រដ្ឋាភិបាល​អនុម័ត​លើ​គម្រោង​វិនិយោគ​ថ្មកំបោរ​ថ្មី​មួយ​នៅក្នុង​ខេត្តកំពត

0
រូបតំណាង

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ គម្រោង​អាជីវកម្ម​ថ្មី​មួយទៀត​ដែល​ជា​ចំណុះ​របស់​ក្រុមហ៊ុន​ ស៊ី​ម៉ង់​ត៍​កម្ពុជា​ ចក្រី​ទីង​ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​សម្រេច​គាំទ្រ​ និង​អនុញ្ញាត​ឱ្យ​ដំណើរការ​ ប៉ុន្តែ​ស្ថិតនៅ​ក្នុង​ការគ្រប់គ្រង​នៃ​ច្បាប់​របស់​កម្ពុជា​។

ការសម្រេច​ និង​អនុញ្ញាត​ខាងលើ​នេះ​ ត្រូវ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ បន្ទាប់​ពី​ឆ្លង់​កាត់​ការប្រជុំ​អន្តរក្រសួង​ដែល​ពាក់ព័ន្ធ​ ដែល​ដឹកនាំ​ដោយ​លោកស្រី​ ម៉ម​ ថា​នី​ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។

នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ បាន​លើកឡើង​ពី​ការពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ពេញលេញ​ (ESIA​) សម្រាប់​គម្រោង​អាជីវកម្ម​ថ្មកំបោរ​ លើ​ផ្ទៃដី​ទំហំ​ ៤៧៥ហិ​កតា​ ដែល​មាន​ទីតាំង​ស្ថិតនៅ​តំបន់​ភ្នំ​បោះ​ដំបង​ និង​ភ្នំ​ឈ្ងោក​ ក្នុង​ភូមិ​សា​ស្រ្ដឃុំ​កណ្តោល​ និង​ឃុំ​ត្រពាំងព្រីង​ ស្រុក​ទឹកឈូ​ ខេត្តកំពត​ របស់​ក្រុមហ៊ុន​ ស៊ី​ម៉ង់​ត៍​កម្ពុជា​ ចក្រី​ទីង​ (ម្ចាស់​គម្រោង​) និង​សិក្សា​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ពេញលេញ​ ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ SBK​ Research​ and​ Development​ Co​., Ltd​. ។

ជា​លទ្ធផល​ អង្គប្រជុំ​ បានសម្រេច​ ដូច​ខាងក្រោម​៖

១- គាំទ្រ​លើ​គម្រោង​អាជីវកម្ម​ថ្មកំបោរ​ របស់​ក្រុមហ៊ុន​ស៊ីម៉ងត៍​កម្ពុជា​ចក្រី​ទីង​

២- អង្គប្រជុំ​គាំទ្រ​រក្សាទុក​ភ្នំ​ឈ្ងោក​ទាំងមូល​

៣- ក្រុមហ៊ុន​ ពិចារណា​លើ​ការ​បង្កើន​លើ​មូលនិធិ​បរិស្ថាន​ និង​សង្គម​ ឱ្យ​បាន​សមរម្យ

​៤- សូម​សរសេរ​បន្ថែម​លម្អិត​លើ​ការគ្រប់គ្រង​ហានិភ័យ​ និង​ការ​ស្ដារ​បរិស្ថាន​ឡើងវិញ

​៥- ក្រុមហ៊ុន​ ត្រូវ​ដោះស្រាយ​ផល​ប៉ះពាល់​លើ​តំបន់​ដែល​ពាក់ព័ន្ធ​ជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ប្រជាជន

​៦- សូម​ក្រុមហ៊ុន​ទីប្រឹក្សា​ ពិនិត្យ​ឡើងវិញ​នៅត្រង់​ចំណុច​វិភាគ​សេដ្ឋកិច្ច​ និង​ផ្ទៀងផ្ទាត់​ឡើងវិញ​នូវ​ទិន្នន័យ​ដែល​បាន​លើកឡើង​ក្នុង​របាយការណ៍​

៧- ក្រុមហ៊ុន​ទីប្រឹក្សា​ ត្រូវ​បញ្ជូ​លប​ន្ថែ​មលេី​បទដ្ឋាន​គតិ​យុត្ត​ (ច្បាប់​ ប្រកាស​ គោលការណ៍​ណែនាំ​នានា​) ដែល​បាន​ស្នើ​ឡើង​ដោយ​ស្ថាប័ន​ពាក់ព័ន្ធ​

៨- ក្រុមហ៊ុន​ និង​ក្រុមហ៊ុន​ទីប្រឹក្សា​ត្រូវ​កែសម្រួល​របាយការណ៍​ ស្របតាម​មតិយោបល់​ជា​វិជ្ជមាន​ និង​ស្មារតី​អង្គប្រជុំ​ទាំងមូល​ ដេីម្បី​ដាក់បញ្ចូល​ទៅ​ក្នុង​របាយ​ការណ៍​វាយ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ពេញលេញ​។

សមាសភាព​នៃ​កិច្ចប្រជុំ​ត្រូវ​បាន​ចូលរួម​ពីសំណាក់​មន្ត្រី​តំណាង​នាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​ក្រសួងបរិស្ថាន​ អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ អគ្គាធិការ​ដ្ឋាន​ ជំនួយការ​អម​ក្រសួង​ និង​តំណាង​ក្រសួង​រ៉ែ​ និង​ថាមពល​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ ​(រដ្ឋបាល​ជលផល​) ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ក្រសួងធនធានទឹក​ និងឧតុនិយម​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) រដ្ឋបាល​ខេ​ត្ដ​កំពត​ មន្ទីរ​បរិស្ថាន​ខេ​ត្ដ​កំពត​ និង​តំណាង​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ តំណាង​ក្រុមហ៊ុន ​(ម្ចាស់​គម្រោង​) និង​ក្រុមហ៊ុន​ទីប្រឹក្សា​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here