ដោយ វុត្ថា
ភ្នំពេញ៖ កំណើនសេដ្ឋកិច្ចកម្ពុជាឥតឈប់ឈរពីមួយឆ្នាំ ទៅមួយឆ្នាំ បានតម្រូវឱ្យរាជរដ្ឋាភិបាល គិតគូរយកចិត្តទុកដាក់លើការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្ម នៅភ្នំពេញ (PPLC) និងនៅតាមបណ្តារាជធានី-ខេត្តផ្សេងៗ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញ ការស្តុកទំនិញ និងអាចឆ្លើយតបទៅនឹងកំណើនវិនិយោគពីបរទេស។
យោងតាមរបាយការណ៍នៃការសិក្សាផែនការមេ ស្តីពីការកែលម្អប្រព័ន្ធភស្តុភារកម្ម នៅកម្ពុជាឆ្នាំ ២០១៨ -២០២៥ បានឱ្យដឹងកន្លងមកនេះថា កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានថ្មីៗនេះ ដោយសារភាពអំណោយផល នៃការវិវឌ្ឍវិស័យកម្មន្តសាល និងវិស័យកសិកម្ម ព្រមទាំងសេវាកម្ម ។
-->
វិស័យទាំងនេះ មានកំណើនយ៉ាងឆាប់រហ័យ ស្របទៅនឹងការធ្វើនគរូបនីយកម្ម និងកំណើនប្រាក់ចំណូលនៅតាមទីក្រុង និងទីប្រជុំជន។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ ២០១៥-២០២៥ ដើម្បីរក្សាកំណើនសេដ្ឋកិច្ចឱ្យមានចីរភាពតាមរយៈការប្រែក្លាយរចនាសម្ព័ន្ធឧស្សហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មតាមបែបបច្ចេកវិទ្យា និងមានតម្លៃបន្ថែមខ្ពស់។
ការកែលម្អប្រព័ន្ធភស្តុភារកម្មឱ្យកាន់តែប្រសើរឡើង គឺជាកត្តាចាំបាច់ដើម្បីឱ្យមានការប្រែក្លាយរចនាសម្ព័ន្ធសេដ្ឋកិច្ចផងដែរ។
កំណើននៃសក្តានុពលអភិវឌ្ឍន៍របស់កម្ពុជា លើច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងនៃមហាទន្លេមេគង្គ ការលើកកម្ពស់វិនិយោគក្នុងស្រុក និងការធ្វើឱ្យទីតាំងឧស្សាហកម្មនៅតាមច្រករបៀង និងច្រករបៀងតូចៗផ្សេងទៀត ដំណើរការឡើងវិញ គឺជាកត្តាចាំបាច់នាំឱ្យសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
នៅក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់អាទិភាព លើការដាក់ចេញផែនការមេរភស្តុភារកម្ម ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង និងដើម្បីអនុវត្តគម្រោងអាទិភាពដែលត្រូវបានកំណត់នៅក្នុងផែនការមេរនេះ ជាពិសេសសំដៅធ្វើឱ្យកម្ពុជាក្លាយជាទីតាំងយុទ្ធសាស្ត្រមួយប្រកបដោយការប្រកួតប្រជែងនៅតំបន់អាស៊ី ទាក់ទងនឹងវិស័យភស្តុភារកម្ម និងការដឹកជញ្ជូន។
កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចថេរ ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ ។ ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ៣ដង ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ហើយផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ បានកើនឡើង ១.២២៧ ដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១៦ ។
នៅក្នុងអំឡុងពេលដូចគ្នានេះ ចំនួនប្រជាជនក៏មានការកើនឡើងជាបណ្តើរៗរហូតឈានដល់ ១៦ លាននាក់។ គេរំពឹងថាកំណើននេះ នឹងបន្តដល់ឆ្នាំ ២០២៥ ឬ ឆ្នាំក្រោយតៗទៅទៀត ។
សេដ្ឋកិច្ចកម្ពុជាត្រូវបានគេព្យាករណ៍ថា នឹងមានកំណើនចន្លោះពី ៦-៧ % ហើយទំហំសេដ្ឋកិច្ច ទំនងជារីកលូតលាស់ដល់អត្រា៨៨ % នៅត្រឹមឆ្នាំ ២០២៥ ចំណែកចំនួនប្រជាជនត្រូវបានរំពឹងថា នឹងកើនរហូតដល់ ១៤ %។ ក្នុងពេលបច្ចុប្បន្នប្រាក់ចំណូលត្រូវបានគេរំពឹងថា នឹងមានកំណើនរហូដល់ដល់ ៧៨ % នៅត្រឹមឆ្នាំ ២០២៥ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦។
កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានគេរំពឹងថា នឹងបន្តទៅមុខពីរយៈពេលមធ្យមទៅរយៈពេលវែង ហើយទំហំភស្តុភារកម្ម ក៏ត្រូវបានរំពឹងថា នឹងមានកំណើនកើនឡើងស្របគ្នាផងដែរ។ ក្នុងចន្លោះឆ្នាំ ២០១៦-២០២៥ ទំហំភស្តុភារកម្មក្នុងស្រុកសរុប ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៨៨ % រីឯទំហំភស្តុភារកម្មអន្តរជាតិនឹងកើនឡើងរហូតដល់ ១៥៨%។
ជាពិសេសច្រកព្រំដែនបាវិត និងប៉ោយប៉ែតដែលបានកត់ត្រាទំហំពាណិជ្ជកម្មដែលកើនឡើងលឿនខ្លាំងជាងអត្រាមធ្យមថ្នាក់ជាតិ (កំណើនការនាំចេញមធ្យមប្រចាំឆ្នាំមានអត្រាលើសពី ២០% បើធៀបនឹងអត្រាសរុបថ្នាក់ជាតិ ១២ %) ត្រូវបានគេព្យាករណ៍ថា ក្នុងឆ្នាំ ២០២៥ នឹងមានទំនិញក្នុងបរិមាណ ៤ដងធំជាង បរិមាណសរុបបច្ចុប្បន្ន៕