ដោយ វុត្ថា
ភ្នំពេញ៖ តំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត នឹងបង្ហាញខ្លួននៅលើផ្ទៃដីទំហំ ១,២៧០,២០០ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ចក្រម្ទេស និងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ខណៈក្រុងមួយនេះ មានសក្តានុពលសេដ្ឋកិច្ចខ្ពស់។

-->
យោងតាមកិច្ចប្រជុំអន្តរក្រសួង កាលពីថ្ងៃទី ២៩ ខែសីហា ម្សិលមិញនេះ បានពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) លើគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត បានបញ្ជាក់ថា ជារបស់ក្រុមហ៊ុន តាយសេង បាវិត អេសអ៊ីហេ្សត ខូអិលធីឌី (ម្ចាស់គម្រោង) ដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយក្រុមហ៊ុនទីប្រឹក្សា អ ស៊ី ប៊ី ស៊ីស៊ី (RCBCC CO.,LTD.)។
ជាលទ្ធផល អង្គប្រជុំ បានសម្រេច ដូចខាងក្រោម៖
១-សូមគាំទ្រគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិតទាំងតំបន់ទី១ និងតំបន់ទី២ ព្រោះថាគម្រោងនេះនឹងបង្កើតការងារដល់ប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ចជាតិ និងទាក់ទាញអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក។
២-ទន្ទឹមនេះ ស្នើសុំឱ្យម្ចាស់គម្រោងវិនិយោគនេះ គោរពច្បាប់ជាធរមាន ជាពិសេសគោរពតាមអនុក្រឹត្យស្តីពីការបង្កើត និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស និងរៀបចំផែនការក្នុងតំបន់ឱ្យបានច្បាស់លាស់ ដោយកំណត់ប្រភេទគម្រោងឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យ។
៣-ក្រុមហ៊ុនមា្ចស់គម្រោង ត្រូវធ្វើអាងប្រព្រឹត្តកម្មបែបជីវៈសាស្រ្ត និងអាងប្រព្រឹត្តកម្មបែបគីមីសាស្រ្ត។
៤-ក្រុមហ៊ុនម្ចាស់គម្រោង ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធធ្វើការផ្សព្វផ្សាយដល់ម្ចាស់រោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ស្នើសុំឱ្យធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងជំរុញឱ្យរោងចក្រនីមួយៗត្រូវមានអាងប្រព្រឹត្តកម្មសំណល់រាវបឋមរបស់ខ្លួនមុនបង្ហូរចូលអាងប្រព្រឹត្តកម្មសំណល់រាវរួមរបស់តំបន់។
៥-ក្រុមហ៊ុនម្ចាស់គម្រោង ត្រូវញែកប្រព័ន្ធលូទឹកកខ្វក់ និងលូទឹកភ្លៀងឱ្យដាច់ដោយឡែកពីគ្នា។ ម្ចាស់គម្រោងត្រូវមានកន្លែងសម្រាប់សំរាករបស់កម្មករ និងរោងបាយ ស្របតាមច្បាប់ស្តីពីការងារ។ លើសពីនេះ ម្ចាស់គម្រោងត្រូវមានផែនការគ្រប់គ្រងសំណល់រឹង សំណល់គ្រោះថ្នាក់ និងសំណល់ថង់ប្លាស្ទិកឱ្យបានត្រឹមត្រូវ ព្រមទាំងសហការជាមួយអ្នកដឹកជញ្ជូនឱ្យបានច្បាស់លាស់។ លើសពីនេះ ម្ចាស់គម្រោងអាចរៀបចំទីលានចាក់សំរាម និងបង្កើតឡដុតសំរាមរបស់ខ្លួនឯងផ្ទាល់តែម្តង។ ក្នុងនេះដែរ ម្ចាស់គម្រោងត្រូវសហការជាមួយមន្ទីរបរិស្ថានអជ្ញាធរមូលដ្ឋាន ដើម្បីលើប៉ាន់ណូអប់រំបរិស្ថាន ពាក់ព័ន្ធអំពីការវេចខ្ចប់ ការគ្រប់គ្រងសំណល់ថង់ប្លាស្ទិក ធ្វើយ៉ាងណាសហការជាមួយមន្ទីរបរិស្ថានខេត្ត ចុះណែនាំអប់រំអំពីផលប៉ះពាល់សំណល់ថងប្លាស្ទិកនេះ។
៦-ម្ចាស់គម្រោង ត្រូវរៀបចំឱ្យមានចំណតសម្រាប់រថយន្តដឹកកម្មករនៅខាងក្នុងតំបន់ ផ្ទៃបៃតង និងទីតាំងលក់ដូរក្នុងតំបន់។
៧-ម្ចាស់កម្រោង ត្រូវមានផែនការប្រើប្រាស់ដីឱ្យបានច្បាស់លាស់ យោងតាមអនុក្រឹត្យស្តីពីការបង្កើត និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស។
៨-ម្ចាស់គម្រោង ត្រូវសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម និងអជ្ញាធរដែនដី ក្នុងការរៀបចំកន្លែងរំដោះទឹកយូរអង្វែង ដោយឡែកដាច់រវាងទឹកភ្លៀង និងទឹកលូរ៕