ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រុមការងារបច្ចេកទេសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះត្រួតពិនិត្យសំណង់ជាង ៥០០កន្លែងនៅខេត្តព្រះសីហនុ ក្នុងចំណោមនោះ បានរកឃើញការដ្ឋាន ១៤កន្លែង គ្មានគុណភាព ត្រូវរុះរើសំណង់ចេញ និង ៧០ការដ្ឋានផ្សេងទៀត ត្រូវធ្វើកោសលវិច្ច័យពីក្រុមហ៊ុនឯកជន ដើម្បីបញ្ជាក់ពីគុណភាពសំណង់ ដើម្បីបញ្ចៀសកុំឱ្យមានការខុសឆ្គងបន្តទៀត ។

-->
លោក គួច ចំរើន អភិបាលខេត្តព្រះសីនុ នៅក្នុងប្រជុំផ្សព្វផ្សាយស្តីពីវិធានការចំពោះក្រុមហ៊ុនប្រកបអាជីវកម្មសំណង់ ដែលមិនអនុវត្តតាមកាតព្វកិច្ច និងលក្ខខណ្ឌតម្រូវដោយបទដ្ឋានបច្ចេកទេសសំណង់កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះថា ក្រុមការងារបានរកឃើញនូវចំណុចខ្វះខាត ត្រូវរុះរើសំណង់ចេញ ហើយយើងក៏មានការសោកស្តាយផងដែរ ព្រោះនេះជាកំហុសឆ្គងរបស់អ្នកម៉ៅការសាងសង់ខ្វះគុណភាព មានហានិភ័យខ្ពស់ មិនអាចឱ្យសាងសង់បន្តទៀតបាន ។
លោកគួច ចំរើន បន្តថា ក្រុមការងាររបស់ក្រសួងដែនដី អាជ្ញាធរខេត្ត បានអញ្ជើញអ្នកម៉ៅការសាងសង់ចូលរួមកិច្ចប្រជុំ សំដៅធ្វើការពិភាក្សាជាមួយក្រុមការងារបច្ចេកទេសដោយតម្រូវឱ្យ អ្នកម៉ៅការ ត្រូវចុះបញ្ជីនៅក្រសួងដែនដី អ្នកម៉ៅការសាងសង់ សុំច្បាប់អនុញ្ញាតតាម លក្ខណបច្ចេកទេស អគារសំណង់ធំៗ ត្រូវមានអាងប្រព្រឹត្តិកម្មត្រឹមត្រូវ នៅតាមការដ្ឋានរបស់ខ្លួន ប្រសិនបើសំណង់ណាមិនបានអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត នោះរដ្ឋបាលខេត្ត និងមន្ត្រីជំនាញ នឹងអនុវត្តវិធានការរដ្ឋបាល ។
លោកអភិបាលខេត្តរូបនេះ បានបញ្ជាក់ថា រាល់ម្ចាស់ការដ្ឋានណាដែលមិនបានសហការតាមការអញ្ជើញរបស់រដ្ឋបាលខេត្តក្នុងការចូលរួមកិច្ចប្រជុំ ផ្សព្វផ្សាយ អំពីវិធានការចំពោះក្រុមហ៊ុនប្រកបអាជីវកម្មសំណង់ដែលមិនអនុវត្តតាមកាតព្វកិច្ច និងលក្ខខណ្ឌតម្រូវ ដោយបទដ្ឋានបច្ចេកទេសសំណង់ នឹងចុះផ្អាកការដ្ឋានទាំងនោះ ជាបណ្តោះអាសន្ន ។
លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដែលជាប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ខេត្តព្រះសីហនុ បានព្រមានថា ក្រុមហ៊ុនប្រកបអាជីវកម្មវិស័យសំណង់ ដែលមិនអនុវត្តតាមកាតព្វកិច្ច និងលក្ខខណ្ឌតម្រូវដោយបទដ្ឋានបច្ចេកទេសសំណង់ ត្រូវទទួលខុសត្រូវក្នុងកិច្ចសន្យា ចំពោះការខូចខាតបង្កឡើងដោយសំណង់ ។ ទទួលខុសត្រូវលើគំនូរប្លង់ សោភ័ណភាព ជ្រើសរើសសម្ភារៈ ការជ្រើសរើសបច្ចេកវិទ្យា ។
ត្រួតពិនិត្យការដ្ឋានឱ្យបានម៉ត់ចត់ ចៀសវាងការធ្វេសប្រហែសបង្កគ្រោះថ្នាក់ជាយថាហេតុ ។ លោកបន្តថា ពិសេសត្រូវអនុវត្តនូវវិធានការចំនួន៤ ក្នុងនោះមាន – ១ កាតព្វកិច្ច និងលក្ខខណ្ឌចំបងៗដែលក្រុមហ៊ុនប្រកបអាជីវកម្ម សិក្សាគម្រោងប្លង់ ត្រូវគោរព និងអនុវត្ត – ២ កាតព្វកិច្ច និងលក្ខខណ្ឌចំបងដែលក្រុមហ៊ុនប្រកប ការងារសាងសង់ និងក្រុមជាងសំណង់ ត្រូវគោរព និងអនុវត្ត – ៣ ម្ចាស់សំណង់ទទួលខុសត្រូវចាត់ចែង – ៤ វិធានការអនុវត្តតាមនិតិវិធីច្បាប់ចំពោះម្ចាស់សំណង់ ។

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀងចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីកន្លងទៅនេះ បានបង្កើតក្រុមការងារបច្ចេកទេស ដើម្បីចុះត្រួតពិនិតការដ្ឋានសំណង់នៅទូទំាងប្រទេសកម្ពុជា ជាពិសេសសំណង់នៅក្នុងខេត្តព្រះសីហនុដែលជាខេត្តមានសំណង់អគាររីកលូតលាស់ច្រើនក្នុងរយៈពេលប៉ុន្មានឆ្នំាកន្លងមកនេះ សំដៅដល់ការគ្រប់គ្រងសំណង់ឱ្យមានគុណភាព សុវត្ថិភាព និងស្តង់ដារអន្តរជាតិ៕