ដោយ វុត្ថា
ភ្នំពេញ៖ យោងតាមសេចក្តីសម្រេច លេខ៧០សសរ ចុះថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០០៤ស្តីពី ការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២ក្នុងតំបន់រមណីយដ្ឋានអង្គរសៀមរាបអង្គរថា ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរមានសិទ្ធិ៣យ៉ាងក្នុងការចាត់ចែងគ្រប់គ្រងដីធ្លី ដែលជាកម្មសិទ្ធិរបស់ខ្លួនតាំងពីដូនតាមក។
ទី១. សិទ្ធិរស់នៅ បងប្អូនប្រជាពលរដ្ឋដែលធ្លាប់រស់នៅតាំងពីដូនតាមក បងប្អូនមានសិទ្ធិរស់នៅបន្តទៅទៀតបាន។ គ្មានបុគ្គលណាម្នាក់អាចមកដកហូតដីធ្លី ឬបញ្ឈប់បងប្អូន ឬក៏បណ្តេញបងប្អូនមិនឲ្យរស់នៅលើដីនោះតទៅទៀតបានឡើយ។ ប្រជាពលរដ្ឋចាស់មានសិទ្ធិរស់នៅតកូនតចៅតផៅសន្តានបន្តទៀតបាន។
ទី២. បងប្អូនប្រជាពលរដ្ឋមានសិទ្ធិរុះរើផ្ទះចាស់ធ្វើផ្ទះថ្មី ជួសជុលផ្ទះ ពង្រីកផ្ទះជាដើមដោយមានការដាក់ពាក្យស្នើសុំ មកអាជា្ញធរជាតិអប្សរាជាមុនសិន។ ចំណែកសំណង់តូចៗមួយចំនួនវិញ មានដូចជា ការសាងសង់បង្គន់ ធ្វើរោងគោ រោងមាន់ រោងទា ទ្រុងជ្រូកជាដើម ប្រជាពលរដ្ឋមិនចាំបាច់ដាក់ពាក្យ ស្នើសុំមកអាជ្ញាធរជាតិអប្សរាក៏បានដែរ ។ អាជ្ញាធរជាតិអប្សរា នឹងចុះទៅមើលស្ថានភាពផ្ទាល់ដល់មូលដ្ឋានជាក់ស្តែង ហើយអនុញ្ញាតឲ្យសាងសង់តែម្តង ប៉ុន្តែចំពោះប្រជាពលរដ្ឋមកពីក្រៅតំបន់ មិនអនុញ្ញាតឲ្យសាងសង់ឡើយ។
ទី៣. សិទ្ធិគ្រប់គ្រង និងសិទ្ធិចាត់ចែងដីធ្លី ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរមានសិទ្ធិចែកដីធ្លី ដល់កូនចៅរបស់ពួកគាត់បាន ប៉ុន្តែកូនចៅពួកគាត់មិនអាចសាងសង់សំណង់ផ្សេងៗលើដីធ្លីចែកនោះបានឡើយ។ ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរជាតិអប្សរាមានដីមួយកន្លែង នៅក្រៅតំបន់រមណីយដ្ឋានអង្គរ ស្ថិតនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបទុកសម្រាប់ចែកជូនពួកគាត់សាងសង់ផ្ទះនិងធ្វើកសិកម្ម។
ចំពោះសិទ្ធិលក់ដូរវិញ ពួកគាត់អាចលក់ដូរបាន ប៉ុន្តែអ្នកដែលមានសិទ្ធិទិញដីនោះបានគឺមានតែប្រជាពលរដ្ឋរស់នៅក្នុងភូមិផងរបងជាមួយគ្នាប៉ុណ្ណោះ។ ប្រជាពលរដ្ឋក្រៅពីភូមិផងរបងជាមួយគ្នានេះ មិនមានសិទ្ធិទិញដីនោះបានទេ ។ ប៉ុន្តែហាមឃាត់លើសកម្មភាពទិញលក់ដីរបស់ឈ្មួញ ក្នុងគោលដៅធ្វើអាជីវកម្មយកប្រាក់ចំណេញ សម្រាប់ក្រុមហ៊ុន ឬបុគ្គល ឬក៏ការទិញលក់ដីសម្រាប់យកទៅសាងសង់សណ្ឋាគារ ភោជនីយដ្ឋាន ខារ៉ាអូខេជាដើម។
តំបន់រមណីយដ្ឋានអង្គរមានផ្ទៃដី៤០១ម៉ែត្រក្រឡា មាន១១២ភូមិ ២១ឃុំសង្កាត់ និង៥ស្រុក ក្រុង។ តំបន់នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដែលមានតួនាទីភារកិច្ចថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរនេះ ដូចមានចែងក្នុងខ្លឹមសារ នៃព្រះរាជក្រឹត្យលេខ០០១នស ចុះថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ១៩៩៤ ស្តីពីការកំណត់និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ៕