ដោយៈ រ៉ាណេត
ព្រះសីហនុៈ អភិបាលខេត្តព្រះសីហនុ បានជួបពិភាក្សាជាមួយក្រុមជំនាញ ដែលទទួលសាងសង់ចាប់ផ្តើមបង្ហោះត្រូន (ឧបករណ៍ថតពីលើអាកាស) ពិនិត្យស្ថានភាពនិងទីតាំងអូរ ប្រឡាយ ងាយស្រួលក្នុងការអនុវត្តតាមផែនការមេ។
នៅត្រឹមព្រឹកថ្ងៃទី២៧ ខែសីហា ព្រឹកមិញនេះ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានទទួលជួបពិភាក្សាការងារ និងពិនិត្យលើការធ្វើបទបង្ហាញអំពីសក្តានុពលរបស់ក្រុមហ៊ុន បង្ហោះត្រូន ដើម្បីសិក្សា និងប្រមូលទិន្នន័យពីប្រព័ន្ធ អូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ដើម្បីចុះអនុវត្តផែនការគ្រប់គ្រងបញ្ហាទឹកកខ្វក់ និងរំដោះជំនន់ទឹកភ្លៀងប្រកបដោយប្រសិទ្ធភាពខ្ពស់។
-->
លោក សោម មិថុនារត្ន័ ប្រធានក្រុមហ៊ុន KCC Cambodia Co Ltd ដែលទទួលបានគម្រោងចុះសិក្សាពីលទ្ធភាព ក្នុងការសាងសង់ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ និងរំដោះទឹកភ្លៀង បានលើកឡើងថា ដោយសារតែស្ថានភាពជំនន់ទឹកភ្លៀងបង្កឱ្យមានការជន់លិចផ្ទះប្រជាពលរដ្ឋនាពេលកន្លងមក ក្រុមហ៊ុនផ្តោតជាសំខាន់ទៅលើបញ្ហាទឹកភ្លៀង សណ្ឋានដី កំពស់ទឹកសមុទ្រ ដែលមានវិសាលភាពប្រឈមនឹងជំនន់ទឹកភ្លៀង ដូច្នេះត្រូវមានទិន្នន័យពីសណ្ឋានដី គម្រោងកាត់បន្ថយគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀង។
លោកបន្តថា “យើងត្រូវប្រមូលព័ត៌មាន និងទិន្នន័យឱ្យសុក្រឹត ត្រូវសិក្សាពីសណ្ឋានដី ប្រមូលព័ត៌មានពីប្រព័ន្ធអូរ ប្រឡាយទឹកភ្លៀង ទឹកកខ្វក់ និងទឹកស្អាត សិក្សាផ្អែកលើវិទ្យាសាស្ត្រ និងមជ្ឈមណ្ឌលវិភាគ”។ លោបានបន្តទៀតថា “ត្រូវមានការបណ្តុះបណ្តាល និងធ្វេីបច្ចុ្បន្នភាពទិន្នន័យ ម្យ៉ាងទៀតការបង្ហោះដ្រូននេះប្រើពេលប្រហែល ១២សប្តាហ៍ ដើម្បីប្រមូលទិន្នន័យជាក់លាក់លើផ្ទៃដី ៥.០៨០ហិកតា ក្នុងក្រុងព្រះសីហនុ”។
លោក គួច ចំរើនទទួលស្គាល់ពីការលើកឡើងរបស់ក្រុមហ៊ុន ដែលមានគោលបំណងចូលរួមជាមួយរដ្ឋបាលខេត្ត សិក្សាលើប្រព័ន្ធអូរ ប្រឡាយ ដាក់លូរំដោះទឹកភ្លៀង និងទឹកកខ្វក់នៅក្រុងព្រះសីហនុ ដើម្បីកែលម្អសោភ័ណភាព បរិស្ថានកាន់តែល្អប្រសើរឡើងបន្ថែមទៀត។
លោកបានលើកឡើងថា “បញ្ហាប្រឈមដោយជំនន់ទឹកភ្លៀងនាពេលបច្ចុប្បន្ន ជាបន្ទុករបស់រដ្ឋបាលខេត្ត ក៏ដូចជាក្រសួងមួយចំនួនកំពុងយកចិត្តទុកដាក់ ក្នុងការដោះស្រាយសភាពការណ៍ នៃគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀង សម្រាប់ខេត្តព្រះសីហនុ”៕