ដោយ Donald Lee
ប្រទេសអូស្រ្តាលីៈ ការកើតឡើងសង្រ្គាមពាណិជ្ជកម្មអាមេរិក នឹងចិននឹងមិនត្រឹមតែធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ដល់ប្រទេសដែលពឹងផ្អែកលើពាណិជ្ជកម្មនៅអាស៊ីប៉ាស៊ីហ្វិកដូច អូស្ត្រាលីផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Pricewaterhouse Coopers (PWC)។
របាយការណ៍បានបង្ហាញថា ប្រសិនបើចិនធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច និងកំណើនយឺតដល់៣ ភាគរយ អូស្ត្រាលីនឹងបាត់បង់ប្រាក់ចំណូលជាតិ ១៤០ពាន់លានដុល្លារ និងបាត់បង់ការងារ ៥៥០.០០០នាក់។
-->
លោក Jeremy Thorpe ប្រធានសេដ្ឋវិទូក្រុមហ៊ុន PWC មានប្រសាសន៍ថា “ខណៈអូស្រ្តាលីបានទទួលផលប្រយោជន៍ ពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន វាក៏ធ្វើឱ្យយើងងាយរងគ្រោះជាងដែរ ក្នុងករណីសេដ្ឋកិច្ចមានការធ្លាក់ចុះ”។
របាយការណ៍បានផ្តល់យោបល់ដល់អូស្រ្តាលី ដើម្បីជំរុញឱ្យមានការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់អាស៊ី ដែលហៅថាសហភាពភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលនឹងរួមបញ្ចូលរដ្ឋសមាជិកអាស៊ានទាំងអស់ និងប្រទេសមានសេដ្ឋកិច្ចសំខាន់ៗ នៅអាស៊ីប៉ាស៊ីហ្វិករួមទាំង អូស្រ្តាលីផងដែរ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់នេះ នឹងមិនរាប់បញ្ចូលអាមេរិក ហើយនឹងមានចំនួនប្រជាជនកណ្តាល នៃចំនួនប្រជាជនសរុបពិភពលោក និងមាន ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។
ភាពមិនប្រាកដប្រជាដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម រវាងអាមេរិកនិងចិនបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកអស្ថេរភាព ហើយនឹងបណ្តាលឱ្យមានការខាតបង់នៅក្នុងផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ដែលមានតម្លៃគិតជាទឹកប្រាក់៥៨៥ពាន់លានដុល្លារនៅឆ្នាំ ២០២១។ នេះបើយោងតាមរបាយការណ៍របស់ Bloomberg៕