ក្រុមហ៊ុន​ចិន​ចំនួន​ ១៣០​ មក​ស្វែ​ករ​កឱកាស​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

0

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ ទាំង​វិស័យ​ការទូត​ផ្នែក​នយោបាយ​ និង​វិស័យ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ – ចិន​ កាន់តែ​មាន​ភាព​ស្និទ្ធស្នាល​ និង​ស៊ីជម្រៅ​យ៉ាង​ខ្លាំង​ ជាក់ស្ដែង​បន្ថែម​ពីលើ​ក្រុមហ៊ុន​ចិន​រាប់​រយ​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា​ស្រាប់​ ពេលនេះ​មាន​ក្រុម​ហ៊ុន​ថ្មី​ៗចំនួន ១៣០ផ្សេងទៀត​មក​ពី​ខេត្ត​ក្វាងទុង​ បាន​មក​ធ្វើការ​សិក្សា​ និង​ស្វែ​ករ​កឱកាស​ចូល​មក​បណ្តាក់​វិនិយោគ​នៅ​កម្ពុជា​។

តាមរយៈ​វេទិកា​ធុរកិច្ច​ កម្ពុជា​ -ចិន​ ដែល​ត្រូវ​បាន​រៀបចំឡើង​កាលពី​ថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ នៅ​សណ្ឋាគារ​ សុខា​ភ្នំពេញ​ គណៈប្រតិភូ​អ្នក​វិនិយោគ​ចិន​ជាង១០០នាក់​ តំណាង​ឱ្យ​ក្រុមហ៊ុន​ចំនួន១៣០​ មក​ពី​ខេត្ត​ក្វាងទុង​ ប្រទេស​ចិន​ បាន​បង្ហាញ​ពី​ចេតនា​ចូល​មក​ស្វែងរក​ក្រុមហ៊ុន​ក្នុង​ស្រុក​ធ្វើជា​ដៃគូ​វិនិយោគ​រួម​។

រដ្ឋ​លេខាធិ​កា​ក្រសួង​ពាណិជ្ជកម្ម​ លោក​ សំ​ សិរី​រត​ន៍​ បាន​លើកឡើង​នៅក្នុង​ពិធី​ជំនួប​ខាងលើ​នេះ​ថា​ «គេ​ថា​ស្តាប់​ឮ ១០០ដង​ មិន​ស្មើនឹង​បានឃើញ​ ១ដង​ឡើយ​! » កម្ពុជា​ គឺជា​កូនក្រមុំ​ស្រស់​ជាងគេ​នៅក្នុង​តំបន់​ មាន​សន្តិភាព​ សន្តិសុខ​ ស្ថិរភាព​នយោបាយ​ ម៉ាក្រូ​សេដ្ឋកិច្ច​មានការ​កើនឡើង​ ក្របខណ្ឌ​ច្បាប់​ល្អ​ និង​ស្ថាប័ន​ប្រកបដោយ​ប្រសិទ្ធភាព​ តម្លាភាព​ និង​គណនេយ្យ​ភាព​។

នៅក្នុង​ឱកាស​នេះ​ លោក​ សំ​ សិរី​រត​ន៍​ បាន​ប្រកាស​ស្វាគមន៍​ និង​បាន​អំពាវនាវ​ឱ្យ​ធុរជន​ និង​វិនិយោគិន​ចិន​ នៃ​ខេត្ត​ក្វាងទុង​ ចូល​មក​បណ្តាក់​ទុន​ថែមទៀត​នៅ​កម្ពុជា​ ដើម្បី​ធ្វើ​ពិពិធ​កម្ម​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​ និង​ចូលរួម​អភិវឌ្ឍន៍​កំណើន​សេដ្ឋកិច្ច​ជាតិ​ ជាមួយ​រាជរដ្ឋាភិបាល​ ដឹកនាំ​ដោយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។

បន្ថែម​ពីនេះ​ លោក​ក៏បាន​ពន្យល់​ពី​លក្ខណៈ​ពិសេស​ នៃ​គោលនយោបាយ​វិនិយោគ​របស់​កម្ពុជា​ ការ​លើក​ទឹក​ចិ​ត្ត​ផ្សេង​ៗរបស់​រា​ជដ្ឋា​ភិបាល​ចំពោះ​វិនិយោគិន​បរទេស​ ព្រមទាំង​សភាព​ការ​វិវត្ត​ន៍​ថ្មី​ៗ ជាពិសេស​ការ​ដាក់ចេញ​នូវ​កំណែទម្រង់​ និង​វិធានការ​មុត​ស្រួច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ដើម្បី​លើកស្ទួយ​បរិយាកាស​វិនិយោគ​ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បាន​បញ្ជាក់​ថា​ “កម្ពុជា​ គឺជា​ប្រទេស​បើក​ចំហរ​ សម្បូរទៅដោយ​កម្លាំង​ពលកម្ម​វ័យក្មេង​ និង​មានការ​គាំពារ​វិនិយោគ​ប្រសើរ​បំផុត​! អ្នក​វិនិយោគ​នឹង​ទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់​ ជាពិសេស​លើ​ផ្នែក​កសិកម្ម​ ឧស្សាហកម្ម​ បច្ចេកវិទ្យា​ និង​សុខាភិបាល​ ព្រោះ​វិស័យ​ទាំងអស់​នេះ​ គឺជា​កិច្ចការ​អាទិភាព​របស់​រាជរដ្ឋាភិបាល​” ។

វេទិកា​ធុរកិច្ច​កម្ពុជា​-ចិន​ ត្រូវ​បាន​រៀបចំឡើង​ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំ​ពី​សក្តា​នុ​ពល​វិនិយោគ​ និង​កាលានុវត្ត​ភាព​ធុរកិច្ច​ នៅក្នុង​ប្រទេស​កម្ពុជា​ ដល់​តំណាង​ក្រុមហ៊ុន​ចំនួន​ ១៣០​ ដែល​អញ្ជើញ​មក​ពី​ខេត្ត​ក្វាងទុង​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

តាមរយៈ​វេទិកា​ដ៏​សំខាន់​នេះ​ គេ​រំពឹង​ថា​នឹង​ជួយ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ និង​វិនិយោគ​កម្ពុជា​-ចិន​ កើនឡើង​ថែមទៀត​ ខណៈ​ដែល​ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ សម្រេច​បាន​ទឹកប្រាក់​ ៦,៤៥៧លាន​ដុល្លារ​អាមេរិក​ កាលពី​ឆ្នាំ២០១៨​ គឺ​បាន​កើនឡើង​ជាង​ ១៥​% បើ​ធៀប​នឹង​ឆ្នាំ២០១៧​៕

LEAVE A REPLY

Please enter your comment!
Please enter your name here