អូស្ត្រាលី​នឹង​បាត់បង់​លុយ​ ១៤០ពាន់​លាន​ដុល្លារ​ និង​ការងារ​ជាង​កន្លះ​លាន​នាក់​បើ​សេដ្ឋកិច្ច​ចិន​នៅតែ​បន្ត​ធ្លាក់ចុះ​

0

ដោយ​ Donald​ Lee​

ប្រទេស​អូ​ស្រ្តា​លីៈ​ ការ​កើតឡើង​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ នឹង​ចិន​នឹង​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ខូចខាត​ដល់​សេដ្ឋកិច្ច​ចិន​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ដូច​ អូស្ត្រាលី​ផង​ដែរ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ Pricewaterhouse​ Coopers​ (PWC​)។

របាយការណ៍​បាន​បង្ហាញថា​ ប្រសិនបើ​ចិន​ធ្លាក់​ចូលក្នុង​វិបត្តិសេដ្ឋកិច្ច​ និង​កំណើន​យឺត​ដល់៣​ ភាគរយ​ អូស្ត្រាលី​នឹង​បាត់បង់​ប្រាក់ចំណូល​ជាតិ ១៤០​ពាន់​លាន​ដុល្លារ​ និង​បាត់បង់​ការងារ ៥៥០.០០០នាក់​។

លោក​ Jeremy​ Thorpe​ ប្រធាន​សេដ្ឋវិទូ​ក្រុមហ៊ុន​ PWC​ មានប្រសាសន៍​ថា​ “ខណៈ​អូស្រ្តាលី​បាន​ទទួលផល​ប្រយោជន៍​ ពី​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ វា​ក៏​ធ្វើ​ឱ្យ​យើង​ងាយ​រងគ្រោះ​ជាង​ដែរ​ ក្នុងករណី​សេដ្ឋកិច្ច​មានការ​ធ្លាក់ចុះ​”។

របាយការណ៍​បាន​ផ្តល់​យោបល់​ដល់​អូស្រ្តាលី​ ដើម្បី​ជំរុញ​ឱ្យ​មានការ​បញ្ចប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​អាស៊ី​ ដែល​ហៅថា​សហភាព​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​) ដែល​នឹង​រួមបញ្ចូល​រដ្ឋ​សមាជិក​អាស៊ាន​ទាំងអស់​ និង​ប្រទេស​មាន​សេដ្ឋកិច្ច​សំ​ខាន់​ៗ នៅ​អាស៊ី​ប៉ាស៊ីហ្វិក​រួម​ទាំង​ អូស្រ្តាលី​ផង​ដែរ​។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​នេះ​ នឹង​មិនរាប់​បញ្ចូល​អាមេរិក​ ហើយនឹង​មាន​ចំនួន​ប្រជាជន​កណ្តាល​ នៃ​ចំនួន​ប្រជាជន​សរុប​ពិភពលោក​ និង​មាន ៣០ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​។

ភាព​មិន​ប្រាកដប្រជា​ដែល​បណ្តាល​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ រវាង​អាមេរិក​និង​ចិន​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​អស្ថេរ​ភាព​ ហើយនឹង​បណ្តាល​ឱ្យ​មានការ​ខាតបង់​នៅក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​ ដែល​មានតម្លៃ​គិតជា​ទឹកប្រាក់៥៨៥ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២១​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ Bloomberg​៕

LEAVE A REPLY

Please enter your comment!
Please enter your name here