រូបតំណាង
ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គម្រោងអាជីវកម្មថ្មីមួយទៀតដែលជាចំណុះរបស់ក្រុមហ៊ុន ស៊ីម៉ង់ត៍កម្ពុជា ចក្រីទីង ត្រូវបានរដ្ឋាភិបាលកម្ពុជាសម្រេចគាំទ្រ និងអនុញ្ញាតឱ្យដំណើរការ ប៉ុន្តែស្ថិតនៅក្នុងការគ្រប់គ្រងនៃច្បាប់របស់កម្ពុជា។
ការសម្រេច និងអនុញ្ញាតខាងលើនេះ ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះ បន្ទាប់ពីឆ្លង់កាត់ការប្រជុំអន្តរក្រសួងដែលពាក់ព័ន្ធ ដែលដឹកនាំដោយលោកស្រី ម៉ម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន។
-->
នៅក្នុងកិច្ចប្រជុំអន្តរក្រសួង បានលើកឡើងពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងអាជីវកម្មថ្មកំបោរ លើផ្ទៃដីទំហំ ៤៧៥ហិកតា ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំបោះដំបង និងភ្នំឈ្ងោក ក្នុងភូមិសាស្រ្ដឃុំកណ្តោល និងឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត របស់ក្រុមហ៊ុន ស៊ីម៉ង់ត៍កម្ពុជា ចក្រីទីង (ម្ចាស់គម្រោង) និងសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ដោយក្រុមហ៊ុនទីប្រឹក្សា SBK Research and Development Co., Ltd. ។
ជាលទ្ធផល អង្គប្រជុំ បានសម្រេច ដូចខាងក្រោម៖
១- គាំទ្រលើគម្រោងអាជីវកម្មថ្មកំបោរ របស់ក្រុមហ៊ុនស៊ីម៉ងត៍កម្ពុជាចក្រីទីង
២- អង្គប្រជុំគាំទ្ររក្សាទុកភ្នំឈ្ងោកទាំងមូល
៣- ក្រុមហ៊ុន ពិចារណាលើការបង្កើនលើមូលនិធិបរិស្ថាន និងសង្គម ឱ្យបានសមរម្យ
៤- សូមសរសេរបន្ថែមលម្អិតលើការគ្រប់គ្រងហានិភ័យ និងការស្ដារបរិស្ថានឡើងវិញ
៥- ក្រុមហ៊ុន ត្រូវដោះស្រាយផលប៉ះពាល់លើតំបន់ដែលពាក់ព័ន្ធជាមួយហេដ្ឋារចនាសម្ព័ន្ធ និងប្រជាជន
៦- សូមក្រុមហ៊ុនទីប្រឹក្សា ពិនិត្យឡើងវិញនៅត្រង់ចំណុចវិភាគសេដ្ឋកិច្ច និងផ្ទៀងផ្ទាត់ឡើងវិញនូវទិន្នន័យដែលបានលើកឡើងក្នុងរបាយការណ៍
៧- ក្រុមហ៊ុនទីប្រឹក្សា ត្រូវបញ្ជូលបន្ថែមលេីបទដ្ឋានគតិយុត្ត (ច្បាប់ ប្រកាស គោលការណ៍ណែនាំនានា) ដែលបានស្នើឡើងដោយស្ថាប័នពាក់ព័ន្ធ
៨- ក្រុមហ៊ុន និងក្រុមហ៊ុនទីប្រឹក្សាត្រូវកែសម្រួលរបាយការណ៍ ស្របតាមមតិយោបល់ជាវិជ្ជមាន និងស្មារតីអង្គប្រជុំទាំងមូល ដេីម្បីដាក់បញ្ចូលទៅក្នុងរបាយការណ៍វាយហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ។
សមាសភាពនៃកិច្ចប្រជុំត្រូវបានចូលរួមពីសំណាក់មន្ត្រីតំណាងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គាធិការដ្ឋាន ជំនួយការអមក្រសួង និងតំណាងក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រដ្ឋបាលជលផល) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រដ្ឋបាលខេត្ដកំពត មន្ទីរបរិស្ថានខេត្ដកំពត និងតំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុន (ម្ចាស់គម្រោង) និងក្រុមហ៊ុនទីប្រឹក្សាផងដែរ៕