ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចូលក្នុង​ប្រទេស​វៀតណាម​កំពុង​ដាំ​ក្បាល​ចុះ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ការិយាល័យ​ស្ថិតិ​ទូទៅ​របស់​ប្រទេស​វៀតណាម​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ថា​ ប្រទេស​នេះ​បាន​ទាក់ទាញ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ (FDI​) ជាង​ ១៣,១ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុងរយៈពេល​ ៨ ខែ​មកនេះ​ ពោល​គឺ​ធ្លាក់ចុះ​ ៣១,២ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌​មាន​ស៊ិន​ហ័រ​ នៅ​ថ្ងៃទី​ ៣០​ ខែសីហា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ជាក់ស្តែង​ប្រទេស​វៀតណាម​បាន​អនុម័ត​គម្រោង​វិនិយោគ​ផ្ទាល់​ពី​បរទេស​ថ្មី​ចំនួន​ ២,៤០៦​ ដែល​មាន​ដើមទុន​ចុះបញ្ជី​សរុប​មាន​ចំនួន​ជាង​ ៩,១​ ពាន់​លាន​ដុល្លារ​អាមេរិក​ ពោល​គឺ​ធ្លាក់ចុះ​ ៣២,៣​ ភាគរយ​ក្នុង​ដើមទុន​ និង​គម្រោង​វិនិយោគ​ផ្ទាល់​ពី​ប្រតិបត្តិ​ការ​ចំនួន​ ៩០៨​ បាន​បង្កើន​ដើមទុន​របស់​ខ្លួន​ជិត​ ៤ ពាន់​លាន​ដុល្លារ​អាមេរិក​ធ្លាក់ចុះ​ ២៨,៦​ ភាគរយ​។

យោង​តាម​ការិយាល័យ​បានឱ្យ​ដឹង​បន្ត​ថា​ ទឹកប្រាក់​ជាង​ ១០,៣​ ពាន់​លាន​ដុល្លារ​អាមេរិក​ ឬ ៧៨,៩​ ភាគរយ​ នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សរុប​ ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​វិស័យ​កែច្នៃ​ និង​ផលិតកម្ម​ ខណៈ​ទឹកប្រាក់​ចំនួន​ ៧២៩​ លាន​ដុល្លារ​អាមេរិក​ឬ ៥,៦​ ភាគរយ​នៃ​ចំនួន​សរុប​បាន​ចូល​មក​ក្នុង​វិស័យ​អចលនទ្រព្យ​។

នៅចន្លោះ​ខែមករា​ និង​សីហា​ ប្រទេស​ចិន​គឺជា​ប្រភព​វិនិយោគទុន​បរទេស​ថ្មី​ដ៏​ធំ​បំផុត​របស់​វៀតណាម​ដែល​មាន​ចំនួន​ជិត​ ១,៩​ ពាន់​លាន​ដុល្លារ​អាមេរិក​ បន្ទាប់មក​គឺ​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​មាន​ទឹកប្រាក់​ចំនួន​ ១,៧​ ពាន់​លាន​ដុល្លារ​អាមេរិក​និង​ប្រទេស​ជប៉ុន​ដែល​មាន​ចំនួន​ ១,២​ ពាន់​លាន​ដុល្លារ​អាមេរិក​។

ក្នុងរយៈពេល​ដូចគ្នា​នេះ​ដែរ​វិនិយោគិន​បរទេស​ក៏បាន​ចំណាយ​ប្រាក់​ជាង​ ៩.៥​ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ការទិញ​ភាគហ៊ុន​ ឬចូលរួម​វិភាគទាន​ដើមទុន​ដល់​ក្រុមហ៊ុន​វៀតណាម​កើនឡើង​ ៨០​ ភាគរយ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here