គ្មាន​ចិន​គ្មាន​បញ្ហា​ទេ​? អាមេរិក​ ជប៉ុន​បាន​ព្រមព្រៀង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​កាន់តែ​មាន​កំ​ដៅ​ខ្លាំង​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ និង​នាយក​រដ្ឋមន្រ្តី​ជប៉ុន​លោ​កស៊ីន​ហ្សូ​ អាបេ​ បាន​ព្រមព្រៀង​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​ G-7 ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង​ Biarritz​ ប្រទេស​បារាំង​កាលពី​ចុង​សប្តាហ៍​។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក​ ជប៉ុន​ថ្មី​ នឹង​កាត់បន្ថយ​ពន្ធ​លើ​ទំនិញ​កសិកម្ម​សំ​ខាន់​ៗរបស់​អាមេរិក​ ទៅកាន់​ជប៉ុន​ដូចជា​សាច់គោ​អាមេរិក​ ស្រូវសាលី​ សាច់​ជ្រូក​ និង​ផលិតផល​ពោត​។ ជា​ថ្នូរ​នឹង​ការយល់ព្រម​លោក​ Trump​ មិនព្រម​ដំឡើង​ពន្ធ​លើ​រថយន្ត​ជប៉ុន​ចូល​អាមេរិក​ទេ​។

លោក​ Trump​ បាន​គំរាម​ដំឡើង​ពន្ធ​លើ​វិស័យ​រថយន្ត​ជប៉ុន​ ចាប់តាំងពី​ខែ​ កញ្ញា​ ឆ្នាំមុន​។

លោក​ Trump​ បាន​និយាយ​ថា​ “យើង​បាន​និង​កំពុង​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​ជប៉ុន​ជាយូរមកហើយ​។ ហើយ​យើង​បាន​ឯកភាព​ជាគោល​ការណ៍​”។ លោក​បន្ថែម​ថា​ “កិច្ច​ព្រមព្រៀង​ថ្មី​នឹង​មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​”។

ក្រុម​អ្នកសេដ្ឋកិច្ច​បាន​និយាយ​ថា​ ជប៉ុន​ត្រូវ​បាន​គំរាម​ក្នុង​ធ្វើ​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ ដែល​រួមមាន​ ផលិតផល​កសិកម្ម​របស់​សហរដ្ឋអាមេរិក​ បន្ទាប់ពី​ចិន​មិនបាន​បន្ត​ទិញ​សណ្តែកសៀង​អាមេរិក​ បន្ទាប់ពី​ការចរចា​ពាណិជ្ជកម្ម​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សង្រ្គាម​ពន្ធគយ​ទាំងស្រុង​ នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។

លោកនាយក​រដ្ឋមន្រ្តី​ អាបេ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ “ទាក់ទង​ទៅ​នឹង​ការទិញ​ពោត​អាមេរិក​ ដែល​មាន​សក្តា​នុ​ពល​នៅ​ជប៉ុន​ឥឡូវនេះ​ យើង​កំពុង​ជួបប្រទះ​សត្វល្អិត​ចង្រៃ​លើ​ផលិតផល​កសិកម្ម​មួយចំនួន​។ហើយ​យើង​ត្រូវការ​ដើម្បី​ទិញ​ផលិតផល​កសិកម្ម​មួយចំនួន​”។

យោង​តាម​ក្រសួង​កសិកម្ម​អាមេរិក​បាន​ឲ្យដឹង​ថា​ អំឡុង​ពេល​ការ​កើតឡើង​នូវ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ ចិន​បាន​លុបចោល​រាល់​ការនាំចូល​ទំនិញ​កសិកម្ម​របស់​អាមេរិក​ ដែល​ធ្វើឲ្យ​កសិករ​នៅសល់​សណ្តែកសៀង​ក្នុង​ស្តុក​រាប់​សិប​តោន​។

ការទិញ​សណ្តែកសៀង​របស់​ចិន​មាន​ចំនួន៦០ភាគរយ​ នៃ​ការនាំចេញ​សណ្តែក​របស់​អាមេរិក​ដែល​មានតម្លៃ​ ៥,៩ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ការ​ធ្វើ​ជំរឿន​របស់​អាមេរិក​។

កាលពីមុន​ ចិន​បាន​យល់ព្រម​ទិញ​សណ្តែកសៀង​រាប់​លាន​តោន​ ពី​សហរដ្ឋអាមេរិក​តាម​ការ​ស្នើសុំ​ពិសេស​ ពីរ​ដ្ឋ​បាល​របស់​ប្រធានាធិបតី​អាមេរិក​ Trump​។

ការបញ្ឈប់​ការទិញ​ផលិតផល​កសិកម្ម​អាមេរិក​របស់​ចិន​ អាច​នឹង​មានផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​យុទ្ធនាការ​បោះឆ្នោត​ឡើងវិញ​ របស់​លោក​ Donald​ Trump​ នៅ​ឆ្នាំក្រោយ​ ប្រសិនបើ​ប្រទេស​ជប៉ុន​ មិនបាន​យល់ព្រម​នាំចូល​ផលិតផល​កសិកម្ម​បន្ថែម​ទៀត​នៅក្នុង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​នោះ​ទេ​។

ប្រជាសាស្ត្រ​សំខាន់​នៅក្នុង​មូលដ្ឋាន​ អ្នកបោះឆ្នោត​របស់​លោក​ Trump​ គឺ​កសិករ​នៅក្នុង​វិស័យ​កសិកម្ម​របស់​អាមេរិក​។

លោក​ Ichiro​ Fujisaki​ អតីត​ឯកអគ្គ​រដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​អាមេរិក​ បាន​និយាយ​កាន់​កាសែត ​Japan​ Times ​ដែល​មាន​ដ្ឋាន​នៅ​ទីក្រុង​តូក្យូ​ថា​ “ប្រសិនបើ​អ្នក​និយាយ​ថា​ ឈ្នះ​ឈ្នះ​ វា​ជា​អក្សរ​ធំ​សម្រាប់​អាមេរិក​ និង​អក្សរ​តូច​មួយ​“ ឈ្នះ​” សម្រាប់​ជប៉ុន​”។

ឯកអគ្គ​រដ្ឋទូត​រូប​នេះ​ បាន​បន្ថែម​ថា​ ផលប្រយោជន៍​សេដ្ឋកិច្ច​តែមួយគត់​ ចំពោះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ សម្រាប់​ជប៉ុន​គឺថា​អាមេរិក​ នឹង​មិន​ដាក់​ពន្ធ​ និង​ការ​រឹតត្បិត​ការនាំចូល​លើ​វិស័យ​រថយន្ត​ដ៏​សំខាន់​របស់​ជប៉ុន​ទេ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here