ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាតាមក្រសួងពាណិជ្ជកម្ម និងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងទាក់ទាញក្រុមហ៊ុនឯកជនពីប្រទេសជប៉ុនមកបណ្តាក់ទុននៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្តិបានមានប្រសាសន៍នៅក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នានាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៩នេះថា អនុស្សរណៈនេះ នឹងជួយពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការ ក្នុងវិស័យជំរុញពាណិជ្ជកម្មវិនិយោគនិងការអភិវឌ្ឍឧស្សាហកម្ម ក្នុងគោលបំណងបង្កើតនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងក្រសួងពាណិជ្ជកម្ម និង JETRO។
-->
លោករដ្ឋមន្ត្រីបន្តថា JETRO បានអនុវត្តនៅកម្ពុជា រួមមានការផ្គូផ្គងធុរកិច្ច ការសិក្សាវិភាគ ការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុក ការសម្របសម្រួលបញ្ហាជូនក្រុមហ៊ុនជប៉ុន ការបណ្ដុះបណ្ដាលមន្ត្រី និងវិស័យឯកជន និងការជួយដល់ក្រុមហ៊ុនកម្ពុជាចូលរួមក្នុងពិព័រណ៍ជប៉ុន។
លោកបន្តថា តាមរយៈការខិតខំប្រឹងប្រែងប្រមូលព័ត៌មានពិត ពីទីផ្សារកម្ពុជារបស់ JETRO បានផ្ដល់ទំនុកចិត្តដល់ក្រុមហ៊ុន Aeon មកវិនិយោគផ្សារទំនើបនៅកម្ពុជាជាបន្តបន្ទាប់ ហើយការបង្កើតផ្សារទំនើប Aeon នេះដែរ បានយកមកជាមួយនូវស្ដង់ដារល្អៗ ដូចជាស្ដង់ដារអនាម័យជាដើម មកប្រើប្រាស់ក្នុងទីផ្សារកម្ពុជា ដែលជាតម្លៃបន្ថែមមួយនៃការវិនិយោគនេះផងដែរ។
លោកស្រីបណ្ឌិត យូរី សាតូ នាយករងនៃអង្គការ JETRO បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ចំពោះធុរកិច្ចជប៉ុន។ លោកស្រី ក៏បានកត់សម្គាល់នូវកំណែទម្រង់មួយចំនួន ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និងអនុវត្តន៍ ក្នុងការសម្រួលដល់ការប្រកបធុរកិច្ច និងពាណិជ្ជកម្ម ដែលនេះជាសញ្ញាវិជ្ជមានដែលលោកស្រីនឹងពាំនាំទៅផ្សព្វផ្សាយ។
លោកស្រីថា JETRO មានការងារថ្មីមួយដែល JETRO នឹងអនុវត្ត គឺការជំរុញនវានុវត្តន៍ និងការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលថ្មីៗ (Innovation and Digital Technology Startup) ជាមួយនឹងការផ្គូផ្គងធុរកិច្ចក្នុងវិស័យនវានុវត្តន៍។

អនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះនាពេលនេះ ជាការធ្វើបច្ចុប្បន្នភាពលើអនុស្សរណៈដែលក្រសួងពាណិជ្ជកម្ម និងអង្គការJETRO បានចុះកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩។ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ បានរួមចំណែកដល់កំណើននៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនដែលក្នុងឆ្នាំ២០០៩ មានចំនួនតិចតួច ហើយក្នុងឆ្នាំ២០១៨ បានកើនឡើងដល់ចំនួនប្រមាណ ១,៦ ប៊ីលានដុល្លារសហរដ្ឋអាមេរិក៕