ចំណេះដឹង​! តើ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​អង្គរ​មាន​សិទ្ធិ​អ្វីខ្លះ​លើ​ដីធ្លី​របស់​ខ្លួន​?

0

ដោយ ​វុត្ថា​

ភ្នំពេញ​៖​ យោង​តាម​សេចក្តី​សម្រេច​ លេខ៧០សសរ​ ចុះ​ថ្ងៃទី១៦​ ខែ​ វិច្ឆិកា​ ឆ្នាំ២០០៤ស្តី​ពី​ ការកំណត់​បទដ្ឋាន​នៃ​ការប្រើ​ប្រាស់​ដីធ្លី​នៅ​តំបន់១​ និង​តំបន់២ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​សៀមរាប​អង្គរ​ថា​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​មាន​សិទ្ធិ៣យ៉ាង​ក្នុង​ការចាត់ចែង​គ្រប់គ្រង​ដីធ្លី​ ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​តាំងពី​ដូនតា​មក​។

ទី១​. សិទ្ធិ​រស់នៅ​ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​រស់នៅ​តាំងពី​ដូនតា​មក​ បងប្អូន​មាន​សិទ្ធិ​រស់នៅ​បន្ត​ទៅទៀត​បាន​។ គ្មាន​បុគ្គល​ណា​ម្នាក់​អាចម​កដ​កហូត​ដីធ្លី​ ឬបញ្ឈប់​បងប្អូន​ ឬក៏​បណ្តេញ​បងប្អូន​មិន​ឲ្យ​រស់នៅ​លើ​ដី​នោះ​តទៅទៀត​បាន​ឡើយ​។ ប្រជាពលរដ្ឋ​ចាស់​មាន​សិទ្ធិ​រស់នៅ​តកូនតចៅ​តផៅ​សន្តាន​បន្ត​ទៀត​បាន​។

ទី២​. បងប្អូន​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​រុះរើ​ផ្ទះ​ចាស់​ធ្វើ​ផ្ទះ​ថ្មី​ ជួសជុលផ្ទះ​ ពង្រីក​ផ្ទះ​ជាដើម​ដោយមាន​ការ​ដាក់ពាក្យ​ស្នើសុំ​ មក​អា​ជា្ញ​ធរ​ជាតិ​អប្សរា​ជាមុន​សិន​។ ចំណែក​សំ​ណង់​តូច​ៗមួយចំនួន​វិញ​ មាន​ដូចជា​ ការសាងសង់​បង្គន់​ ធ្វើ​រោងគោ​ រោង​មាន់​ រោង​ទា​ ទ្រុងជ្រូក​ជាដើម​ ប្រជាពលរដ្ឋ​មិន​ចាំបាច់​ដាក់ពាក្យ​ ស្នើសុំ​មក​អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ដែរ​ ។ អាជ្ញាធរ​ជាតិ​អប្សរា​ នឹង​ចុះទៅ​មើល​ស្ថានភាព​ផ្ទាល់​ដល់​មូលដ្ឋាន​ជាក់ស្តែង​ ហើយ​អនុញ្ញាត​ឲ្យ​សាងសង់​តែម្តង​ ប៉ុន្តែ​ចំពោះ​ប្រជាពលរដ្ឋ​មក​ពីក្រៅ​តំបន់​ មិន​អនុញ្ញាត​ឲ្យ​សាងសង់​ឡើយ​។

ទី៣​. សិទ្ធិ​គ្រប់គ្រង​ និង​សិទ្ធិ​ចាត់ចែង​ដីធ្លី​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​មាន​សិទ្ធិ​ចែក​ដីធ្លី​ ដល់​កូនចៅ​របស់​ពួកគាត់​បាន​ ប៉ុន្តែ​កូនចៅ​ពួកគាត់​មិន​អាច​សាងសង់​សំ​ណង់​ផ្សេង​ៗលើ​ដីធ្លី​ចែក​នោះ​បាន​ឡើយ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ អាជ្ញាធរ​ជាតិ​អប្សរា​មាន​ដី​មួយ​កន្លែង​ នៅ​ក្រៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ ស្ថិតនៅ​ភូមិ​ធម្មជាតិ​រុនតាឯក​ ឃុំ​រុនតាឯក​ ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​ទុក​សម្រាប់​ចែក​ជូន​ពួកគាត់​សាងសង់​ផ្ទះ​និង​ធ្វើ​កសិកម្ម​។

ចំពោះ​សិទ្ធិ​លក់ដូរ​វិញ​ ពួកគាត់​អាច​លក់ដូរ​បាន​ ប៉ុន្តែ​អ្នក​ដែល​មាន​សិទ្ធិ​ទិញ​ដី​នោះ​បាន​គឺ​មានតែ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិផងរបងជាមួយ​គ្នា​ប៉ុណ្ណោះ​។ ប្រជាពលរដ្ឋ​ក្រៅពី​ភូមិផងរបងជាមួយ​គ្នា​នេះ​ មិន​មាន​សិទ្ធិ​ទិញ​ដី​នោះ​បានទេ​ ។ ប៉ុន្តែ​ហាមឃាត់​លើស​កម្ម​ភាព​ទិញ​លក់​ដី​របស់​ឈ្មួញ​ ក្នុង​គោលដៅ​ធ្វើអាជីវកម្ម​យក​ប្រាក់ចំណេញ​ សម្រាប់​ក្រុមហ៊ុន​ ឬបុគ្គល​ ឬក៏​ការទិញ​លក់​ដី​សម្រាប់​យក​ទៅ​សាងសង់​សណ្ឋាគារ​ ភោជនីយដ្ឋាន​ ខារ៉ាអូខេ​ជាដើម​។

តំបន់​រមណីយដ្ឋាន​អង្គរ​មានផ្ទៃ​ដី៤០១ម៉ែត្រក្រឡា​ មាន១១២ភូមិ​ ២១ឃុំ​សង្កាត់​ និង៥ស្រុក​ ក្រុង​។ តំបន់​នេះ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ដែល​មាន​តួនាទី​ភារកិច្ច​ថែរក្សា​ ការពារ​ អភិរក្ស​ និង​អភិវឌ្ឍ​តំបន់​រមណីយដ្ឋាន​អង្គរ​នេះ​ ដូច​មាន​ចែង​ក្នុង​ខ្លឹមសារ​ នៃ​ព្រះរាជ​ក្រឹត្យ​លេខ០០១នស​ ចុះ​ថ្ងៃទី​ ២៨​ ខែឧសភា​ ឆ្នាំ​ ១៩៩៤​ ស្តី​ពី​ការកំណត់​និង​ការចាត់ចែង​គ្រប់គ្រង​តំបន់​សៀមរាប​អង្គរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here