អភិបាលខេត្ត​ព្រះសីហនុ​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ជំនាញ​ចាប់ផ្តើម​បង្ហោះ​ត្រូ​នដើម្បី​សិក្សា​ពី​ប្រព័ន្ធ​ប្រឡាយ​

0

ដោយៈ​ រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ អភិបាលខេត្ត​ព្រះសីហនុ​ បាន​ជួបពិភាក្សា​ជាមួយ​ក្រុម​ជំនាញ​ ដែល​ទទួល​សាងសង់​ចាប់ផ្តើម​បង្ហោះ​ត្រូ​ន (ឧបករណ៍​ថត​ពីលើ​អាកាស​) ពិនិត្យ​ស្ថានភាព​និង​ទីតាំង​អូរ​ ប្រឡាយ​ ងាយស្រួល​ក្នុង​ការអនុវត្ត​តាម​ផែនការមេ​។

នៅ​ត្រឹម​ព្រឹក​ថ្ងៃទី២៧​ ខែសីហា​ ព្រឹកមិញ​នេះ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ លោក​ គួច​ ចំរើន​ បាន​ទទួល​ជួបពិភាក្សា​ការងារ​ និង​ពិនិត្យ​លើ​ការ​ធ្វើ​បទ​បង្ហាញ​អំ​ពី​សក្តា​នុ​ពល​របស់​ក្រុមហ៊ុន​ បង្ហោះ​ត្រូ​ន ដើម្បី​សិក្សា​ និង​ប្រមូល​ទិន្នន័យ​ពី​ប្រព័ន្ធ​ អូរ​ ប្រឡាយ​ក្នុង​ក្រុង​ព្រះសីហនុ​ ដើម្បី​ចុះ​អនុវត្ត​ផែនការ​គ្រប់គ្រង​បញ្ហា​ទឹក​កខ្វក់​ និង​រំដោះ​ជំនន់​ទឹកភ្លៀង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

លោក​ សោម​ មិថុនា​រត្ន័​ ប្រធាន​ក្រុមហ៊ុន​ KCC​ Cambodia​ Co​ Ltd​ ដែល​ទទួល​បាន​គម្រោង​ចុះ​សិក្សា​ពី​លទ្ធភាព​ ក្នុង​ការសាងសង់​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​កខ្វក់​ និង​រំដោះ​ទឹកភ្លៀង​ បាន​លើកឡើង​ថា​ ដោយសារតែ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​បង្ក​ឱ្យ​មានការ​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​នា​ពេល​កន្លងមក​ ក្រុមហ៊ុន​ផ្តោត​ជា​សំខាន់​ទៅលើ​បញ្ហា​ទឹកភ្លៀង​ សណ្ឋានដី​ កំពស់​ទឹកសមុទ្រ​ ដែល​មាន​វិសាលភាព​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ ដូច្នេះ​ត្រូវ​មាន​ទិន្នន័យ​ពី​សណ្ឋានដី​ គម្រោង​កាត់បន្ថយ​គ្រោះមហន្តរាយ​ដោយ​ជំនន់​ទឹកភ្លៀង​។

លោក​បន្ត​ថា​ “យើង​ត្រូវ​ប្រមូល​ព័ត៌មាន​ និង​ទិន្នន័យ​ឱ្យ​សុក្រឹត​ ត្រូវ​សិក្សា​ពី​សណ្ឋានដី​ ប្រមូល​ព័ត៌មាន​ពី​ប្រព័ន្ធ​អូរ​ ប្រឡាយ​ទឹកភ្លៀង​ ទឹក​កខ្វក់​ និង​ទឹក​ស្អាត​ សិក្សា​ផ្អែកលើ​វិទ្យាសាស្ត្រ​ និង​មជ្ឈមណ្ឌល​វិភាគ​”។ លោ​បាន​បន្ត​ទៀត​ថា​ “ត្រូវ​មានការ​បណ្តុះបណ្តាល​ និង​ធ្វេី​បច្ចុ្បន្ន​ភាព​ទិន្នន័យ​ ម្យ៉ាងទៀត​កា​របង្ហោះ​ដ្រូ​ននេះ​ប្រើ​ពេល​ប្រហែល​ ១២សប្តាហ៍​ ដើម្បី​ប្រមូល​ទិន្នន័យ​ជាក់លាក់​លើ​ផ្ទៃដី ៥.០៨០ហិ​កតា​ ក្នុង​ក្រុង​ព្រះសីហនុ​”។

លោក​ គួច​ ចំរើន​ទទួលស្គាល់​ពី​ការ​លើកឡើង​របស់​ក្រុមហ៊ុន​ ដែល​មាន​គោលបំណង​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត​ សិក្សា​លើ​ប្រព័ន្ធ​អូរ​ ប្រឡាយ​ ដាក់​លូ​រំដោះ​ទឹកភ្លៀង​ និង​ទឹក​កខ្វក់​នៅ​ក្រុង​ព្រះសីហនុ​ ដើម្បី​កែ​លម្អ​សោភ័ណភាព​ បរិស្ថាន​កាន់តែ​ល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត​។

​លោក​បាន​លើកឡើង​ថា​ “បញ្ហា​ប្រឈម​ដោយ​ជំនន់​ទឹកភ្លៀង​នា​ពេល​បច្ចុប្បន្ន​ ជា​បន្ទុក​របស់​រដ្ឋបាល​ខេត្ត​ ក៏ដូចជា​ក្រសួង​មួយចំនួន​កំពុង​យកចិត្ត​ទុកដាក់​ ក្នុង​ការ​ដោះស្រាយ​សភាពការណ៍​ នៃ​គ្រោះមហន្តរាយ​ដោយ​ជំនន់​ទឹកភ្លៀង​ សម្រាប់​ខេត្ត​ព្រះសីហនុ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here