រយៈពេល៧ខែ​ដើមឆ្នាំ​ ២០១៩​ ទុន​វិនិយោគ​វិស័យ​សំណង់​មាន​ជាង​ ១ពាន់​លាន​ដុល្លារ

0

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​៖ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ គិត​ត្រឹម​ខែកក្កដា​ឆ្នាំ២០១៩​ វិស័យ​សំណង់​នៅ​កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​ជាង១​ ១៧៣លាន​ដុល្លារ​ ដែល​ធ្វើ​ឱ្យ​វិស័យ​នេះ​កាន់​តែ​ខ្លំា​ងក្លា​ ដើម្បី​ជួយ​រក្សា​កំណើន​សេដ្ឋកិច្ច​ជាតិ​។

នៅក្នុង​របាយការណ៍​បាន​បង្ហាញថា​ នៅក្នុង​រយៈពេល៧ខែ​ឆ្នាំ២០១៩​ នេះ​ វិស័យ​សំណង់​នៅ​កម្ពុជា​មាន​គម្រោង​សរុប​ចំនួន​ ៥២៥​ គម្រោង​ដែល​គិតជា​ទឹកប្រាក់​មាន​ទុន​វិនិយោគ​ចំនួន​ ១ ១៧៣​ ៧០៣​ ៨៧៣​ ដុល្លារ​។

របាយការណ៍​បូកសរុប​ការងារ​ប្រចាំខែ​កក្កដា​ឆ្នាំ២០១៩​ និង​ទិសដៅ​បន្ត​របស់ក្រ​សួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​បាន​អះអាង​ថា​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ខែកក្កដា​ឆ្នាំ២០១៨​ វិស័យ​មាន​គម្រោង​ត្រឹមតែ​ ៣៣០គម្រោង​ប៉ុណ្ណោះ​ ដែល​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង​ ៨៤៣លាន​ដុល្លារ​មានការ​កើនឡើង​ជាង​ ៣៩​ ភាគរយ​។

គម្រោង​សំណង់​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​ក្រសួង​ មាន​ចំនួន​សរុប​ចំនួន​ ៤៤​ គម្រោង​ ដែល​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​ ១០៤៤​ លាន​ដុល្លារ​ ខណៈ​កាលពី​ឆ្នាំ២០១៨មាន​ចំនួន​តែ​ ៤១គម្រោង​ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​ ៨០៦​ លាន​ដុល្លារ​ គឺ​មានការ​កើនឡើង​ជាង​ ២៩ភាគរយ​។

ចំណែក​គម្រោង​សំណង់​ស្ថិត​ក្រោម​សមត្ថកិច្ច​រដ្ឋបាល​រាជធានី​ ខេត្ត​វិញ​ មាន​ចំនួន​សរុប​ចំនួន​ ៤៨១​ គម្រោង​ ដែល​មានតម្លៃ​ទុន​វិនិយោគ​ប្រមាណ​ជាង​ ១២៩​ លាន​ដុល្លារ​ ខណៈ​កាលពី​ឆ្នាំ២០១៨​ មាន​ចំនួន​ ២៨៩គម្រោង​ មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​ ៣៦ដុល្លារ​ គឺ​មានការ​កើនឡើង​ជាង​ ២៥១​ ភាគរយ​។

របាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា​ សម្រាប់​វិស័យ​សំណង់​អាគារ​ សំណង់​លំនៅ​ដ្ឋាន​នៅ​ទូ​ទំាង​ប្រទេស​គិត​ត្រឹម​ខែកក្កដា​នេះ​មាន​ចំនួន​សរុប៤៣៨គម្រោង​ ដែល​មាន​ទុន​វិយោគ​ ជាង​ ៤៧៣​ ដុល្លារ​ ស្មើ​និង​ ៨០១ខ្នង​។

ដោយឡែក​ គម្រោង​អគា​ខ្ពស់​ៗចាប់ពី​កម្ពស់៥ជាន់ឡើង​នៅ​ទូទាំង​ប្រទេស​ក្នុង​ខែកក្កដា​ ឆ្នាំ២០១៩​ មា​នន​ចំនួន​ ៦៩​ អាគារ​ ក្នុង​នោះ​កម្ពស់​ចាប់ពី​ ៥ជាន់​ ទៅដល់​កម្ពស់៩ជាន់​មាន​ ៣៤អគារ​ ពី​កម្ពស់១០ជាន់​ទៅ​ កម្ពស់១៩ជាន់​មាន​ចំនួន២៤អគារ​ ពី​កម្ពស់​ ៣០ជាន់​ទៅ​ ៣៩ជាន់​មាន​ចំនួន​ ៧អគារ​ពី​កម្ពស់​ ៤០ជាន់ឡើង​ទៅ​ មាន​ចំនួន១អគារ​។

សម្រាប់​ខេត្ត​ព្រះសីហនុ​ មាន​គម្រោង​អគា​ខ្ពស់​ៗចាប់ពី​កម្ពស់៥ជាន់ឡើង​ទៅ​ក្នុង​ខែ​ កក្កដា​ឆ្នាំ២០១៩​ មាន​ចំនួន៤៣​ អគារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here