ភាគហ៊ុន​អាស៊ី​ដាំ​ក្បាល​ចុះ​ ខណៈ​លោក​ Trump​ ត្រៀមខ្លួន​ប្រកាស​អាសន្ន​ប្រឆាំង​នឹង​ចិន​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​

0

ដោយ ​Donald​ Lee​

ភ្នំ​ពេញៈ​ ភាគហ៊ុន​អាស៊ី​បាន​ដាំ​ក្បាល​ចុះ​ នៅពេល​ចាប់ផ្តើម​ធ្វើការ​ជួញដូរ​នៅ​ថ្ងៃ​ ច័ន្ទ​នេះ​ ខណៈ​ប្រធានាធិបតី​អាមេរិក​លោក ​Donald​ Trump​ បាន​និយាយ​ថា​ លោក​មាន​ ឆន្ទៈ​ប្រកាស​ស្ថានភាព​អាសន្ន​ នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ប្រឆាំង​នឹង​ប្រទេស​ចិន​។

ផ្សារហ៊ុន​ហុងកុង​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ ជាមួយនឹង​អា​ត្រា​ធ្លាក់ចុះ៣ភាគរយ​ បន្ទាប់មក​ គឺ​សៀងហៃ​ធ្លាក់ចុះ១​,៦ ភាគរយ​។ នៅ​ជប៉ុន​ ផ្សារហ៊ុន​ Nikkei​ ធ្លាក់ចុះ២​,៦ ភាគរយ​ ផ្សារហ៊ុន​របស់​កូរ៉េ​ខាងត្បូង​ Kospi​ ធ្លាក់ចុះ ១​,៦ភាគរយ​ និង​ផ្សារហ៊ុន​របស់​តៃវ៉ាន់​ Taiex​ ធ្លាក់ចុះ១​,៤ ភាគរយ​។

ការ​ធ្លាក់ចុះ​ផ្សារហ៊ុន​អាស៊ី​ស្របគ្នា​ នឹង​ទីផ្សារ​អាមេរិក​ដែល​មានការ​ធ្លាក់ចុះ​នៃ​តម្លៃ​ភាគហ៊ុន​ ជាង២ភាគរយ​កាលពី​ថ្ងៃសុក្រ​។

លោក​ Trump​ បាន​ធ្វើ​អត្ថា​ធិប្បាយ​ នៅ​ឯកិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​ G-7 ដែល​ធ្វើឡើង​នៅ​ប្រទេស​បារាំង​ថា​ លោក​អាច​នឹង​ប្រកាស​អំពី​ភាព​អាសន្ន​ នៅពេល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​។

លោក​ Trump​ នៅ​ឯទីក្រុង​ឆ្នេរ​ Biarritz​ ប្រទេស​បារាំង​បាន​និយាយ​ថា​ “ខ្ញុំ​អាច​ប្រកាស​អាសន្ន​ថ្នាក់​ជាតិ​”។

លោក​ Trump​បាន​បន្ថែម​ថា​ “តាមវិធី​ជាច្រើន​នេះ​គឺជា​ភាព​អាសន្ន​ នៅពេល​ពួកគេ​លួច​យក​ និង​លួច​ទ្រព្យសម្បត្តិ​បញ្ញា​ ដែល​មានតម្លៃ​តម្លៃ​ពី៣០០​ ទៅ៥០០ពាន់​ដុល្លារ​ក្នុង​មួយឆ្នាំ​ ហើយ​ចំ​ពេល​ដែល​យើង​ខាតបង់​សរុប​ជិត​មួយ​ទី្រ​លាន​ដុល្លារ​ ក្នុង​មួយឆ្នាំ​អស់រយៈពេល​ជាច្រើន​ឆ្នាំ​”។

កាលពី​ថ្ងៃសុក្រ​ ចិន​បាន​ប្រកាស​ថា​នឹង​យកពន្ធ​លើ​ទំនិញ​នាំចូល​ពី​អាមេរិក​ដែល​មានតម្លៃ៧៥ពាន់​លាន​ដុល្លារ​វិញ​ ដោយ​តម្លើង​ពន្ធ​ពី៥​ ទៅ១០ភាគរយ​។ លើស​ពីនេះ​ ក្រសួងហិរញ្ញវត្ថុ​ចិន​បាន​ឲ្យដឹង​ថា​ ខ្លួន​នឹង​អនុវត្ត​ពន្ធ២៥ភាគរយ​លើ​រថយន្ត​ និង​គ្រឿងបន្លាស់​រថយន្ត​របស់​អាមេរិក​។

នៅពេល​ទទួល​បាន​ព័ត៌មាន​អំពី​ពន្ធគយ​ចិន​ថ្មី​ ប្រធានាធិបតី​អាមេរិក​បាន​ឆ្លើយ​តប​ភ្លាម​ៗលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ Twitter​។

លោក​Trump​បាន​សរសេរ​ថា​ “ប្រទេស​របស់​យើង​បាន​ខាតបង់​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ជាមួយ​ចិន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ហើយ​ទឹកប្រាក់​ដ៏​ច្រើន​ដែល​បាន​ធ្វើ​ និង​លួច​បាន​ដោយ​ចិន​ពី​មេ​រិក​ ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​អស់​ជាច្រើន​ទសវត្សរ៍​នឹង​ត្រូវ​បញ្ឈប់​ហើយ​”។

ជាមួយនឹង​កំហឹង​របស់​លោក​ Trump​កាលពី​ចុង​សប្តាហ៍​ លោក​ក៏បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​អាមេរិក​នៅ​ចិន​ចាកចេញ​ ហើយ​ត្រលប់​មក​អាមេរិក​វិញ​ ឬរក​ប្រទេស​ផ្សេងទៀត​សម្រាប់​ការប្រើ​ជា​មូលដ្ឋាន​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​។

លោក​ Trump​ បាន​សរសេរ​ថា​ “ក្រុមហ៊ុន​អាមេរិក​ដ៏​អស្ចារ្យ​របស់​យើង​ត្រូវ​បាន​បញ្ជា​ឱ្យ​ចាប់ផ្តើម​ ស្វែងរក​ទីតាំង​វិនិយោគ​ផ្សេង​ជំនួស​ចិន​ជាបន្ទាន់​ ដោយ​នាំ​ក្រុមហ៊ុន​មក​អាមេរិក​វិញ​ និង​ផលិត​ផលិតផល​របស់​អ្នក​នៅ​អាមេរិក​”។

របាយ​កា​រណ៍​ថ្មី​ៗនេះ​របស់​ Bloomberg​ បាន​ប៉ាន់ស្មាន​ថា​ សេដ្ឋកិច្ច​ពិភពលោក​នឹង​ខាតបង់​ទឹកប្រាក់​ជិត៥៨៥ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ២០២១​ ដោយសារ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើតមាន​។

ក្រុម​អ្នកសេដ្ឋកិច្ច​និយាយ​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​កំពុង​ជំរុញ​សេដ្ឋកិច្ច​ពិភពលោក​ឆ្ពោះទៅ​រក​វិបត្តិសេដ្ឋកិច្ច​ ដោយសារតែ​ភាព​មិន​ប្រាកដប្រជា​របស់​លោក​ Trump​ កំពុង​បង្កើត​នៅក្នុង​ទីផ្សារ​ពិភពលោក​។

លើស​ពីនេះ​ទៀត​ គោលនយោបាយ​ឯកោ​របស់​លោក​ Trump​ និង​ការ​មិន​ចង់​ធ្វើការ​រួមគ្នា​ជាមួយ​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត​ ជាពិសេស​នៅ​G-7 ដើម្បី​ដោះស្រាយ​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ គឺ​ផ្ទុយ​ស្រឡះ​ពី​ប្រធានាធិបតី​អាមេរិក​ដទៃទៀត​ នៅពេល​ពួកគេ​ប្រឈមមុខនឹង​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​។

អ្នក​សិក្សា​នៅ​ក្រុមប្រឹក្សា​ការបរទេស​លោក​ Stewart​ M. Patrick​ និយាយ​ជាមួយ​កាសែត​ Los​ Angeles​ Times​ ថា​ “នៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​ចុងក្រោយ​ទាំង​លោក​ George​ W. Bush​ និង​លោក​ Barack​ Obama​ អាច​បញ្ចុះបញ្ចូល​មនុស្ស​នៅ​លើ​ពិភពលោក​ដោយ​លើកឡើង​ថា​ មនុស្ស​គ្រប់គ្នា​នៅ​លើ​ទូក​សង្គ្រោះ​ជីវិត​ គួរតែ​ដើរ​ក្នុង​ទិសដៅ​តែមួយ​”។

លោក​បាន​បន្ថែម​ថា​ “ជាមួយ​លោក​Trump​សារ​ខាងលើ​ អាច​បង្ហាញថា​មនុស្ស​ទាំងអស់​គឺ​ត្រូវ​ធ្វើ​ដើម្បី​លោក​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here