្រុមអ្នកសេដ្ឋកិច្ចនិយាយថា សង្គ្រាមពាណិជ្ជកម្មកំពុងជំរុញសេដ្ឋកិច្ចពិភពលោកឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ច ដោយសារតែភាពមិនប្រាកដប្រជារបស់លោក Trump កំពុងបង្កើតនៅក្នុងទីផ្សារពិភពលោក។
លើសពីនេះទៀត គោលនយោបាយឯកោរបស់លោក Trump និងការមិនចង់ធ្វើការរួមគ្នាជាមួយមេដឹកនាំពិភពលោកផ្សេងទៀត ជាពិសេសនៅG-7 ដើម្បីដោះស្រាយការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក គឺផ្ទុយស្រឡះពីប្រធានាធិបតីអាមេរិកដទៃទៀត នៅពេលពួកគេប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចពិភពលោក។
អ្នកសិក្សានៅក្រុមប្រឹក្សាការបរទេសលោក Stewart M. Patrick និយាយជាមួយកាសែត Los Angeles Times ថា “នៅក្នុងវិបត្តិហិរញ្ញវត្ថុចុងក្រោយទាំងលោក George W. Bush និងលោក Barack Obama អាចបញ្ចុះបញ្ចូលមនុស្សនៅលើពិភពលោកដោយលើកឡើងថា មនុស្សគ្រប់គ្នានៅលើទូកសង្គ្រោះជីវិត គួរតែដើរក្នុងទិសដៅតែមួយ”។
លោកបានបន្ថែមថា “ជាមួយលោកTrumpសារខាងលើ អាចបង្ហាញថាមនុស្សទាំងអស់គឺត្រូវធ្វើដើម្បីលោក”៕