ដោយ ប៊ី
ភ្នំពេញៈ កម្ពុជាគ្រោងនឹងចំណាយ ១៤,៤៨៧លានដុល្លារ លើកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំ រំកិលចន្លោះឆ្នាំ២០២០-២០២២ ដើម្បីឲ្យបានស្របតាមស្ថានភាពជាក់ស្តែងនៃការប្រែប្រួលថ្លៃទំនិញ និងអតិផរណាហើយក៏ផ្អែកលើបរិមាណហិរញ្ញប្បទានសហប្រតិបត្តិការដែលដៃគូអភិវឌ្ឍធ្លាប់បានសន្យា។
គម្រោងចំណាយនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តចាប់ផ្តើមពិភាក្សាលើសេចក្តីព្រាង “កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២០-២០២២។ នេះបើយោងតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរលើបណ្តាញសង្គម Facebook នៅថ្ងៃនេះ។
-->
លោកផៃ ស៊ីផានបានលើកឡើង ជាសរុបបរិមាណទុនតាមឆ្នាំរបស់កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២០-២០២២ រួមមាន៖ ឆ្នាំ២០២០ ចំនួន៤៥៥៦លានដុល្លារអាមេរិក ឆ្នាំ២០២១ ចំនួន៥១០៤ ដុល្លារអាមេរិក និងឆ្នាំ២០២២ ចំនួន៤៨២៧ លានដុល្លារអាមេរិក។
លោក បានបន្តថា បរិមាណទុនសរុប១៤,៤៨៧ លានដុល្លារអាមេរិកនៃកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២០-២០២២ រួមបញ្ចូលនូវបរិមាទុនដែលបានសន្យាផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍរួចហើយ មានចំនួន៨៥៩៧ លានដុល្លារអាមេរិក (ក្នុងនោះពីរាជរដ្ឋាភិបាលកម្ពុជា ចំនួន ៥២៩,៨ លានដុល្លារអាមេរិក និងពីដៃគូអភិវឌ្ឍន៍ចំនួន៨០៦៧,៥លានដុល្លារអាមេរិក) ដោយត្រូវការទុនបន្ថែមចំនួន៥ ៨៨៩.៧លានដុលា្លរអាមេរិក។
នៅក្នុងដំណើរការនៃការនៃការរៀបចំ កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២០-២០២២ ក្រសួងផែនការ បានអនុវត្តទៅតាមជំហាននីមួយៗដូចធ្លាប់បានអនុវត្តកន្លងមកហើយ ជាពិសេសឆ្នាំនេះក្រសួងផែនការ បានបង្កលក្ខណៈកាន់តែងាយស្រួលជូនដល់ក្រសួង ស្ថាប័នក្នុងការបំពេញ ឬស្នើសុំគម្រោងតាមប្រព័ន្ធអនឡាញ ហើយសេចក្តីព្រាងនានេះត្រូវបានពិនិត្យពិភាក្សា និងកែសម្រួលតាមរយៈកិច្ចប្រជុំតាមស្ថាប័ន និងក្រសួងពាក់ព័ន្ឋ៕