តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយទៀត​ នឹង​បង្ហាញខ្លួន​នៅក្នុង​ក្រុង​បាវិត​ទំហំដី​ជាង​ ១លាន​ម៉ែត្រការ៉េ

0

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ តំបន់​សេដ្ឋកិច្ច​ពិសេស​តាយ​សេង​ បាវិត​ នឹង​បង្ហាញខ្លួន​នៅ​លើ​ផ្ទៃដី​ទំហំ​ ១,២៧០,២០០​ ម៉ែត្រការ៉េ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​សង្កាត់​ចក្រ​ម្ទេស​ និង​សង្កាត់​បាវិត​ ក្រុង​បាវិត​ ខេត្តស្វាយរៀង​ ខណៈ​ក្រុង​មួយ​នេះ​ មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​ខ្ពស់​។

យោង​តាម​កិច្ចប្រជុំ​អន្តរក្រសួង​ កាលពី​ថ្ងៃទី​ ២៩​ ខែសីហា​ ម្សិលមិញ​នេះ​ បាន​ពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ពេញលេញ​ (ESIA​) លើ​គម្រោង​វិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយ​សេង​ បាវិត​ បាន​បញ្ជាក់​ថា​ ជា​របស់​ក្រុមហ៊ុន​ តាយ​សេង​ បាវិត​ អេស​អ៊ី​ហេ្ស​ត ខូ​អិល​ធី​ឌី​ (ម្ចាស់​គម្រោង​) ដែល​បាន​សិក្សា​ និង​រៀបចំ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ អ ស៊ី​ ប៊ី​ ស៊ី​ស៊ី​ (RCBCC​ CO​.,LTD​.)។

ជា​លទ្ធផល​ អង្គប្រជុំ​ បានសម្រេច​ ដូច​ខាងក្រោម​៖

១-សូម​គាំទ្រ​គម្រោង​វិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ តាយ​សេង​ បាវិត​ទាំង​តំបន់​ទី១​ និង​តំបន់​ទី២​ ព្រោះថា​គម្រោង​នេះ​នឹង​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ កំណើន​សេដ្ឋកិច្ច​ជាតិ​ និង​ទាក់ទាញ​អ្នក​វិនិយោគ​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​។

២-ទន្ទឹម​នេះ​ ស្នើសុំ​ឱ្យ​ម្ចាស់​គម្រោង​វិនិយោគ​នេះ​ គោរពច្បាប់​ជាធរមាន​ ជាពិសេស​គោរព​តាម​អនុក្រឹត្យ​ស្តី​ពី​ការបង្កើត​ និង​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​ និង​រៀបចំផែនការ​ក្នុង​តំបន់​ឱ្យ​បាន​ច្បាស់លាស់​ ដោយ​កំណត់​ប្រភេទ​គម្រោង​ឱ្យ​បាន​ច្បាស់លាស់​ ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ និង​កាត់បន្ថយ​ហានិភ័យ​។

៣-ក្រុម​ហ៊ុន​មា្ចស់​គម្រោង​ ត្រូវ​ធ្វើ​អាង​ប្រព្រឹត្ត​កម្ម​បែប​ជីវៈ​សាស្រ្ត​ និង​អាង​ប្រព្រឹត្ត​កម្ម​បែប​គីមី​សាស្រ្ត​។

៤-ក្រុមហ៊ុន​ម្ចាស់​គម្រោង​ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ម្ចាស់​រោងចក្រ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ ស្នើសុំ​ឱ្យធ្វើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ជំរុញ​ឱ្យ​រោងចក្រ​នី​មួយ​ៗត្រូវ​មាន​អាង​ប្រព្រឹត្ត​កម្ម​សំណល់រាវ​បឋម​របស់​ខ្លួន​មុន​បង្ហូរ​ចូល​អាង​ប្រព្រឹត្ត​កម្ម​សំណល់រាវ​រួម​របស់​តំបន់​។

៥-ក្រុមហ៊ុន​ម្ចាស់​គម្រោង​ ត្រូវ​ញែក​ប្រព័ន្ធ​លូ​ទឹក​កខ្វក់​ និង​លូ​ទឹកភ្លៀង​ឱ្យ​ដាច់ដោយឡែក​ពីគ្នា​។ ម្ចាស់​គម្រោង​ត្រូវ​មាន​កន្លែង​សម្រាប់​សំរាក​របស់​កម្មករ​ និង​រោង​បាយ​ ស្របតាម​ច្បាប់​ស្តី​ពី​ការងារ​។ លើស​ពីនេះ​ ម្ចាស់​គម្រោង​ត្រូវ​មាន​ផែនការ​គ្រប់គ្រង​សំណល់រឹង​ សំណល់​គ្រោះថ្នាក់​ និង​សំណល់​ថង់​ប្លាស្ទិក​ឱ្យ​បាន​ត្រឹមត្រូវ​ ព្រមទាំង​សហការ​ជាមួយ​អ្នក​ដឹកជញ្ជូន​ឱ្យ​បាន​ច្បាស់លាស់​។ លើស​ពីនេះ​ ម្ចាស់​គម្រោង​អាច​រៀបចំ​ទីលាន​ចាក់សំរាម​ និង​បង្កើត​ឡដុត​សំរាម​របស់​ខ្លួនឯង​ផ្ទាល់​តែម្តង​។ ក្នុង​នេះ​ដែរ​ ម្ចាស់​គម្រោង​ត្រូវ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​អជ្ញា​ធរ​មូលដ្ឋាន​ ដើម្បី​លើ​ប៉ាន់​ណូ​អប់រំ​បរិស្ថាន​ ពាក់ព័ន្ធ​អំពី​ការ​វេច​ខ្ចប់​ ការគ្រប់គ្រង​សំណល់​ថង់​ប្លាស្ទិក​ ធ្វើ​យ៉ាងណា​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​ ចុះ​ណែនាំ​អប់រំ​អំពី​ផល​ប៉ះពាល់​សំណល់​ថង​ប្លាស្ទិក​នេះ​។

៦-ម្ចាស់​គម្រោង​ ត្រូវ​រៀបចំ​ឱ្យ​មាន​ចំណត​សម្រាប់​រថយន្ត​ដឹក​កម្មករ​នៅ​ខាងក្នុង​តំបន់​ ផ្ទៃ​បៃតង​ និង​ទីតាំង​លក់ដូរ​ក្នុង​តំបន់​។

៧-ម្ចាស់​កម្រោ​ង ត្រូវ​មាន​ផែនការ​ប្រើប្រាស់​ដី​ឱ្យ​បាន​ច្បាស់លាស់​ យោង​តាម​អនុក្រឹត្យ​ស្តី​ពី​ការបង្កើត​ និង​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​។

៨-ម្ចាស់​គម្រោង​ ត្រូវ​សហការ​ជាមួយ​ក្រសួងធនធានទឹក​ និងឧតុនិយម​ និង​អជ្ញា​ធរ​ដែនដី​ ក្នុង​ការរៀបចំ​កន្លែង​រំដោះ​ទឹក​យូរអង្វែង​ ដោយឡែក​ដាច់​រវាង​ទឹកភ្លៀង​ និង​ទឹ​កលូរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here