ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ទាំងវិស័យការទូតផ្នែកនយោបាយ និងវិស័យពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា – ចិន កាន់តែមានភាពស្និទ្ធស្នាល និងស៊ីជម្រៅយ៉ាងខ្លាំង ជាក់ស្ដែងបន្ថែមពីលើក្រុមហ៊ុនចិនរាប់រយដែលកំពុងវិនិយោគនៅកម្ពុជាស្រាប់ ពេលនេះមានក្រុមហ៊ុនថ្មីៗចំនួន ១៣០ផ្សេងទៀតមកពីខេត្តក្វាងទុង បានមកធ្វើការសិក្សា និងស្វែករកឱកាសចូលមកបណ្តាក់វិនិយោគនៅកម្ពុជា។
តាមរយៈវេទិកាធុរកិច្ច កម្ពុជា -ចិន ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះ នៅសណ្ឋាគារ សុខាភ្នំពេញ គណៈប្រតិភូអ្នកវិនិយោគចិនជាង១០០នាក់ តំណាងឱ្យក្រុមហ៊ុនចំនួន១៣០ មកពីខេត្តក្វាងទុង ប្រទេសចិន បានបង្ហាញពីចេតនាចូលមកស្វែងរកក្រុមហ៊ុនក្នុងស្រុកធ្វើជាដៃគូវិនិយោគរួម។
-->
រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម លោក សំ សិរីរតន៍ បានលើកឡើងនៅក្នុងពិធីជំនួបខាងលើនេះថា «គេថាស្តាប់ឮ ១០០ដង មិនស្មើនឹងបានឃើញ ១ដងឡើយ! » កម្ពុជា គឺជាកូនក្រមុំស្រស់ជាងគេនៅក្នុងតំបន់ មានសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ចមានការកើនឡើង ក្របខណ្ឌច្បាប់ល្អ និងស្ថាប័នប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
នៅក្នុងឱកាសនេះ លោក សំ សិរីរតន៍ បានប្រកាសស្វាគមន៍ និងបានអំពាវនាវឱ្យធុរជន និងវិនិយោគិនចិន នៃខេត្តក្វាងទុង ចូលមកបណ្តាក់ទុនថែមទៀតនៅកម្ពុជា ដើម្បីធ្វើពិពិធកម្មឱកាសការងារជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចជាតិ ជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បន្ថែមពីនេះ លោកក៏បានពន្យល់ពីលក្ខណៈពិសេស នៃគោលនយោបាយវិនិយោគរបស់កម្ពុជា ការលើកទឹកចិត្តផ្សេងៗរបស់រាជដ្ឋាភិបាលចំពោះវិនិយោគិនបរទេស ព្រមទាំងសភាពការវិវត្តន៍ថ្មីៗ ជាពិសេសការដាក់ចេញនូវកំណែទម្រង់ និងវិធានការមុតស្រួចរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយបរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា “កម្ពុជា គឺជាប្រទេសបើកចំហរ សម្បូរទៅដោយកម្លាំងពលកម្មវ័យក្មេង និងមានការគាំពារវិនិយោគប្រសើរបំផុត! អ្នកវិនិយោគនឹងទទួលបានប្រាក់ចំណេញខ្ពស់ ជាពិសេសលើផ្នែកកសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា និងសុខាភិបាល ព្រោះវិស័យទាំងអស់នេះ គឺជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល” ។
វេទិកាធុរកិច្ចកម្ពុជា-ចិន ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគ និងកាលានុវត្តភាពធុរកិច្ច នៅក្នុងប្រទេសកម្ពុជា ដល់តំណាងក្រុមហ៊ុនចំនួន ១៣០ ដែលអញ្ជើញមកពីខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន។
តាមរយៈវេទិកាដ៏សំខាន់នេះ គេរំពឹងថានឹងជួយជំរុញទំហំពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន កើនឡើងថែមទៀត ខណៈដែលការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានទឹកប្រាក់ ៦,៤៥៧លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៨ គឺបានកើនឡើងជាង ១៥% បើធៀបនឹងឆ្នាំ២០១៧៕