ដោយ Donald Lee
ភ្នំពេញៈ ខណៈសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកាន់តែមានកំដៅខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រធានាធិបតីអាមេរិក Donald Trump និងនាយករដ្ឋមន្រ្តីជប៉ុនលោកស៊ីនហ្សូ អាបេ បានព្រមព្រៀងលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងអំឡុងកិច្ចប្រជុំកំពូល G-7 ដែលបានធ្វើឡើងនៅទីក្រុង Biarritz ប្រទេសបារាំងកាលពីចុងសប្តាហ៍។
កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក ជប៉ុនថ្មី នឹងកាត់បន្ថយពន្ធលើទំនិញកសិកម្មសំខាន់ៗរបស់អាមេរិក ទៅកាន់ជប៉ុនដូចជាសាច់គោអាមេរិក ស្រូវសាលី សាច់ជ្រូក និងផលិតផលពោត។ ជាថ្នូរនឹងការយល់ព្រមលោក Trump មិនព្រមដំឡើងពន្ធលើរថយន្តជប៉ុនចូលអាមេរិកទេ។
-->
លោក Trump បានគំរាមដំឡើងពន្ធលើវិស័យរថយន្តជប៉ុន ចាប់តាំងពីខែ កញ្ញា ឆ្នាំមុន។
លោក Trump បាននិយាយថា “យើងបាននិងកំពុងធ្វើកិច្ចព្រមព្រៀងជាមួយជប៉ុនជាយូរមកហើយ។ ហើយយើងបានឯកភាពជាគោលការណ៍”។ លោកបន្ថែមថា “កិច្ចព្រមព្រៀងថ្មីនឹងមានតម្លៃរាប់ពាន់លានដុល្លារ”។
ក្រុមអ្នកសេដ្ឋកិច្ចបាននិយាយថា ជប៉ុនត្រូវបានគំរាមក្នុងធ្វើឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលរួមមាន ផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក បន្ទាប់ពីចិនមិនបានបន្តទិញសណ្តែកសៀងអាមេរិក បន្ទាប់ពីការចរចាពាណិជ្ជកម្មបានធ្លាក់ចូលទៅក្នុងសង្រ្គាមពន្ធគយទាំងស្រុង នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
លោកនាយករដ្ឋមន្រ្តី អាបេបានប្រាប់អ្នកសារព័ត៌មានថា “ទាក់ទងទៅនឹងការទិញពោតអាមេរិក ដែលមានសក្តានុពលនៅជប៉ុនឥឡូវនេះ យើងកំពុងជួបប្រទះសត្វល្អិតចង្រៃលើផលិតផលកសិកម្មមួយចំនួន។ហើយយើងត្រូវការដើម្បីទិញផលិតផលកសិកម្មមួយចំនួន”។
យោងតាមក្រសួងកសិកម្មអាមេរិកបានឲ្យដឹងថា អំឡុងពេលការកើតឡើងនូវជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន ចិនបានលុបចោលរាល់ការនាំចូលទំនិញកសិកម្មរបស់អាមេរិក ដែលធ្វើឲ្យកសិករនៅសល់សណ្តែកសៀងក្នុងស្តុករាប់សិបតោន។
ការទិញសណ្តែកសៀងរបស់ចិនមានចំនួន៦០ភាគរយ នៃការនាំចេញសណ្តែករបស់អាមេរិកដែលមានតម្លៃ ៥,៩ ពាន់លានដុល្លារ។ នេះបើយោងតាមការធ្វើជំរឿនរបស់អាមេរិក។
កាលពីមុន ចិនបានយល់ព្រមទិញសណ្តែកសៀងរាប់លានតោន ពីសហរដ្ឋអាមេរិកតាមការស្នើសុំពិសេស ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Trump។
ការបញ្ឈប់ការទិញផលិតផលកសិកម្មអាមេរិករបស់ចិន អាចនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់យុទ្ធនាការបោះឆ្នោតឡើងវិញ របស់លោក Donald Trump នៅឆ្នាំក្រោយ ប្រសិនបើប្រទេសជប៉ុន មិនបានយល់ព្រមនាំចូលផលិតផលកសិកម្មបន្ថែមទៀតនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីនោះទេ។
ប្រជាសាស្ត្រសំខាន់នៅក្នុងមូលដ្ឋាន អ្នកបោះឆ្នោតរបស់លោក Trump គឺកសិករនៅក្នុងវិស័យកសិកម្មរបស់អាមេរិក។
លោក Ichiro Fujisaki អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅអាមេរិក បាននិយាយកាន់កាសែត Japan Times ដែលមានដ្ឋាននៅទីក្រុងតូក្យូថា “ប្រសិនបើអ្នកនិយាយថា ឈ្នះឈ្នះ វាជាអក្សរធំសម្រាប់អាមេរិក និងអក្សរតូចមួយ“ ឈ្នះ” សម្រាប់ជប៉ុន”។

ឯកអគ្គរដ្ឋទូតរូបនេះ បានបន្ថែមថា ផលប្រយោជន៍សេដ្ឋកិច្ចតែមួយគត់ ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី សម្រាប់ជប៉ុនគឺថាអាមេរិក នឹងមិនដាក់ពន្ធ និងការរឹតត្បិតការនាំចូលលើវិស័យរថយន្តដ៏សំខាន់របស់ជប៉ុនទេ៕