ដោយ វុត្ថា
ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកថ្មីមួយ នឹងសាងសង់នៅទីក្រុងភ្នំពេញជាមួយនឹងអាគារ៨៥ជាន់ ស្មើនឹង៤៨៥ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តមរាជធានីភ្នំពេញ។

គំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនេះ មានឈ្មោះថា MGN Tower ដែលបានត្រូវស្នើសុំវិនិយោគកាលពីឆ្នាំ២០១៨កន្លងមកនេះ។
យោងតាមគេហទំព័រ aasarchitecture បានចុះផ្សាយកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៩ កន្លងមកថា អគារនេះត្រូវបានគេរំពឹងថា នឹងក្លាយជានិមិត្តរូបរបស់ប្រទេសកម្ពុជា និងក្រុមហ៊ុន MGN ព្រោះគំរោងនេះបានសាងសង់ នៅតាមបណ្តោយផ្លូវដែលមានភាពមមាញឹក និងកណ្តាលទីក្រុងភ្នំពេញ។
អគារខ្ពស់កប់ពពកនេះ ត្រូវបានរចនាឡើងបំពាក់ទៅដោយកញ្ចក់ ដែលអាចគយគន់ទេសភាពទីក្រុងភ្នំពេញ ។ បច្ចុប្បន្ននេះគម្រោងនេះ ជាគំរោងខ្ពស់លំដាប់ទី២របស់ប្រទេសកម្ពុជា ប្រកបដោយគំនិតឆ្នៃប្រឌិតថ្មីនៃការរចនាដូចផ្កាអង្គារសីល និងស្ថាបត្យកម្មបាយ័ន។ ទំរង់អគារនេះផ្លាស់ប្តូរទ្រង់ទ្រាយផ្កាយ៉ាងទន់ភ្លន់ ដែលមានរចនាបថជារូបផ្កាយនៅផ្នែកខាងលើ។

អាគារដ៏ទាក់ទាញនេះ នឹងត្រូវសាងសង់នៅលើទីតាំងពាណិជ្ជកម្ម និងវប្បធម៌សម្រាប់ប្រជាពលរដ្ឋ នឹងអាចរីករាយនឹងបរិយាកាសនៃអគារខ្ពស់នៅក្នុងទីក្រុង ដែលមានសកម្មភាព ដូចជា នៅទីក្រុងញូវយ៉ក សិង្ហបុរី ឬសាយហ្គនជាដើម។

មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏អស្ចារ្យនេះ ត្រូវបានសាងសង់ឡើងសំរាប់ប្រើប្រាស់ចម្រុះរួមមាន ការិយាល័យធនាគារ ការិយាល័យ និងសណ្ឋាគារជាដើម៕









