ដោយ វុត្ថា
ភ្នំពេញ៖ ការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាមបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ប្រទេសនេះបានទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ជាង ១៣,១ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៨ ខែមកនេះ ពោលគឺធ្លាក់ចុះ ៣១,២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ិនហ័រ នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៩ នេះថា ជាក់ស្តែងប្រទេសវៀតណាមបានអនុម័តគម្រោងវិនិយោគផ្ទាល់ពីបរទេសថ្មីចំនួន ២,៤០៦ ដែលមានដើមទុនចុះបញ្ជីសរុបមានចំនួនជាង ៩,១ ពាន់លានដុល្លារអាមេរិក ពោលគឺធ្លាក់ចុះ ៣២,៣ ភាគរយក្នុងដើមទុន និងគម្រោងវិនិយោគផ្ទាល់ពីប្រតិបត្តិការចំនួន ៩០៨ បានបង្កើនដើមទុនរបស់ខ្លួនជិត ៤ ពាន់លានដុល្លារអាមេរិកធ្លាក់ចុះ ២៨,៦ ភាគរយ។
-->
យោងតាមការិយាល័យបានឱ្យដឹងបន្តថា ទឹកប្រាក់ជាង ១០,៣ ពាន់លានដុល្លារអាមេរិក ឬ ៧៨,៩ ភាគរយ នៃការវិនិយោគផ្ទាល់ពីបរទេសសរុប ត្រូវបានបញ្ចូលទៅក្នុងវិស័យកែច្នៃ និងផលិតកម្ម ខណៈទឹកប្រាក់ចំនួន ៧២៩ លានដុល្លារអាមេរិកឬ ៥,៦ ភាគរយនៃចំនួនសរុបបានចូលមកក្នុងវិស័យអចលនទ្រព្យ។
នៅចន្លោះខែមករា និងសីហា ប្រទេសចិនគឺជាប្រភពវិនិយោគទុនបរទេសថ្មីដ៏ធំបំផុតរបស់វៀតណាមដែលមានចំនួនជិត ១,៩ ពាន់លានដុល្លារអាមេរិក បន្ទាប់មកគឺប្រទេសកូរ៉េខាងត្បូងដែលមានទឹកប្រាក់ចំនួន ១,៧ ពាន់លានដុល្លារអាមេរិកនិងប្រទេសជប៉ុនដែលមានចំនួន ១,២ ពាន់លានដុល្លារអាមេរិក។
ក្នុងរយៈពេលដូចគ្នានេះដែរវិនិយោគិនបរទេសក៏បានចំណាយប្រាក់ជាង ៩.៥ ពាន់លានដុល្លារអាមេរិកក្នុងការទិញភាគហ៊ុន ឬចូលរួមវិភាគទានដើមទុនដល់ក្រុមហ៊ុនវៀតណាមកើនឡើង ៨០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕