កំណើន​សេដ្ឋកិច្ច​កម្ពុជា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឥត​ឈប់ឈរ​ពី​មួយឆ្នាំ​ ទៅ​មួយឆ្នាំ​ បាន​តម្រូវ​ឱ្យ​រាជរដ្ឋាភិបាល​ គិតគូរ​យកចិត្ត​ទុកដាក់​លើ​ការ​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ នៅ​ភ្នំពេញ​ (PPLC​) និង​នៅ​តាម​បណ្តា​រាជធានី​-ខេ​ត្ត​ផ្សេង​ៗ ដើម្បី​កាត់បន្ថយ​ថ្លៃដើម​ដឹកជញ្ជូន​ទំនិញ​ ការ​ស្តុក​ទំនិញ​ និង​អាច​ឆ្លើយតបទៅនឹង​កំណើន​វិនិយោគ​ពី​បរទេស​។

យោង​តាម​របាយការណ៍​នៃ​ការសិក្សា​ផែនការមេ​ ស្តី​ពី​ការ​កែ​លម្អ​ប្រព័ន្ធ​ភស្តុភារ​កម្ម​ នៅ​កម្ពុជា​ឆ្នាំ​ ២០១៨​ -២០២៥​ ​បាន​ឱ្យ​​ដឹង​កន្លងមក​នេះ​ថា​ កម្ពុជា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ជាបន្តបន្ទាប់​ ក្នុងរយៈពេល​ប៉ុន្មាន​ថ្មី​ៗនេះ​ ដោយសារ​ភាព​អំណោយផល​ នៃ​ការ​វិវឌ្ឍ​វិស័យ​កម្មន្តសាល​ និង​វិស័យ​កសិកម្ម​ ព្រមទាំង​សេវាកម្ម​ ។

វិស័យ​ទាំងនេះ​ មាន​កំណើន​យ៉ាង​ឆាប់​រហ័យ​ ស្រប​ទៅ​នឹង​ការ​ធ្វើ​នគរូបនីយកម្ម​ និង​កំណើន​ប្រាក់ចំណូល​នៅ​តាម​ទីក្រុង​ និង​ទីប្រជុំជន​។

រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់ចេញ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ ឆ្នាំ​ ២០១៥​-២០២៥​ ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច​ឱ្យ​មាន​ចីរភាព​តាមរយៈ​ការ​ប្រែក្លាយ​រចនា​សម្ព័ន្ធ​ឧស្ស​ហក​ម្ម​អតិពលកម្ម​ ទៅជា​ឧស្សាហកម្ម​តាម​បែប​បច្ចេកវិទ្យា​ និង​មានតម្លៃ​បន្ថែម​ខ្ពស់​។

ការ​កែ​លម្អ​ប្រព័ន្ធ​ភស្តុភារ​កម្ម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ គឺជា​កត្តាចាំបាច់​ដើម្បី​ឱ្យ​មានការ​ប្រែក្លាយ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ផង​ដែរ​។

កំណើន​នៃ​សក្តា​នុ​ពល​អភិវឌ្ឍន៍​របស់​កម្ពុជា​ លើ​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​នៃ​មហា​ទន្លេមេគង្គ​ ការ​លើកកម្ពស់​វិនិយោគ​ក្នុង​ស្រុក​ និង​ការ​ធ្វើ​ឱ្យ​ទីតាំង​ឧស្សាហកម្ម​នៅ​តាម​ច្រករបៀង​ និង​ច្រក​របៀង​តូច​ៗផ្សេងទៀត​ ដំណើរការ​ឡើងវិញ​ គឺជា​កត្តាចាំបាច់​នាំ​ឱ្យ​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។

នៅក្នុង​ន័យ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​អាទិភាព​ លើ​ការ​ដាក់ចេញ​ផែន​កា​រមេរ​ភស្តុភារ​កម្ម​ ដើម្បី​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ និង​ដើម្បី​អនុវត្ត​គម្រោង​អាទិភាព​ដែល​ត្រូវ​បាន​កំណត់​នៅក្នុង​ផែនការ​មេ​រនេះ​ ជាពិសេស​សំដៅ​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ទីតាំង​យុទ្ធសាស្ត្រ​មួយ​ប្រកបដោយ​ការប្រកួត​ប្រជែង​នៅ​តំបន់​អាស៊ី​ ទាក់ទង​នឹង​វិស័យ​ភស្តុភារ​កម្ម​ និង​ការ​ដឹកជញ្ជូន​។

កម្ពុជា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ថេរ​ ក្នុងរយៈពេល​ជាង​ពីរ​ទស្ស​វត្សរ៍​ចុងក្រោយ​នេះ​ ។ ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP​) បាន​កើនឡើង​ ៣ដង​ ក្នុងរយៈពេល​ ១០​ ឆ្នាំ​ចុងក្រោយ​នេះ​ ហើយ​ផលិតផល​ក្នុង​ស្រុក​សម្រាប់​មនុស្សម្នាក់​ បាន​កើនឡើង​ ១.២២៧​ ដុល្លារ​អាមេរិក​ នៅក្នុង​ឆ្នាំ​ ២០១៦​ ។

នៅក្នុង​អំឡុង​ពេល​ដូចគ្នា​នេះ​ ចំនួន​ប្រជាជន​ក៏​មានការ​កើនឡើង​ជា​បណ្តើរ​ៗរហូត​ឈាន​ដល់​ ១៦​ លាន​នាក់​។ គេ​រំពឹង​ថា​កំណើន​នេះ​ នឹង​បន្ត​ដល់​ឆ្នាំ​ ២០២៥​ ឬ ឆ្នាំ​ក្រោយ​តៗ​ទៅទៀត​ ។

សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ នឹង​មាន​កំណើន​ចន្លោះ​ពី​ ៦-៧ % ហើយ​ទំហំ​សេដ្ឋកិច្ច​ ទំនងជា​រីក​លូតលាស់​ដល់​អត្រា៨៨​ % នៅ​ត្រឹម​ឆ្នាំ​ ២០២៥​ ​ចំណែក​ចំនួន​ប្រជាជន​ត្រូវ​បាន​រំពឹង​ថា​ នឹង​កើន​រហូតដល់​ ១៤​ %។ ក្នុង​ពេល​បច្ចុប្បន្ន​ប្រាក់ចំណូល​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​មាន​កំណើន​រហូ​ដល់​ដល់​ ៧៨​ % នៅ​ត្រឹម​ឆ្នាំ​ ២០២៥​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៦​។

កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បន្ត​ទៅមុខ​ពី​រយៈពេល​មធ្យម​ទៅ​រយៈពេល​វែង​ ហើយ​ទំហំ​ភស្តុភារ​កម្ម​ ក៏​ត្រូវ​បាន​រំពឹង​ថា​ នឹង​មាន​កំណើន​កើនឡើង​ស្របគ្នា​ផង​ដែរ​។ ក្នុង​ចន្លោះ​ឆ្នាំ​ ២០១៦​-២០២៥​ ទំហំ​ភស្តុភារ​កម្ម​ក្នុង​ស្រុក​សរុប​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង​ដល់​ ៨៨​ % រី​ឯទំហំ​ភស្តុភារ​កម្ម​អន្តរជាតិ​នឹង​កើនឡើង​រហូតដល់​ ១៥៨​%។

ជាពិសេស​ច្រកព្រំដែន​បាវិត​ និង​ប៉ោយប៉ែត​ដែល​បាន​កត់ត្រា​ទំហំ​ពាណិជ្ជកម្ម​ដែល​កើនឡើង​លឿន​ខ្លាំង​ជាង​អត្រា​មធ្យម​ថ្នាក់​ជាតិ​ (កំណើន​ការនាំចេញ​មធ្យម​ប្រចាំឆ្នាំ​មាន​អត្រា​លើស​ពី​ ២០​% បើ​ធៀប​នឹង​អត្រា​សរុប​ថ្នាក់​ជាតិ​ ១២​ %) ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ ក្នុង​ឆ្នាំ​ ២០២៥​ នឹង​មាន​ទំនិញ​ក្នុង​បរិមាណ​ ៤ដង​ធំជាង​ បរិមាណ​សរុប​បច្ចុប្បន្ន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here