ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ី បានប្រកាសពីការចំណាយប្រាក់ប្រមាណ៤០ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើទំនើបកម្មទីក្រុង Jakatar និងសង្គ្រោះទីក្រុងមួយនេះឱ្យមានវត្តមានសម្រាប់១០ ទៅ២០ឆ្នាំខាងមុខទៀត ខណៈទាន់មានទីក្រុងថ្មី។
រដ្ឋមន្រ្តីក្រសួងផែនការនៃប្រទេសឥណ្ឌូនេស៊ី លោក Bambang Brodjonegoro បានឱ្យដឹងកាលពីកន្លងមកនេះថា រដ្ឋាភិបាលឥណ្ឌូនេស៊ី មិនបោះបង់ចោលទីក្រុងហ្សាការតានោះទេ បើទោះបីបានប្រកាសពីផែនការរើទីក្រុង ទៅកាន់កន្លែងផ្សេងក៏ដោយ ព្រោះទីក្រុងហ្សាកាតា ជាមជ្ឈមណ្ឌលនៃអ្វីៗគ្រប់យ៉ាង នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ អ្វីដែលនឹងផ្លាស់ប្តូរចេញគឺរដ្ឋបាល ប៉ុន្តែមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មនឹងនៅដដែល។
-->
លោកបន្តថា រដ្ឋាភិបាលឥណ្ឌូណេស៊ី បច្ចុប្បន្ននឹងចំណាយថវិកាប្រមាណ៥៧១ ពាន់ពាន់លានរូពី ស្មើនឹង ៥៥.៥ពាន់លានដុល្លារ ក្នុងការបង្កើតទីក្រុងឡើងវិញនៅក្នុងរយៈពេល១០ឆ្នាំខាងមុខ ដែលច្រើនជាងការរំពឹងទុកថា នឹងចំណាយជាង៣៣ពាន់លានដុល្លារដើម្បីសាងសង់ទីក្រុងថ្មីនៅលើកោះ Borneo។
ទីក្រុងហ្សាការតា គឺជាទីក្រុងមួយក្នុងចំណោមទីក្រុង ដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក ដែលមានប្រជាជនរស់នៅជាង១០លាននាក់ និងមានចំនួន៣ ដង នៅពេលដែលរាប់អ្នកដែលរស់នៅក្នុងទីក្រុងជុំវិញ ដែលជាអត្រាកំណើនកើនឡើងលឿនបំផុតក្នុងពិភពលោក។
លោក Brodjonegoro បន្ថែមថា ការសម្រេចចិត្តផ្លាស់ប្តូរទីលំនៅត្រូវបានធ្វើឡើងពីព្រោះរដ្ឋាភិបាលដឹងថា កំហាប់ប្រជាជននៅហ្សាកាតាត្រូវតែកាត់បន្ថយ។ រដ្ឋាភិបាលរំពឹងថានឹងចាប់ផ្តើមផ្លាស់ ទៅទីក្រុងថ្មីនៅខេត្ត Kalimantan ខាងកើតនៅឆ្នាំ ២០២៤ ។
លោករដ្ឋមន្ត្រីបន្ថែមថា ទីក្រុងហ្សាការតា ត្រូវបានទឹកជនលិចជាច្រើនលើកច្រើនសារចាប់តាំងពីទទួលបានឯករាជ្យ ពីប្រទេសហូឡង់កាលពីឆ្នាំ១៩៤៥ ហើយបានធ្វើឲ្យខាតបង់ថវិការចំនួន ១០០ទ្រីលាន Rupias ដែលស្មើនឹង ៦.៨ពាន់លានដុល្លារអាមេរិកជារៀងរាលឆ្នាំ។
គំរោងផ្លាស់ប្តូរទីក្រុង Jakarta នេះ បន្ទាប់ពីលោក Widodo បានប្រកាសពីជ័យជំនះ លើការបោះឆ្នោតថ្នាក់ជាតិកាលពីដើមខែមុន តែលទ្ធផលផ្លូវការមិនទាន់ប្រកាសនៅឡើយទេ។
យោងតាមការស្ទង់មតិកាលពីឆ្នាំ ២០១៦ កន្លងមកនេះបានបង្ហាញថា ទីក្រុងហ្សាការតាជាកន្លែង ដែលមានការកកស្ទះចចរាចរណ៍ខ្លាំងបំផុតនៅក្នុងពិភពលោក៕